Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, September 9, 2019

ហេតុដូចម្ដេចបានជាប្រទេសអ៊ីស្លាមមានអង្ការចំណិតខែក្រហម ជំនួសកាកបាទក្រហម?

បើអ្នកធ្លាប់បានទៅប្រទេសអុីស្លាម ដូចជាឥណ្ឌូណេសុី
ឬ ម៉ាឡេសុី អ្នកប្រាកដជាអាចសង្កេតឃើញថា
នៅប្រទេសទាំងនេះ មានអង្គការអឌ្ឍចន្រ្ទក្រហម
តែពុំមាន អង្គការកាកបាទក្រហម ទេ ។

✔ តើហេតុដូចម្តេច បានជាយ៉ាងដូច្នេះ ?
-------------------------------------------
សញ្ញាកាកបាទក្រហម ជានិមិត្តរូបឈើឆ្កាងព្រះយេស៊ូ
ដូច្នេះ ជានិមិត្តសញ្ញានៃគ្រិស្តសាសនា ។
ប្រទេសអុីស្លាម ទាមទារដាក់រូបចំណិតខែ ដែលជា
និមិត្តរូប នៃអរិយធម៌អារ៉ាប់ជំនួសវិញក្នុងប្រទេសគេ ។

*** បុព្វហេតុពិត នៅមានវែងឆ្ងាយជាងនេះ . . . . .

******************
-----------------------------------------------
កំណើតនៃអង្គការ "កាកបាទក្រហម"
-----------------------------------------------

លោក ហង់រី ឌុយណង់ Henry Dunant
(1828-1910)
ជាពាណិជ្ជករ ដែលមានសញ្ជាតិ ស្វីស Swiss ។
នៅក្នុងឆ្នាំ ១៨៥៩ គាត់បានធ្វើដំណើរកាត់តាម
ទីក្រុង សុលហ្វេរីណូ (Solferino) ជាទីដែលមាន
សមរភូមិប្រយុទ្ធ ទើបតែបញ្ចប់ការកាប់សម្លាប់ រវាងគូបដិបក្សទាំងពីរខាង ... សូមបញ្ជាក់ថា សម័យនោះទើបតែមានកាំភ្លើង ប៉ុន្តែមិនមែនជាកំភ្លើងទំនើប ដូច
សម័យនេះទេ នៅចុងកាំភ្លើងមានដាកចំពុះទុង
(baillonnette) ។ ទាហានម្នាក់ៗ សុទ្ធតែមានកាំបិតស្នៀត ។ ការប្រយុទ្ធតតាំងនៃគូបដិបក្ស តែងតែ
ឈានដល់ដំណាក់ការណ៍ចុងក្រោយ ដែលទាហាន
ទាំងសងខាង ហក់ចូលចាក់គ្នា របៀបសង្គ្រាមសម័យ
ដាវលំពែង ដូច្នោះដែរ ។
លោក Henry Dunant គាត់បានសង្កេតឃើញទិដ្ឋភាព ដ៏សែនខ្លាចផ្សារ ដែលបន្សល់ទុកដោយវិវាទ
ក្នុងសមរភូមិ : ទាហានរបួសទាំងសងខាង ដង្ហោយ
ថ្ងូរយំ ឈឺចុកចាប់ដោយស្នាមរបួស ខ្លះធ្លាយពោះ
ខ្លះខ្វាក់ភ្នែក ស្រោចស្រប់ដោយឈាម កណ្ដាលគំនរ
សាកសព មិត្តនិងបច្ចាមិត្តរបស់ខ្លួន ដោយគ្មាននរណា
យកចិត្តទុកដាក់ ផ្តល់ជំនួយសង្គ្រោះអ្វីទាំងអស់ ។
........
លុះមកដល់ផ្ទះវិញ គាត់បានសរសេរសៀវភៅមួយមាន
ឈ្មោះថា " អនុស្សារីយ៍ នៅទីក្រុងសុលហ្វេរីណូ "
Le souvenir de Solférino
រៀបរាប់អំពីទិដ្ឋភាពដែលគាត់បានឃើញ ។ ជាមួយគ្នានេះ គាត់បានបង្ហាញបំណងល្អរបស់គាត់ ក្នុងការ
បង្កើត អង្គការមនុស្សធម៌ ដើម្បីផ្តល់ជំនួយសង្រ្គោះ
ដល់យោធារបួស ក្នុងភ្លើងសង្រ្គាម ។
គាត់បានផ្ញើរ សៀវភៅរបស់គាត់ ដល់គ្រប់ស្ថានទូត
និង ថ្នាក់ដឹកនាំជាតិសំខាន់ៗ ក្នុងលោក ។
គេគ្រប់គ្នា ក៏បានយល់អំពីសារៈប្រយោជន៍ សំរាប់
មនុស្សជាតិ នៃ "អង្គការកាកបាទក្រហម" របស់គាត់ ។

✔ នៅថ្ងៃទី ២២សីហា ១៨៦៤ សន្និសិទ្ធអន្តរជាតិ
នៃក្រុងហ្សឺណែវ បានអនុម័ត ទទួលស្គាល់ជាផ្លូវការ
« អង្គការកាកបាទក្រហម ពិភពលោក »
របស់លោក ហង់រី ឌុយណង់ Henry Dunant

ប្រទេសនិមួយៗ ក្នុងលោកក៏ចាប់ផ្តើមបង្កើតអង្គការកាកបាទក្រហមរៀងៗ ខ្លួន តាមតម្រូវការ
នៃប្រទេសរបស់គេ ។
គ្រប់អង្គការកាកបាទក្រហមក្នុងលោក ត្រូវគោរព
បទបញ្ជារួម ដែលចេញអំពី :

« អង្គការកាកបាទក្រហម ពិភពលោក »
International Comity Red Cross
I.C.R.C

✔ លោក ហង់រី ឌុយណង់ Henry Dunant
ជាឥស្សរជនទីមួយ ដែលបានទទួល រង្វាន់ណូបែល ។
គឺជា រង្វាន់ណូបែលសំរាប់សន្តិភាព ក្នុងឆ្នាំ ១៩០១ ។

សព្វថ្ងៃ អង្គការកាកបាទក្រហម ពង្រីកដែនសកម្មភាព
នៃជំនួយមនុស្សធម៌ តាំងពីជំនួយសង្រ្គោះ ក្នុងភ្លើង
សង្គ្រាម ដល់ប្រជាជនសុីវិល និងយោធា ដោយមិន
ប្រកាន់បក្សពួក ឬ ជាតិសាសន៍ ព្រមទាំងជនរងគ្រោះ
ដោយគ្រោះធម្មជាតិ មានទឹកជំនន់ រញ្ជួយផែនដី ផល
ប៉ះពាល់ដោយការរាំងស្ងួត អគ្គីភ័យ ឬ ការអត់ឃ្លាន
និង ភាពក្រីក្រជាដើម ។
-----------------------------------------------
អំពីនិមិត្តសញ្ញានៃ "កាកបាទក្រហម"
-----------------------------------------------

លោក ហង់រី ឌុយណង់ Henry Dunant បានផ្តល់
កិត្តិយសដល់ប្រទេសគាត់ ដោយយកទង់ជាតិ
ប្រទេសស្វីស ធ្វើជានិមិត្តសញ្ញា នៃអង្គការមនុស្សធម៌
របស់គាត់ ហើយដាក់ឈ្មោះថា :
« អង្គការកាកបាទក្រហម » Red Cross

កាលពីដំបូង ប្រទេសនានាក្នុងលោក បានទទួលយក
និមិត្តសញ្ញានេះ ជាធម្មតា ។ លុះមកដល់ឆ្នាំ ១៨៧៦
ប្រទេសទួរគី បានទាមទារប្រើ ចំណិតខែក្រហម ជំនួស
កាកបាទក្រហម ជាលើកដំបូងបំផុត ។ ប្រទេសទួរគី
ជាប្រទេសអុីស្លាម ... ឃើញដូច្នេះ ប្រទេសអុីស្លាម
ឯទៀតៗក៏ផ្តួចផ្តើម មានគំនិតធ្វើដូចគ្នា ។

មាននិមិត្តសញ្ញាមួយទៀត ដែលយើង
លើកយកមកនិយាយ :
« ចតុកោណក្រហម : Red Cristal »
ប្រទេសអុីស្រាអែល ដែលជាប្រទេសកាន់សាសនា
យូដា ដូច្នេះមិនមែនអុីស្លាម និងមិនមែនគ្រិស្តសាសនា
បានទាមទារ ដាក់រូបផ្កាយប្រាំមួយជ្រុងដែលជា
និមិត្តរូប នៃអរិយធម៌របស់ជាតិគេ ។
ឃើញដូច្នេះប្រទេសហុឡង់ដ៍ បានស្នើរឲ្យមានឯកភាព
ក្នុងការដាក់និមិត្តសញ្ញាតែមួយ ដោយមិនទាក់ទងនឹង
អរិយធម៌ណាទាំងអស់ :

« ចតុកោណក្រហម : Red Cristal »

និមិត្តសញ្ញានេះ ត្រូវបានអនុមត្តិឲ្យប្រើជាផ្លូវការ
ចាប់ពី ឆ្នាំ២០០៥ ។
រហូតមកដល់សព្វថ្ងៃ " ចតុកោណក្រហម " មិនបានជំនួស និមិត្តសញ្ញាផ្សេងៗទៀតទេ ។
ប្រទេសដែលប្រើ កាកបាទក្រហម និង ប្រទេសដែល
ប្រើ ចំណិតខែក្រហម នៅតែបន្តប្រើនិមិត្តសញ្ញា ដែល
គេធ្លាប់ប្រើ ។ ប៉ុន្តែ ចតុកោណក្រហម ជានិមិត្តសញ្ញា
សំរាប់បំពេញការខ្វះខាត ឧទាហរណ៍ : ថ្ងៃណាមួយ
មានប្រទេសណាដែល មិនចង់ប្រើ កាកបាទក្រហម ឬ
ចំណិតខែក្រហម តោងតែប្រើជាចាំបាច់ :
« ចតុកោណក្រហម : Red Cristal »

សព្វថ្ងៃនិមិត្តសញ្ញា ជាផ្លូវការមានបី :
កាកបាទក្រហម Red Cross
អឌ្ឍចន្រ្ទក្រហម Red Crescent
ចតុកោណក្រហម Red Cristal

* ខាងលើនេះជាបទបញ្ជា កាកបាទក្រហមពិភពលោក

* ប្រទេសអុីស្រាអែល ចាំបាច់ដាក់រូបផ្កាយរបស់ខ្លួន
នៅក្នុងចតុកោណក្រហម ។

* នៅមុនឆ្នាំ ១៩៥០ សញ្ញាកាកបាទក្រហម ត្រូវបាន
ប្រើប្រាស់ សំរាប់ឱសថដ្ឋាន ( ថ្នាំពេទ្យ )
លុះបន្ទាប់មកប្រទេសបារាំង បានស្នើរសុំ
ដាក់ កាកបាទបៃតង សំរាប់ថ្នាំពេទ្យវិញ ។

----------------------------------------------
សង្គ្រាម បូពា៌-បស្ចិមលោក
ឬ សង្គ្រាមកាកបាទ (Crusade)
----------------------------------------------

ប្រទេសអុីស្លាម ដែលមិនយល់ព្រមទទួល និមិត្តសញ្ញា
កាកបាទក្រហម ដែលតំណាងឲ្យគ្រិស្តសាសនា មកពី
មាន សំណៅប្រវត្តិសាស្រ្ត មិនល្អ រវាងប្រទេសអុឺរ៉ុប និង ប្រទេសអារ៉ាប់ ដែលម្ខាងកាន់គ្រិស្តសាសនា និង
ម្ខាងទៀត កាន់អុីស្លាមសាសនា ។

ទីក្រុងហ្សេរុយសាឡឹម (Jerusalem) គឺជា
បូជនីយដ្ឋាន ដ៏សំខាន់សំរាប់សាសនាទាំងបី :
យូដា គ្រិស្ត និង អុីស្លាម ។

ប្រទេសទួរគី បានក្លាយជាប្រទេសអុីស្លាម ដែលមាន
ឥទ្ធិពលខ្លាំងជាង ប្រទេសអុីស្លាមណាៗទាំងអស់ ។
នៅក្នុងឆ្នាំ ១០៧៦ ប្រទេសទួរគីបានដណ្តើមទីក្រុង
ហ្សេរុយសាឡឹម ហើយហាមឃាត់មិនឲ្យអ្នកកាន់
គ្រិស្តសាសនា ទៅធ្វើបូជនីយកិច្ចនៅ Jerusalem ។
ការបាត់បង់ បូជនីយដ្ឋានដ៏សំខាន់នេះ បានធ្វើឲ្យមាន
ភាពរំជើបរំជួល មិនសប្បាយចិត្តអំពីបស្ចិមលោក គឺ
ប្រទេសអុឺរ៉ុបទាំងមូល ដែលជាអ្នកកាន់គ្រិស្តសាសនា ។
បស្ចិមលោក បានបបួលគ្នាលើកទ័ព ទៅដណ្តើមយក
ទីក្រុងហ្សេរុយសាឡឹម មកវិញ ។ ទាំងប្រុសស្រី ចាស់
ក្មេង អ្នកមានអ្នកក្រ ដែលសុទ្ធសឹងជាអ្នកមានភក្តីភាព
ចំពោះព្រះយេស៊ូគ្រិស្ត បានបរិច្ចាក ទាំងទ្រ័ព្យធន ទាំង
កម្លាំងកាយ ទាំងកម្លាំងចិត្ត ផ្ចុងផ្តើម ករកម្លាំងទ័ព ។
ជាងដំដែក ខិតខំដំដែកធ្វើអាវុធ ជាងឈើខិតខំ ធ្វើ
រទេះដឹកជញ្ជូន ស្រីៗ ខិតខំដេរខោអាវទាហាន មានប៉ាក់ឋានន្តរសក្តិ ដេរអង្រឹង និង ដេរក្រណាត់សម្រាប់
ធ្វើជំរក ។ ពួកអ្នកក្រីក្រ សប្បាយចិត្តព្រោះមានសេចក្តី
សន្យាអំពីព្រះ ថានឹងមានរង្វាន់អំពីថានសួគ៌ ។ ពួកគេ
ខំយកក្រណាត់ស កាត់ជារូបឈើឆ្កាង(កាកបាទ) លើអាវរបស់គេ ជានិមិត្តសញ្ញា នៃគ្រិស្តសាសនា ។
គេបានប្រសិទ្ធិនាម សង្គ្រាមនេះថា :
« សង្រ្គាមកាកបាទ : Crusade »

សង្រ្គាមកាកបាទ រវាងពួកអឺរ៉ុប និងពួកអារ៉ាប់ មាន
រហូតទៅដល់ប្រាំបីលើក ក្នុងរយៈពេលជិត២០០ឆ្នាំ ។
ប្រទេសបារាំង កាលណោះឈឺឆ្អាល និង លូកដៃចូល
ខ្លាំងជាងគេ បានទទួលការបាត់បង់ជីវិតច្រើនជាងគេ ។
បុព្វហេតុនៃសង្គ្រាមដែលប្រទេសអឺរ៉ុបយល់ថាត្រឹមត្រូវ
សំរាប់ប្រទេសអារ៉ាប់វិញ គេយល់ថាសង្រ្គាមនេះ ជា
សង្រ្គាមឈ្លានពានសុទ្ធសាធ ។
មានសេចក្តីដំណាលថា ទ័ពកាកបាទ ទៅដល់ទីណា
ហិនហោចដល់ទីនោះ នេះចាប់ផ្តើមតាំងពីនៅលើ
ទឹកដីអឺរ៉ុបឡើងទៅ ។ ទ័ពកាកបាទ ដែលជាទ័ព
សាសនា ឋិតនៅក្រោមការដឹកនាំ នៃអាចារ្យ និងសង្ឃ
កាតូលិក ។ សូម្បីតែ អាចារ្យ និងសង្ឃ ដែលជាអ្នក
ប្រតិបត្តិសាសនា ដើម្បីជាគំរូអ្នកដ៏ទៃ ក៏បានរួមចំណែក នឹងអំពើបាបកម្មកាប់សម្លាប់ លើប្រជាជន
ស្លូតត្រង់ដែរ ។ មានរហូតដល់ ចាប់ស្រ្តីភេទរំលោភ ឬ
ដុតអាំងមនុស្ស មានកូនង៉ាជាដើម សុីជាចំណីអាហារ
ទៀតផង ។ អំពើសាហាវយង់ឃ្នងទាំងនេះ មិនត្រឹម
តែប្រព្រិត្ត ទៅលើអ្នកកាន់សាសនាអុីស្លាមទេ រហូត
ដល់ ជនជាតិភាគតិច ( យើងត្រូវយល់ថា ក្នុងសម័យ
បុរាណ សម្បូណ៌ទៅដោយជនជាតិណាស់ ព្រោះជាសង្គមមនុស្ស ដែលមិនទាន់ទទួល អរិយធម៌ ) ។
...... ការកាប់សម្លាប់ បន្តរហូតដល់អ្នកកាន់សាសនា
គ្រិស្ត ដូចគ្នាទៀត ។ នៅទីក្រុងហ្សេរុយសាឡឹម មាន
ពួកនិកាយសាសនាគ្រិស្តមួយក្រុម ដែលគេហៅថា
Copte ពួកគាត់ដឹងអាថ៌កំបាងច្រើន អំពីអ្វីដែលជា
សំណល់វប្បធម៌អំពីព្រះយេស៊ូគ្រិស្ត ព្រោះគាត់ជាម្ចាស់
ស្រុក ។ ពួកគាត់ត្រូវពួកកាកបាទ ចាប់ជំរិតសួរចម្លើយ រួចហើយ ត្រូវគេសម្លាប់ចោលតែម្តង ។

✔ ដូច្នេះយើងអាចយល់បានថា ហេតុដូចម្តេចបានជា
ប្រទេសដែលកាន់សាសនាអុីស្លាម មិនព្រមទទួល
សញ្ញាកាកបាទ ដើម្បីតំណាងជានិមិត្តរូប នៃអង្គការ
មនុស្សធម៌ សំរាប់ប្រទេសគេ ។

**********************

សង្គ្រាមកាកបាទ ទាំងប្រាំបីលើក :

សង្គ្រាម ទី១ 1095 - 1100

សង្គ្រាម ទី២ 1147 - 1149

សង្គ្រាម ទី៣ 1189 - 1192

សង្គ្រាម ទី៤ 1202 - 1204

សង្រ្គាម ទី៥ 1217 - 1221

សង្គ្រាម ទី៦ 1228 - 1229

សង្គ្រាម ទី៧ 1248 - 1254

សង្គ្រាម ទី៨ 1268 - 1272

សង្រ្គាមកាកបាទ ទី៥ មានលក្ខណៈពិសេស គួរលើក
យកមកនិយាយ :
សង្គ្រាមនេះមានឈ្មោះថា " កាកបាទកូនក្មេង "
Children's Crusade
មានការឃោសនាផ្សព្វផ្សាយថា មានតែក្មេងៗទេ
ដែលមានបេះដូងបរិសុទ្ធ គ្មានក្តីសៅហ្មង នឹងអំពើបាប
ដូច្នេះដើម្បីរំដោះក្រុងហ្សេរុយសាឡឹមត្រូវប្រើកម្លាំង
ក្មេង ។ គេបានបញ្ចុះបញ្ចូល ឪពុកម្តាយដើម្បីសុំកូន
យកទៅច្បាំង ប្រមូលបានជាង៣មុឺននាក់ ។
ភាគច្រើនជាកូនអ្នកក្រីក្រ ខ្លះចេញទៅច្បាំងគ្មានស្បែក
ជើងពាក់ ។ តាមផ្លូវពួកគេស្លាប់ជាងពាក់កណ្តាល
ដោយអាកាសធាតុត្រជាក់ ដោយជម្ងឺ និងដោយការ
អត់ឃ្លាន ។ ពួកក្មេងៗដែលបានដឹកតាមសំពៅត្រូវបានចោរសមុទ្រប្លន់ យកទៅលក់ជាទាសករ នៅ
អេហ្សីុប និងនៅទុយណេសុី ។ ក្មេងខ្លះទៀត ក៏ត្រូវមេបញ្ជាការទ័ព យកទៅលក់ជាទាសករ ដូចជាពួក
សំពៅដែលត្រូវពួកចោរប្លន់ដែរ ។ នៅសល់តិចតួច
ណាស់ ដែលមានសំណាងបានវិលត្រឡប់ មកជួបឪពុកម្តាយវិញ ។

ដោយការពិតទៅ សង្រ្គាមកាកបាទ ទាំងប្រាំបីលើក
នេះ មិនបានរំដោះ ក្រុងហ្សេរុយសាឡឹម ពីពួកអ្នក
កាន់សាសនាអុីស្លាម ទេ ។

**************************

ពន្យល់ពាក្យ :

បស្ចិមលោក ដើមបូពា៌ ចុងបូព៌ា
West Middle East Far East
Occident Moyen Orient Extrême Orient

ពាក្យខាងលើនេះ មានអត្ថន័យប្រែប្រួល ទៅតាម
ពេលវេលា និង បរិយាបទនយោបាយ ។

✔សព្វថ្ងៃ "បស្ចិមលោក" សំដៅលើប្រទេសអឺរ៉ុបទាំងមូល ដោយមិនរាប់ប្រទេសរុស្សុី ប៉ុន្តែត្រូវថែម :
សហរដ្ឋអាម៉េរិក កាណាដា និង អូស្ត្រាលី

គឺសំដៅលើប្រទេស ទាំងឡាយណាដែលបានទទួល
អរិយធម៌ "ក្រិក-រ៉ូមុាំង" កាន់សាសនាជាពិសេស
កាតូលិក និង ប៉្រូតេស្តង់ ។
Catholic and Protestan

( ប្រទេសរុស្សុីកាន់សាសនា Orthodox )
Catholic Protestan Orthodox ជានិកាយ
ទាំងបីសំខាន់ជាងគេ ក្នុងគ្រិស្តសាសនា ។

ក្រោយសង្រ្គាមលោកលើកទី២ រហូតដល់ឆ្នាំ ១៩៨៥
ដែលប្លុកកុម្មុយនិស្ត បានដួលរលំ បស្ចិមលោក
ខាងលើ ត្រូវដកប្រទេសកុម្មុយនិស្តអឺរ៉ុប ទាំងអស់
ដូចជា អាឡឺម៉ង់ត៍ខាងកើត យូហ្គោស្លាវី រូម៉ានី ...

នៅសម័យកាលដែល ចក្រភពរ៉ូមុាំងត្រួតត្រា តំបន់
ជុំវិញសមុទ្រមេឌីទេរ៉ាណេ ( Mediterranean )
ពាក្យ បស្ចិមលោក និង បូព៌ាលោក មានការកំណត់
ភូមិសាស្ត្រ មួយផ្សេងទៀត ។

ដោយសារ "បស្ចិមលោក" មានឥទ្ធិពលនយោបាយ
សេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងទៀត ក្នុងពិភពលោក
ច្រើនជាង បូព៌ាលោក ដូច្នេះ យើងច្រើនឮពាក្យ
បស្ចិមលោក ជាងពាក្យ បូព៌ាលោក ។

✔ បូព៌ាលោក ដែលក្រោយមកហៅថា មធ្យមបូពា៌
សំដៅលើ ប្រទេសអារ៉ាប់ទាំងអស់មាន :
អារ៉ាប៊ីសាអ៊ូឌីដ អុីរ៉ាក់ សុីរី អេហ្សុីប កូវ៉ែត
... ៘ បូករួមទាំងប្រទេសអុីរ៉ង់ ដែលមិនមែនជា
ប្រទេសអារ៉ាប់ ។

✔ ចុងបូពា៌ សំដៅលើប្រទេស ចិន ជប៉ុន និង កូរ៉េ
ដែលស្ថិតនៅចុងខាងកើត នៃទ្វីបអាសុី ។

✔ ព្រោះតែ ភូមិសាស្រ្តតម្រូវប្រើពាក្យ « បូពា៌ » ដើម្បីសំគាល់ចុងខាងកើតនៃទ្វីបអាសុី ពាក្យ « បូព៌ាលោក »
ត្រូវបំបែកជាពីរ : មជ្ឈឹមបូពា៌ ឬ ដើមបូព៌ា និង ចុងបូពា៌
។។។
**************************
👉បញ្ជាក់ blogspot យើងខ្ញុំយកមកផ្សព្វផ្សាយបន្តដោយមានការអនុញ្ញាតិពីម្ចាស់ដើម។
@រក្សាសិទ្ធិដោយ Saveth Chea (facebook)
ប្រភពដើមចុចទីនេះ

No comments: