Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Monday, April 29, 2019

មូលដ្ឋានគ្រឹះនៃប្រវត្តិវិទ្យា




១.១.បច្ចេកពាក្យក្នុងប្រវត្តិសាស្ត្រ

ក.បុរេប្រវត្តិសាស្រ្តៈ គឺជាការសិក្សាអំពីអតីតកាលដ៏យូរលង់ណាស់មកហើយ តាំងពីមិនទាន់មានអក្សរដោយផ្នែកលើរបាយការផ្នែកបុរាណវិទ្យា។
សិក្សាពីអតីតកាលរបស់មនុស្សដោយផ្អែកលើៈ ឧបការប្រើប្រាស់ វត្ថុសិល្បៈ និងវត្ថុដែលគេបន្សល់ទុកមុនពេលមានឯកសារសរសេរ។
ខ.ប្រូតូប្រវត្តិសាស្ត្រៈ គឺការសិក្សាអតីតកាលផ្អែកលើប្រភពឯកសារក្រៅស្រុកដែលសរសេរ ឬការកត់ត្រាអំពីស្រុកមួយដោយអ្នកដំណើរបរទេស។
ឧទាហរណ៍ៈ ការសិក្សាពីប្រវត្តិសាស្ត្រខ្មែរនាសម័យអាណាចក្រភ្នំឬចេនឡា ហៅថា ប្រូតូប្រវត្តិសាស្ត្រ ព្រោះយើងសិក្សាដោយផ្អែកលើប្រភពឯកសារកត់ត្រាដោយបរទេស (កំណត់ហេតុជីវតាក្វាន់ ឯកសារចិន...)។
គ.ប្រវត្តិសាស្រ្តសហសម័យៈ ជាការសិក្សារឿងរ៉ាវព្រឹត្តិការណ៍ដែលទើបកើតកន្លងផុតថ្មីៗ ដោយព្រឹត្តិការណ៍នោះឯងនៅមានឥទ្ធិពល ឬប៉ះពាល់ដល់សង្គមបច្ចុប្បន្ននៅឡើយ ហើយគេអាចស្រាវជ្រាវបានដោយកាតសម្ភាសន៍ជាមួយសាក្សី ឬអ្នកធ្លាប់មានបទពិសោធន៍នៅក្នុងព្រឹត្តិការទាំងនោះ។
ឧទាហរណ៍ៈ សម័យសាធារណៈរដ្ឋខ្មែរ សម័យកម្ពុជាប្រជាធិបតេយ្យជាដើម។
ឃ.ប្រវត្តិវិទ្យាៈ ជាវិទ្យាស្យង់សិក្សាពីជីវភាពរស់នៅរបស់មនុស្សក្នុងពិភពលោក ជាច្រើនសម័យកាលកន្លងមក។ វិជ្ជានេះសិក្សាពន្យល់ពីមូលហេតុផ្សេងៗ ដោយប្រើឧបករណ៍របស់វិទ្យាស្យង់ដូចជា វិជ្ជាអក្សរបុរាណ សិលាចារឹក ទស្សនៈវិទ្យា កាលប្រវត្តិវិទ្យា ជាតិពន្ធុវិទ្យា និងភូមិវិទ្យាជាដើម ។[1]
·          ប្រវត្តិសាស្ត្រ គឺជាកម្រងហេតុការណ៍ និងព្រឹត្តិការណ៍អតីតកាលរបស់មនុស្ស ចំណេះដឹងអតីតកាលនៃមនុស្សជាតិនិងសង្គមនុស្ស។
·          ប្រវត្តិវិទ្យា គឺជាការសិក្សាអំពីហេតុការណ៍ ព្រឹត្តិការណ៍ បទពិសោធន៍អតីតកាលរបស់មនុស្សជាតិ ដោយពឹងផ្អែកលើកំណត់ត្រា និងសក្ខីកម្ម សម្រាប់សហសម័យ។ មុខវិជា្ជដែលសិក្សាអំពីអតីតកាលនៃមនុស្សជាតិ និងសង្គមមនុស្សដែលប្រវត្តិវិទូព្យាយាមកសាងឡើង និងបកស្រាយឡើងវិញ ដោយពឹងផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ និងសក្ខីកម្មសម្រាប់សហសម័យ ។[2]
១.២.និយមន័យតាមវាក្យស័ព្ទ

ពាក្យថា ប្រវត្តិវិទ្យា(History) បានលេចឡើងក្នុងភាសាអង់គ្លេសនៅឆ្នាំ ១៣៩០ សម្រាប់បញ្ជាក់ន័យនៃ ទំនាក់ទំនងនៃឧប្បត្តិវហេតុ ឬរឿងរ៉ាវ ដោយខ្លីភាសាបារាំងចាស់ Histos ពីភាសាឡាទីន Historia ដែលមាន័យថា និទានកថាឬរឿងរ៉ាវ។ ពាក្យចុងក្រោយផ្ទាល់មានប្រភពកំណើតពីភាសាក្រិក Historia មានន័យថា ការរៀនសូត្រ ឬចង់ដឹងតាមរយៈការសួរ   ប្រវត្តិសាស្ត្រ កំណត់ត្រា និងរឿងនិទានផ្សេងៗ
១.៣.និយមន័យតាមទស្សនៈអ្នកប្រាជ្ញានានា

             ១.១៨២៨ វចនានុក្រមរបស់លោក Noah Webster គាត់បានឲ្យនិយមន័យថា ប្រវត្តិសាស្រ្តគឹជារឿងសច្ចៈភាពស្របតាមប្រជាជាតិមួយឬរដ្ឋនានា គឺជាការពិពណ៌នានូវព្រឹត្តិការណ៍តាមលំដាប់ដែលវាបានកើតឡើង ដោយបញ្ជាក់ពីហេតុនិងផលច្បាស់លាស់។
២. ១៩១៣ វចនានុក្រមរបស់លោក Noah Webster ប្រវត្តិសាស្រ្តគឺជាប្រព័ន្ធមួយដែលសរសេរពីរឿងរ៉ាវនៃព្រឹត្តិការណ៍ពិសេសៗដែលមានឥទ្ធិពលលើប្រជាជាតិមួយនិងលើស្ថាប័នមួយ ដោយមានលក្ខណៈវិទ្យាសាស្រ្តនិងប្រកបដោយសិល្បៈ តាមលក្ខណៈធម្មតា គឺត្រូវបានភ្ជាប់ជាមួយការពន្យល់តាមបែបទស្សនវិជ្ជានៃហេតុទាំងឡាយរបស់វា។
            ៣. តាមវចនានុសម្ដេច ជួន ណាត ប្រវត្តិសាស្ត្រ គឺជាគម្ពីរ ក្បួនសម្ដែងអំពីពង្សាវតារ ឬអំពីរបាក្សត្រ អំពីសន្តិវង្ស។
 ៤.លោក វ៉ុលទែ(Voltaire) ប្រវត្តិសាស្រ្តគឺជានិទានកថានៃហេតុការណ៍ទាំងឡាយដែលពិត ផ្ទុយពីរឿងល្បើកដែលជានិទានកថាស្តីពីហេតុការណ៍ដែលមិនពិត។
៥.លោក ប៉ូល វ៉ាលេរី(Paul Valéry) ប្រវត្តិសាស្រ្តគឺជាវិទ្យាសាស្រ្តស្តីពីរឿងរ៉ាវទាំងឡាយដែលមិនកើតមានច្រំដែល។
៦.លោក ស៊ីសេរ៉ុង(Cicéron) ប្រវត្តិសាស្រ្តគឺជាសក្ខីភាពនៃសតវត្សកន្លងទៅ ជាពន្លឺនៃសច្ចភាព ជាព្រលឹងនៃលំនឹកនិងជាម្ចាស់នៃជីវិត។
៧.នៅក្នុងន័យដ៏សាមញ្ញ ប្រវត្តិសាស្ត្រគឺជារឿងរ៉ាវនៃបទពិសោធន៍របស់មនុស្ស
៨. ម៉ៃឃើល វិចឃឺរី បានឲ្យន័យពីរគឺន័យធម្មតានិងន័យក្នុងគោលការណ៍សិក្សា៖
                    ក). ប្រវត្តិសាស្រ្តគឺជារឿងរ៉ាវពិតស្តីពីអតីតកាលរបស់មនុស្ស។   
                    ខ).ប្រវត្តិសាស្រ្តគឺជាការសិក្សាតាមបែបវិទ្យាសាស្រ្តស្តីពីអតីតកាលរបស់មនុស្ស  ដោយផ្អែកលើប្រភពសំណេរ។
៩.លោក ពុំសុមុនីរៈ ជាទូទៅ ប្រវត្តិសាស្រ្តគឺជាសិក្សាទៅលើទង្វើសំខាន់ៗពីរដែលមនុស្សបានធ្វើ គឺទង្វើល្អនិងទង្វើអាក្រក់។
                  ក). ទង្វើល្អគឺមនុស្សជំនាន់ក្រោយត្រូវធ្វើតាម។         
                  ខ). ទង្វើអាក្រក់គឺមនុស្សជំនាន់ក្រោយត្រូវជៀសវាង។
            ១០.លោក វិលៀម ម៉ិកណែល បានធ្វើការកត់សម្គាល់ជាពិសេសនៅក្នុងសំណេររបស់គាត់អំពី អារ្យធម៌បស្ចឹមប្រទេស ថា ប្រវត្តិសាស្ត្រត្រូវបានបែងចែកជាបីកម្រិតគឺៈ
            កម្រិតទី១ៈ ប្រវត្តិសាស្រ្តមូលដ្ឋានបុគ្គល-មូលដ្ឋាន
            កម្រិតទី២ៈ ប្រវត្តិសាស្ត្រជាតិ
            កម្រិតទី៣ៈ ប្រវត្តិសាស្ត្រពិភពលោក
ចំណេះដឹងពីប្រវត្តិសាស្ត្រមិនមានលក្ខណៈលើសគ្នានឹងការចងចាំជារួម ដែលបានស្ថាបនាឡើងដោយប្រុងប្រយ័ត្ន និងការ    ត្រិះរិះពិចារណាឡើយ។
១១.លោក ចច អូវែល បានសរសេរថា មនុស្សគឺជាអ្នកគ្រប់គ្រងអតីតកាល និងគ្រប់គ្រងអនាគតកាល។
ក.កាលវិទ្យាៈ ជាវិទ្យាស្យង់នៃកាលបរិច្ឆេត (ថ្ងៃ ខែ ឆ្នាំ) សម្រាប់ចុះកាលកំណត់ហេតុការណ៍អាក្រក់ ឬល្អណាមួយ ដើម្បីឲ្យអ្នកសិក្សាដឹងពីរយៈពេលនៃព្រត្តិការណ៍ទាំងនោះ។
ការបែងចែកកាលវិទ្យា
ក.សករាជៈ ជាការរាប់ថ្ងៃ ខែ ឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យណាមួយដែលពួកជនានុជន អ្នកគោរព ត្រូវបានកត់ត្រាមិនឲ្យបាត់ រាប់តាំងពីដើមរៀងមក។
            ១.ក្រិកសករាជៈ កំណើតល្បែងអូឡាំពិក ៧៧៦ មុនគ.ស.
២.រ៉ូមសករាជៈ កំណើតក្រុងរ៉ូម ៧៥៣ មុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ.ស.
៣.ពុទ្ធសករាជៈ ព្រះពុទ្ធចូលនិព្វាន ១រោជខែពិសាខ ឆ្នាំ៥៤៣ មុនគ.ស.
៤.គ្រិស្តសករាជៈ កំណើតព្រះយេស៊ូ ឆ្នាំទី១ ក្រោយព.ស.៥៤៣
៥.មហាសករាជៈ ១៥ មិថុនា ៧៨ ព្រះបាទស្រុតវម៌្ម
៦.ចុល្លសករាជៈ ១៦ឬ១៧មេសា ៦៣៨ ព្រះបាទឥសានវម៌្ម
៧.មហាម៉ាត់សករាជៈ នៅពេលមហាម៉ាត់រត់គេចខ្លួនពីទីក្រុងឡាម៉ិច នៅឆ្នាំ ៦២២  
៨.សាធារណៈរដ្ឋសករាជៈ នៅពេលដែលប្រទេសបារាំងប្រកាសសាធារណៈរដ្ឋ ថ្ងៃទី ២២ កញ្ញា ១៧៩២។
ខ.រង្វាស់ពេល
          ១.ទសវត្សរ៍ (១០ឆ្នាំ) សតវត្ស (១០០ឆ្នាំ) សហស្សវត្ស (១០០០ឆ្នាំ)
          ២.ប្រតិទិនចន្ទគតិមានៈ ៣០ ឬ ២៨ថ្ងៃ/ ១ខែ (គិតតាមដំណើរព្រះចន្ទ ៤ឆ្នាំលើកខែម្ដង)
          ៣.ប្រតិទិនសុរិយគតិមានៈ ៣០ ឬ ៣១ថ្ងៃ/ ១ខែ គិតតាមដំណើរព្រះអាទិត្យ ខែកុម្ភៈ២៨-២៩ថ្ងៃ)
១.៤.ការបែងចែកសម័យកាល
      ក.ប្រវត្តិវិទូលោកខាងលិចបានបែងចែកប្រវត្តិវិទ្យាជា៥ដំណាក់៖
១.បុរប្រវត្តិ ៈ ចាប់ពី ៦ សែនឆ្នាំមុនគ.ស. ដល់ឆ្នាំ ៣២០០ មុនគ.ស.គឺជាឆ្នាំដែលជនជាតិអេហ្ស៊ីបរកឃើញអក្សរ។
២.បុរាណសម័យ ៈ គិតចាប់ពីឆ្នាំ ៣២០០មុនគ.ស. រហូតដល់ឆ្នាំ ៤៧៦ នៃគ.ស. ពេលដែលចក្រភពរ៉ូុមខាងលិចដួលរលំ។
៣.មជ្ឈឹមសម័យ ៈ គិតចាប់ពីឆ្នាំ ៣៩៥នៃគ.ស. ឬ ៤៧៦ រហូតដល់ឆ្នាំ ១៤៥៣ នៃគ.ស. ពេលពួករ៉ូមុាំងវាយបានក្រុងកុងស្ដង់ទីណូប ឬឆ្នាំ១៤៩២ ពេលដែលលោកគ្រិស្តុបហ្វកូឡុំរកឃើញទ្វីបអាមេរិក។
៤.នវសម័យ ៈ គិតចាប់ពីឆ្នាំ ១៤៥៣ នៃគ.ស. ឬ១៤៩២ ដល់ឆ្នាំ ១៧៨៩ នៃគ.ស. គឺជាឆ្នាំនៃបដិវត្តន៍បារាំង។
៥.សហសម័យ ៈ គិតចាប់ពីឆ្នាំ ១៧៨៩ នៃគ.ស. មកដល់សព្វថ្ងៃ។
      ខ.សម័យកាលក្នុងប្រវត្តិសាស្ត្រខ្មែរ
បុរេប្រវត្តិសាស្ត្រខ្មែរ(៤២៩០ Bc-ស.វទី១ នៃគ.ស.)ចែកចេញជា ៥ សម័យកាលធំៗគឺៈ
១.សម័យបរមបុរាណៈ (៦០០.០០០-១២០.០០០ មុនគ.ស.) មនុស្សស៊ីសាច់ឆៅ។
២.សម័យថ្មគ្រួសបំបែកៈ (១២០.០០០-១២០០០ មុនគ.ស.) មនុស្សរកឃើញភ្លើង។
៣.សម័យថ្មបំបែកក្លាយៈ (១២០០០-៨០០០ មុនគ.ស.) មនុស្សរកឃើញភ្លើង។
៤.សម័យថ្មរំលីឬនវសិលាៈ(៨០០០-២០០០ មុនគ.ស.) មនុស្សយកថ្មសំលៀងឲ្យមុតស្រួច។
៥.សម័យលោហៈធាតុៈ(២០០០-១០០ មុនគ.ស.) មនុស្សចេះស្លលោហៈធ្វើជាឧបករណ៍ប្រើប្រាស់។
ប្រវត្តិសាស្ត្រខ្មែរ (៥២-បច្ចប្បន្ន) ចែកចេញជា៤សម័យកាលធំៗ
ក.សម័យមុនអង្គរ(៥២-៨០០)
  ១.សម័យនគរភ្នំ (៥២-៥៥០)
  ២.សម័យចេនឡា (៥៥០-៨០០)
  ខ.សម័យអង្គរ (៨០២-១៤៣២)
      ដំណាក់កាលកសាង (៨០២-៩៤៤) ចាប់ពីរជ្ជកាលព្រះបាទជ័យវម៌្មទី២ ដល់ ព្រះបាទរាជជេន្ទ្រវម៌្ម
      ដំណាក់កាលរីកចម្រើន (៩៤៤-១២១៨) ចាប់ពីរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្ម ដល់ ព្រះបាទជ័យវម៌្មទី៧
      ដំណាក់កាលធ្លាក់ចុះ (១២១៨-១៤៣២) ចាប់ពីព្រះបាទជ័យវម៌្មទី៧សុគត ដល់ ព្រះបាទពញាយ៉ាត
គ.សម័យក្រោយអង្គរ (១៤៣២-១៨៦៣)
  ១.សម័យចតុមុខ (១៤៣២-១៥០៤)
  ២.សម័យលង្វែក (១៥២៩-១៥៩៣)
  ៣.សម័យឧដុង្គ (១៦១៩-១៨៦៣)
 ឃ.សម័យទំនើប (១៨៦៣-បច្ចុប្បន្ន)
  ១.សម័យអាណានិគមបារាំង (១៨៦៣-១៩៥៣)
  ២.សម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០)
  ៣.សម័យសាធារណៈរដ្ឋខ្មែរ (១៩៧០-១៩៧៥)
  ៤.សម័យកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
  ៥.សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
   ៦.សម័យរដ្ឋកម្ពុជា (១៩៨៩-១៩៩១)
  ៧.សម័យអ៊ុនតាក់(អន្តរកាល) (១៩៩១-១៩៩៣)
៨.សម័យព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣-បច្ចុប្បន្ន)
១.៥.ទិដ្ឋភាពទូទៅនៃប្រវត្តិវិទ្យា
 ១.កម្រងទស្សនៈស្ដីពីវាក្យស័ព្ទ ប្រវត្តិសាស្ត្រ
      គ្មានប្រវត្តិសាស្ត្រសុក្រឹតនោះទេ គឺមានតែប្រវត្តិរូបផ្ទាល់ខ្លួន។ (Ralph Waldo Emerson1803-1882)
      ប្រវត្តិសាស្រ្តគឺជានយោបាយពីអតីត ហើយនយោបាយគឺជាប្រវត្តិនយោបាយនាពេលបច្ចុប្បន្ន។ (E.A Freeman1823-1892)
      អ្វីដែលបទពិសោធន៍និងប្រវត្តិសាស្ត្របង្រៀនយើងគឺថា ប្រជាជននិងរដ្ឋាភិបាលមិនដែលរៀនអ្វីពីប្រវត្តិសាស្ត្រឬក៏ប្រព្រឹត្តិតាមគោលការណ៍ ដែលស្ដែងចេញដោយមានហេតុផលត្រឹមត្រូវពីប្រវត្តិសាស្ត្រ។ (G.W.F Hegel 1770-1831)
      ប្រវត្តិសាស្ត្រពិភពលោក គឺជាការវិនិច្ឆ័យរបស់ពិភពលោក។ (Friesich  Von Schiller 1759-1805)
      តាមពិតទៅប្រវត្តិសាស្ត្រគ្មានអ្វីក្រៅពីឆាកសម្ដែកនៃអំពើឧក្រដ្ឋនិងសំណាងអាក្រក់ឡើយ។ (Voltaire 1694-1778)
      ស្ត្រីដែលរីករាយបំផុត ក៏ដូចជាជាតិដែលសប្បាយបំផុតដែរ មិនមានប្រវត្តិសាស្ត្រនោះទេ។ (George Elion 1819-1880)
      មនុស្សដែលសប្បាយរីករាយ គឺជាមនុស្សដែលមិនមានកំណត់ត្រានៅក្នុងប្រវត្តិសាស្ត្រ។ (Thomas Carlyle 1795-1881)
      ប្រវត្តិសាស្ត្រពិភពលោកតាមពិតទៅ គឺជាប្រវត្តិរូបរបស់មនុស្សខ្លាំងពូកែតែប៉ុណ្ណោះ។ (Thomas Carlyle 1795-1881)
      ប្រវត្តិសាស្ត្រ ទោះតិច ឬច្រើន មានលក្ខណៈដូចនឹងគ្រែដ៏ចង្អៀតមួយ។ (Henry Ford 1863-11947)
      ប្រវត្តិសាស្ត្រគឺជាសុបិនដ៏អាក្រក់ដែលខ្ញុំកំពុងរត់គេចចេញ។ (Jemes Joyce 1882-1941)
      ប្រសិនបើដំបូង អ្នកមិនទទួលបានជោគជ័យនោះទេ ចូរព្យាយាមហើយព្យាយាមទៀត ម្ដងហើយម្ដងទៀត។ (W.E Hickson 1803-1870)
      ចំណេះដឹងគឺជាអំណាច។ (Francis Bacon 1561-1626)
២.មុខវិជ្ជាពាក់ព័ន្ធប្រវត្តិវិទ្យា
      បុរាណវិទ្យា ៈ ការសិក្សាអំពីបុរេប្រវត្តិសាស្ត្រនិងប្រវត្តិវប្បធម៌មនុស្សជាតិ តាមរយៈកំណាយ ការចងក្រងឯកសារ និងវិភាគលើសម្ភារៈដែលនៅសេសសល់ និងទិន្នន័យដែលមាននៅជុំវិញវត្ថុទាំងនោះ។
      Archontology : ជាមុខវិជ្ជាសិក្សាអំពីការិយាល័យប្រវត្តិសាស្ត្រ តួនាទីសំខាន់ៗក្នុងអង្គការរដ្ឋ អង្គការអន្តរជាតិ នយោបាយ សាសនា និងអង្គការសង្គមផ្សេងទៀត។
      ប្រវត្្តិសិល្បៈ ៈជាការសសិក្សាអំពីបំលាស់ប្ដូរផ្នែកប្រវត្តិសាស្ត្រ និងបរិបទសង្គមសិ   ល្បៈ។
      Big Historyជាការសិក្សាអំពីប្រវត្តិសាស្ត្រក្នុងមាត្រដ្ឋានដ៏ទូលាយ  ក្នុងរយៈពេលយូរអង្វែង ចាប់តាំងពីមានបន្ទុះ Big Bang រហូតដល់ពេលអនាគត តាមរយៈគោលការណ៍ពហុមុខវិជ្ជា។
      កាលប្បវត្តិវិទ្យា ៈ ជាវិទ្យាសាស្ត្រកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងពេលណាមួួយ។
      ប្រវត្តិវប្បធម៌ ៈ ជាវិជ្ជាសិក្សាអំពីវប្បធម៌កាលពីអតីតកាល។
      ប្រវត្តិការទូត ៈ ជាវិជ្ជាសិក្សាអំពីទំនាក់ទំនងអន្តរជាតិ កាលពីអតីតកាល។
      ប្រវត្តិសេដ្ឋកិច្ច ៈ ជាវិជ្ជាសិក្សាអំពីសេដ្ឋកិច្ចក្នុងអតីតកាល។
      អនាគតវិទ្យា ៈ ជាវិជ្ជាសិក្សាអំពីអនាគត ស្រាវជ្រាវពីគ្រូទាយដើម្បីទស្សទាយពីសង្គម និងលក្ខណៈរបស់ពិភពលោកនៅថ្ងៃអនាគត។
      History Painter ជាវិជ្ជាសិក្សាអំពីជាងគំនូរនៃរូបចម្លាក់ប្រវត្តិសាស្ត្រ ហើយជាពិសេសជាងគំនូរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ។
      ប្រវត្តិយោធា ៈ ជាវិជ្ជាសិក្សាអំពីកិច្ចការយោធា និងសង្គ្រាមនៅក្នុងប្រវត្តិសាស្ត្រនិងសិក្សាពីអ្វីដែលជួលកាលត្រូវបានគេគិតថា ជាមែកធាងសិក្សារបស់យោធានោះគឺ ប្រវត្តិកងទ័ពជើងទឹក។
      អក្សរបុរាណវិទ្យា ៈ ជាវិជ្ជាសិក្សាអំពីប្រព័ន្ធអក្សរបុរាណ ដែលមានន័យស្មើនឹងសិលាចារឹកវិទ្យា។
      ប្រវត្តិនយោបាយ ៈ ជាវិជ្ជាសិក្សាអំពីនយោបាយកាលពីអតីតកាល។
      ប្រវត្តិចិត្តសាស្ត្រ ៈ ជាវិជ្ជាសិក្សាអំពីហេតុផលផ្នែកចិត្្តសាស្ត្រ ដែលនាំឲ្យកើតមានព្រឹត្តិការណ៍ណាមួយនៅក្នុងប្រវត្តិសាស្ត្រ។
      Historiography of Science ជាវិជ្ជាសិក្សាអំពីរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ។
      ប្រវត្តិសាស្រ្តសង្គម ៈ ជាវិជ្ជាសិក្សាអំពីសង្គមនៅក្នុងអតីតកាល។
      ប្រវត្តិសាស្ត្រពិភពលោក ៈ ជាវិជ្ជាសិក្សាអំពីប្រវត្តិសាស្ត្រ តាមទស្សនវិស័យពិភពលោក។
៣.ផ្សេងៗ
ក.ឯកសារប្រវត្តិវិទ្យាមានៈ ឯកសារគ (រូបគំនូរ ថូ ចាន ពូថៅ ញញូរ កាំបិត គ្រឿងអលង្ការ...) ឯកសារសរសេរ (សិលាចារឹក សាស្ត្រាស្លឹករឹត) ឯកសាររឿងនិទាន (រឿងប្រជាប្រិយតៗគ្នាឬរឿងប្រវត្តិសាស្ត្រដូចជារឿង ព្រះថោងនាងនាគ ឥសីកម្ពុជស្វ័យម្ភុវនិងទេពអប្សរមេរា...)។
ខ.គុណតម្លៃនៃប្រវត្តិវិទ្យាមានៈ តម្លៃអប់រំ (ផ្ដល់ចំណេះដឹងដល់អ្នកសិក្សាឲ្យយកគំរូល្អ មានឧត្តមគតិ ស្នេហាជាតិ និងឆន្ទៈចូលរួមការពារជាតិមាតុភូមិ) តម្លៃវប្បធម៌ (ស្គាល់ពីអត្តសញ្ញាណអរិយធម៌ជាតិ អន្តរជាតិ បណ្ដុះស្មារតីស្នេហាបេតិកភណ្ឌជាតិ អន្តរជាតិ ទទួលខុសត្រូវចំពោះទង្វើដែលខ្លួនបានធ្វើ ចៀសវាងកំហុសច្រំដែល) តម្លៃសីលធម៌ (បណ្ដុះស្មារតីសាមគ្គីជាតិ អន្តរជាតិ មានទំនាក់ទំនងល្អជាសកល មិនរើសអើងពូជសាសន៍  មានកតញ្ញូកតវេទី កោតសរសើរយកគំរូល្អតាមបុព្វបុរស បណ្ដុះគំនិតត្រិះរិះចំណុចខុសឆ្គង និងខ្វះខាតរបស់បុព្វបុរស) តម្លៃការងារ (បង្កើតមនុស្សអាជីវកម្មពូកែ អ្នកវិជ្ជាជីវៈ អ្នកនយោបាយ ) តម្លៃការរស់នៅ (ចេះបត់បែនតាមកាលៈទេសៈ ឆាប់ស្គាល់ពីស្ថានភាពសង្គម)។
គ.វិបាកនៃការសិក្សាប្រវត្តិវិទ្យាៈ វិបាកវិជ្ជមាន( អ្នកសិក្សាប្រវត្តិសាស្រ្តគឺចេះថែរក្សានិងការពារវប្បធម៌ជាតិ អ្នកសិក្សាប្រវត្តិសាស្រ្ត គឺចេះថែរក្សានិងការពារនូវមរតកដូនតា អ្នកសិក្សាប្រវត្តិសាស្រ្ត គឺចេះថែរក្សានិងការពារអត្តសញ្ញាណជាតិ)។
វិបាកអវិជ្ជមាន អ្នកសិក្សាប្រវត្តិសាស្រ្ត គឺមិនចេះការពារវប្បធម៌ជាតិ អ្នកសិក្សាប្រវត្តិសាស្រ្ត គឺហ៊ានបំផ្លាញវប្បធម៌ជាតិ អ្នកសិក្សាប្រវត្តិសាស្រ្តគឺហ៊ានបំផ្លាញមរតកជាតិដែលបន្សល់ពីដូនតា អ្នកសិក្សាប្រវត្តិសាស្រ្ត គឺហ៊ានបំបាត់អត្តសញ្ញាណជាតិ)

រៀបរៀងដោយ ឈិន ចណ្ឌី

រក្សាសិទ្ធក្នុងការកែប្រែ និងមិនត្រូវយកទៅផ្សេព្វផ្សាយបន្តដោយគ្មានការអនុញ្ញាតិឡើយ។

ឯកសារពិគ្រោះ
១.ក្រសួងអប់រំ យុវជន និងកីឡា.(២០១៦).ប្រវត្តិវិទ្យា ថ្នាក់ទី៧ បោះពុម្ពលើកទី៩
២.  ក្រសួងអប់រំ យុវជន និងកីឡា.(២០១៧). ប្រវត្តិវិទ្យា សេចក្ដីសង្ខេបប្រវត្តិសាស្ត្រខ្មែរសម្រាប់ជំនួយស្មារតីដល់សិស្សថ្នាក់ទី១២  ភ្នំពេញ
៣.លោក ថា លាងអាង.(???).ទ្រឹស្ដីប្រវត្តិសាស្ត្រ សម្រាប់និស្សិតដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៤.លោក ពុំ សុមុនីរៈ .(???). ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍ សម្រាប់និស្សិតដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៥.លោក វង់ សុធារ៉ា និង ណុប សុខា.(២០១៥). ប្រវត្តិសាស្ត្រខ្មែរ សម្រាប់និស្សិតដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា ឆ្នាំមូលដ្ឋាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

៦.សៀវភៅណែនាំសម្រាប់គ្រូបង្រៀន វិធីសាស្ត្របង្រៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ បោះពុម្ពឆ្នាំ២០០៩

No comments: