Saturday, October 12, 2019
កំណាព្យ«ប្រុសៗឥឡូវ» និពន្ធដោយកវី លឹម ផាន់ណា
១. ប្រុសៗឥឡូវមិនសូវថែរាង
ឧស្សាហ៍ជប់លៀងទៀងណាស់រឿងផឹក
ល្ងាចឡើងចូលហាង ស្វាងតែពេលព្រឹក
សើចឡើងកក្អឹកនឹកតែសុរា។
២. កាលមុនរាងស្អាតមិនឆ្លាតប្រឹងថែ
ពេលបានប្រាក់ខែក្បែរតែដបស្រា
ផឹកឡើងដុះពោះហួសនឹងវាចា
រាងធ្លាប់សង្ហាទៅណាបាត់ហើយ។
៣. ល្ងាចឡើងទំនេរគេមិនហាត់ប្រាណ
សេចក្តីសុខសាន្តគឺបានកៀកកើយ
នាងអូនផ្អែមល្ហែមគ្រឿងក្លែមឆ្លងឆ្លើយ
ជល់មិនកន្តើយបានស្បើយអារម្មណ៍។
៤. បើរឿងសីលទាន ដូចគ្មានវេលា
រឿងផឹកជុំគ្នា ជារឿងធំដុំ
ដបស្រារាប់ភ្លេច ភ្លេចលុយសន្សំ
ចាំមើលលែងហំ សម្ងំនៅពេទ្យ៕
ភ្នំពេញ ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩
និពន្ធដោយ លឹម ផាន់ណា
ប្រភពដើមចុចទីនេះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment