អ្វីទៅជាខ្មែរក្រហម?
១.ទស្សនៈលោក ក្រេក អ៊ិចឆេសាន់
ពេលខ្ញុំនិយាយ “ខ្មែរក្រហម” ខ្ញុំចង់និយាយអំពី “អង្គការ” បង្កើតឡើងដោយ ប៉ុល ពត
ហើយនិងជនទាំងឡាយដែលរួមចំណែកក្នុងអង្គការនោះ។ ឥឡូវ ប៉ុល ពត ស្លាប់បាត់ទៅហើយ
ហើយអង្គការរបស់ខ្លួនក៏ត្រូវធ្វើឲ្យរលំរលាយឬអាចនិយាយបានថា ដូចជាអ្នកដឹកនាំនយោបាយ
និងកូនទាហានដែលធ្លាប់ចូលរួមចំណែកនៅក្នុងអង្គការនោះ
ជាពិសេសចលនាបង្រួមបង្រួមជាតិប្រជាធិបតេយ្យរបស់ អៀង សារី
និងប្រជាជនដែលរស់នៅអន្លង់វែង និងអ្នកដែលគាំទ្រពួកទាំងអស់នោះ។
២.ទស្សនៈលោក ដេវីដ ឆេនដល័រ
ខ្ញុំព្យាយាមមិនប្រើពាក្យ
“ខ្មែរក្រហម” ព្រោះពាក្យនេះមានន័យទូលំទូលាយពេកហើយជាពាក្យឥតប្រយោជន៍។
ខ្ញុំចូលចិត្តប្រើពាក្យថា “កម្ពុជាប្រជាធិបតេយ្យ”
និងបក្សកុម្មុយនិស្តកម្ពុជា។
ខ្ញុំគិតថាសមាជិកភាពរបស់បក្សគឺជាចំណុចសំខាន់សម្រាប់បែងចែកន័យនៃពាក្យនេះឲ្យបានច្បាស់។
ពាក្យ “ខ្មែរក្រហម” ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយបញ្ហាផ្សេងៗទៀត។
៣.ទស្សនៈលោក ហូលីយ៉ូ ហៀលដ្រេស
ពាក្យថា
“ខ្មែរក្រហម” ជាពាក្យបង្កើតឡើងដោយ “សម្ដេចសីហនុ”។ នៅក្នុងសន្ទរកថាមួយគួរឲ្យជក់ចិត្តពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៦០
ព្រះអង្គបានហៅខ្មែរកុម្មុយនិស្តនិងក្រុមឆ្វេងនិយមថា ដែលជាពាក្យបារាំងប្រែមកថា “ខ្មែរក្រហម”។ នៅពេលជាមួយគ្នានោះដែរព្រះអង្គបានហៅពួកដែលគាំទ្ររដ្ឋាភិបាលសហរដ្ឋអាមេរិកថាជា
“ពួកខ្មែរខៀវ”។ ប៉ុន្តែគួរឲ្យសោកស្ដាយសារពត៌មានមួយ ពិសេសគឺសារពត៌មានអង់ក្លូសាក់សុងតែម្ដង
នៅតែប្រើពាក្យថា “ខ្មែរក្រហម”។
ពាក្យនេះមិនមែនជាពាក្យត្រឹមត្រូវជាក់លាក់ឡើយសម្រាប់ហៅចលនាបក្សកុម្មុយនិស្តកម្ពុជា
ហើយក៏មិនមែនជាពាក្យដែលសម្ដេចសីហនុ ប្រើនៅទសវត្សរ៍ឆ្នាំ៦០ដែរ។ ពេលដែលខ្ញុំស្ថិតនៅប្រទេសចិន
ខ្ញុំតែងតែមានបញ្ហាទាំងជាមួយជនជាតិចិនព្រមទាំងជាមួយពួកខ្មែរក្រហម នៅពេលដែលខ្ញុំប្រើពាក្យនេះ។
ពួកខ្មែរក្រហមស្អប់ពាក្យនេះណាស់ ហើយតែងតែហៅខ្លួនឯងថា “កម្ពុជាប្រជាធិបតេយ្យ”។
៤.ទស្សនៈលោក ឆាំង យុ
ពាក្យ “ខ្មែរក្រហម” បម្រើផលប្រយោជន៍ស្មើគ្នារវាងអ្វីដែល
“ស” និងអ្វីដែល “ខ្មៅ” នៅក្នុងប្រវត្តិសាស្រ្ត។
អាចថាវាមានពណ៌ប្រផេះ។ វាក៏ជាពាក្យដែលស្រពិចស្រពិលរវាងការពិតនិងការក្លែងបន្លំដែរ។
នៅក្នុងផ្លូវច្បាប់ពាក្យ “ខ្មែរក្រហម” មិនគួរត្រូវបានលើកយកមកប្រើប្រាស់ទេ
ព្រោះដោយសារវាពុំបានធ្វើការកំណត់ជាផ្លូវការ និងពីភាពជាក់លាក់របស់វា។ ពាក្រថា “របបកម្ពុជាប្រជាធិបតេយ្យ” ឬ “បក្សកុម្មុយនិស្តកម្ពុជា” ឬ “គណៈកម្មាធិការមជ្ឍិមបក្សនៃបក្សកុម្មុយនិស្តកម្ពុជា” គួរតែត្រូវបានយកមកប្រើប្រាស់ជំនួសឲ្យពាក្យ
“ខ្មែរក្រហម” នៅក្នុងផ្លូវច្បាប់និងការពិភាក្សាជាផ្លូវការនានា។
៥.ទស្សនៈលោក ស្ទីវ ហេដ័រ
ពាក្យថា “ខ្មែរក្រហម” គឺគ្មានន័យទាល់តែសោះ ហើយគួរតែជៀសវាងប្រើពាក្យនេះនៅពេលណាដែលអាចធ្វើទៅបាន
ហើយគួរតែត្រូវបានជំនួសដោយពាក្យអ្វីដែលច្បាស់ហើយចំៗជាងនេះ ឧទាហរណ៍ពាក្យថា “សមាជិកនៃបក្សកុម្មុយនិស្តកម្ពុជា” “យុទ្ធជន” “កម្មាភិបាល” បក្សនៃរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
ល ។ ពាក្យនេះត្រូវបានបង្កើតឡើងដោយសម្ដេច សីហនុ ដើម្បីហៅពួកឆ្វេងនិយមកម្ពុជា
(និយាយឲ្យចំគឺពួកកុម្មុបនិស្ត)
ដែលក្នុងគំនិតព្រះអង្គផ្ទាល់ក្រុមនេះមិនចុះញ៉មជាមួយវៀតណាមឡើយ។ មានខ្មែរមួយក្រុមទៀតមានឈ្មោះថា
“ខ្មែរវៀតមិញ” ក្រុមនេះប្រឆាំងនូវអ្វីដែលព្រះអង្គទ្រង់មានតម្រះថាត្រឹមត្រូវ
(ដូចជាអ្នកយោធានិយម អ្នកប្រជាធិបតេយ្យ។ ល ។) ពាក្យ “ខ្មែរក្រហម” បានក្លាយជាពាក្យសម្រាប់សម្គាល់ការរំលោភបំពានដែលបង្ហាញពីសារជាតិប្រល័យពូជសាសន៍
ឬក៏យ៉ាងហោចណាស់ត្រឹមជាសារជាតិឃាតកម្មដែរ។
ដូច្នេះពាក្យនេះក្រសោបនូវផ្លាកសញ្ញានយោបាយដែលគ្មានសុក្រិតគួរឲ្យគ្រោះថ្នាក់។
តុលាការមួយនឹងប្រហែលជាអាចវែករកមុខបានដឹងច្បាស់ថា
តើនរណាខ្លះជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ ហើយនរណាមិនមែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។
៦.ទស្សនៈលោក ហេឡែន ហ្ចាវីស
ខ្ញុំយល់ថាពាក្យ
“ខ្មែរក្រហម” ជាពក្យកាត់ឲ្យខ្លីមួយដែលក្រសោបទៅលើព្រឹត្តិការណ៍ប្លែកៗគ្នានៅក្នុងរយៈពេលផ្សេងៗគ្នានៃប្រវត្តិសាសន៍កម្ពុជា។
ក.ជាដំបូងនៅក្នុងសម័យសង្គមរាស្ត្រនិយម
ខ្ញុំយល់ថាពាក្យនេះត្រូវបានប្រើប្រាស់ដំបូងដោយសម្ដេច សីហនុ
ដើម្បីនិយាយសំដៅដល់ចលនាបដិវត្តន៍ “ក្រហម” ដែលប្រយុទ្ធប្រឆាំងនឹងព្រះអង្គ។
ខ.នៅក្នុងសម័យ លន់ ណុល ពាក្យ “ខ្មែរក្រហម”សំដៅទៅលើកម្លាំងចលនាតស៊ូរួមបញ្ជូលទាំងសម្ដេច សីហនុ រណសិរ្សបង្រួបបង្រួមជាតិនិងរដ្ឋាភិបាលរាជានិយមបង្រួបបង្រួមជាតិ។
គ.នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យពាក្យ “ខ្មែរក្រហម” នេះបានប្រើប្រាស់សំដៅលើរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលកំពុងកាន់អំណាច។
ឃ.ចាប់តាំងពីឆ្នាំ១៩៧៩ពាក្យ “ខ្មែរក្រហម”នេះប្រើប្រាស់សំដៅទៅលើសមាសភាពនៃរបបកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់
ហើយបានបន្តការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលបានវាយផ្ដួលរំលំរដ្ឋាភិបាលរបស់ខ្លួន។
ដោយ ឈិន ចណ្ឌី
ដកស្រង់ចេញពី៖ ទស្សនាវដ្ដីស្វែងរកការពិត (លេខ៦ មិថុនា
ឆ្នាំ២០០០ ទំព័រទី ៥៦-៥៧)
No comments:
Post a Comment