Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Wednesday, May 15, 2019

ហេតុអ្វីបានជាគេសង់រូបសំណាកព្រះបាទជ័យវម៌្មទី៧ ដាច់ដៃ និងឆែបព្រះកេស?



   ទស្សនៈទី១ៈ ការបែកបាក់រូបសំណាករបស់ព្រះបាទជ័យវម៌្មទី៧ អាចបណ្ដាលមកពីសង្គ្រាមព្រោះថា ពេលដែលមានសង្គ្រាមពួកសត្រូវអាចវាយបំផ្លាញរូបសំណាកព្រះអង្គ  ដោយហេតុរបស់គេផ្សេងៗគ្នាជាពិសេស សង្គ្រាមរវាងខ្មែរនិងសៀម ព្រោះថានៅក្រោយពេលព្រះបាទជ័យវម៌្មទី៧ ទ្រង់ចូលទីវង្គតទៅ ជនជាតិសៀម ដែលជាឈ្លើយសង្គ្រាមខ្មែរ ក៏បាននាំគ្នាក្រោកឡើដោយងបះបោរ បង្កជាទ័ពឡើងប្រឆាំងក្រុងអង្គរព្រមទាំងបានប្រកាស ខ្លួនជារដ្ឋឯករាជ្យ ហើយមកដល់សតវត្សទី១៤សៀមបានចាប់ផ្ដើមធ្វើការវាយលុកមកលើទីក្រុងអង្គរ ទ័ពសៀមបានធ្វើការដុតបំផ្លាញ នឹងបានកម្តេចរូបសំណាកអស់ជាច្រើន ហើយក៏ប្រហែលជាមានរូបសំណាករបស់ព្រះអង្គក្នុងនោះផងដែរ។


  ទស្សនៈទី២ៈ រូបសំណាកនេះអាចខូចទ្រង់ទ្រាយដោសារ ការប្រែប្រួលអាកាសធាតុ ក្ដៅ ត្រជាក់ ដោយហេតុថារូបសំណាករបស់ព្រះអង្គអាចត្រូវបានគេកសាងហើយទុកចោលឲ្យត្រូវ កម្ដៅ សំណើម ហេតុនេះអស់រយៈពេលយូៗទៅ អាចធ្វើឲ្យរូបសំណាកនេះ ខូចទ្រង់ទ្រាយដើមបាន បើសិនជាយើងគិតពីសតវត្សទី១៣ មកដល់ពេលនេះសតវត្សទី២១ វាគួរតែខូចទ្រង់ទ្រាយដើមពិតប្រាកដមែន ព្រោះថារឿងនេះបានកន្លងផុតទៅអស់រយៈពេល ៨០០ ឆ្នាំមកហើយ។

  ទស្សនៈទី៣ៈ ចំពោះការបែកបាក់រូបសំណាក់ នេះអាចបណ្ដាលមកពីកត្តាសង្គម ពីព្រោះថាតាំងពីសម័យនគរភ្នំ ការបះបោរប្រឆាំងព្រះមហាក្សត្រ នឹងសកម្មភាពជ្រែករាជ្យបានកើតឡើងស្ទើរជាប្រចាំ។ ហេតុនេះប្រហែលជាទ្រង់មានចេតនាឲ្យគេសាងសង់ រូបសំណាកព្រះអង្គឡើង ហើយទ្រង់ក៏បញ្ជាឲ្យគេកម្ទេចរូបសំណាករបស់ព្រះអង្គ ដូចដែលយើងបានឃើញសព្វថ្ងៃនេះ បំណងគឺដើម្បីបង្ហាញថា បើសិនជាការណាជនណា ឬក្រុមណាមួយ ដែលមានចិត្តមិនស្មោះត្រង់ មានគំនិតចង់ក្បត់មិនគោរពដល់ព្រះមហាក្សត្រ ឬមានចិត្តចង់បំផ្លាញប្រទេសជាតិឯងនោះ សូមឲ្យជននោះឬក្រុមនោះ បានទទួលផលបុណ្យទាំងឡាយណាដែលខ្លួនឯងបានសាងឡើង ហើយឲ្យវិនាសបែកបាក់ដូចរូបសំណាក់នេះតទៅរៀងអើយ។

 ទស្សនៈទី៤ៈ ការបែកបាករូបសំណាកនេះអាចបណ្ដាលមកពី សកម្មភាពរបស់ពួកក្រុមឈ្មួញទុច្ចរិត ដែលមានបំណងចង់យករូបសំណាកនេះយកទៅជួញដូរ ហើយប្រហែលជាដោយសារតែរូបសំណាករបស់ព្រះអង្គមានទំហំធំពេក  ហើយឆ្ងន់ពេក ដើម្បីងាយស្រួលយកពួកឈ្មួញ អាចធ្វើការបំបែករូបសំណាកនេះជាចំណែកៗ។ ព្រោះថាដែលគេបានរកឃើញរូបសំណាកព្រះអង្គលើកដំបូង រូបសំណាករបស់ទ្រង់ត្រូវបានបែងចែកជាបីផ្នែក អវៈយវៈ ទ្រូង និងព្រះកេស ចំពោះព្រះកេសនេះដែល១០ឆ្នាំក្រោយមកទើបគេរកឃើញនៅក្នុងព្រៃនៃបរិវេនជិតនិងតំបន់ប្រាសាទអង្គរ ដោយមិនមានប្រភពព័ត៌មានពិតប្រាកដណាមួយអំពីរូបសំណាករបស់ព្រះអង្គ ដែលជាជាហេតុនាំឲ្យជាងចម្លាក់មានការលំបាកចំពោះការរចនារូបព្រះអង្គឡើង ដោយមិនដឹងថាត្រូវរចនាតាមរបៀប ឬវិធីណាមួយឲ្យសម នឹងត្រឹមត្រូវតាមសភាពដើមដែលរហូតមកដល់ពេលនេះ ហើយរឿងនេះគឺនៅតែគ្មានដំណោះស្រាយ ហើយក៏នៅតែក្ដីកង្វល់ដ៏ធំមួយ សម្រាប់ការសិក្សា ឈ្វេងយល់បន្ថែមផងដែរ។

       ទស្សនៈទី៥ៈ ជាទស្សនៈតាមបែបសាមញ្ញធម្មតាដែលយើងតែងតែបានលឺ និងបានជួប ដោយហេតុថាការបែកបាក់នៃរូបសំណាកនេះ គឺចង់បង្ហាញថាជាធម្មតាមនុស្សអាចបង្កើត ឬផលិតវត្ថុអ្វីៗទាំងបានគឺដោយសារដៃរទាំងពីរ និងការត្រិះរិះពិចារណាពីខួរក្បាល។ ហើយបើសិនជាដៃដ៏បុិនប្រសប់ទាំងពីរ និងខួរក្បាលដ៏អស្ចារ្យ ត្រូវបានបំផ្លាញហើយនោះ គឺថាមនុស្សក៏លែងមានសារៈសំខាន់ទៀតដែរ។ ហេតុនេះរូបសំណាកព្រះបាទជ័យវម៌្មទី៧ អាចសត្រូវបំផ្លាញ ដោយហេតុផលនេះព្រោះពួកសត្រូវគិតថាដោយភាពបិុនប្រសប់នេះហើយដែលធ្វើឲ្យ ព្រះអង្គធ្វើសង្គ្រាមមិនដែលចេះចាញ់ ហើយដើរវាយគ្រប់ទីកន្លែងទាំងអស់ យកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ព្រោះទង្វើនេះធ្វើឲ្យព្រះអង្គមានសត្រូវកាន់តែច្រើនឡើងៗ នៅពេលព្រះអង្គយាងសោយទីវង្គត ពួកសត្រូវក៏តាំងមកបំផ្លាញរូបសំណាកព្រះអង្គ ដើម្បីទុកជាការសងសឹកនឹងព្រះអង្គចំពោះរឿងរ៉ាវដែលទ្រង់បានធ្វើកន្លងមក។

    ទស្សនៈទី៦ចំពោះការបែកបាក់រូបសំណាកនេះ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា លោកគិតថា គឺជាសកម្មភាពដែលបង្កឡើងដោយសង្គ្រាមសាសនា ដែលបណ្ដាលមកពីការប្រតិកម្មក្រុម អ្នកនិយមជ្រុលនៃសាសនាពីរ គឺពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ព្រោះថានៅពេលដែលព្រះអង្គឡើងសោយរាជ្យទ្រង់បានសព្វព្រះហ្ញទ័យប្ដូរឈប់កាន់ព្រហ្មញ្ញសាសនា បែរមកកាន់ពុទ្ធសាសនាវិញ។ ហើយទ្រង់ក៏បានអនុញ្ញាតឲ្យមនុស្សគ្រប់រូបអាចមានសិទ្ធជឿជំនឿណាក៏បានដែរ ឲ្យតែគេពេញចិត្តដោយមិនប្រកាន់ទោសពៃអ្វីទាំងអស់ចំពោះជននោះ។ លុះដល់ពេលព្រះបាទជ័យវម្ម៌ទី៧ ទ្រង់យាងសោយទីវង្គតទៅហើយនោះ មកដល់ក្នុងរជ្ជកាលរបស់ព្រះបាទជ៧យវម៌្មទី៨ (១២៤៣-១២៩៦) ព្រះអង្គក៏បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរសាសនាទាំងពីរម្ដងទៀត ទង្វើនេះបានបបង្កឲ្យមានប្រតិកម្មជាខ្លាំងរវាងអ្នកកាន់សាសនាទាំងពីរ ហើយក៏បានបង្កឲ្យក្លាយទៅជាបញ្ហានិងសង្គ្រាមសាសនាកើតឡើង។ ដោយក្រមអ្នកកាន់ខាងព្រហ្មញ្ញ នាំគ្នាទៅកម្ទេចព្រះវិហារព្រះពុទ្ធសាសនា ចោលស្ទើរតែគ្មានសល់ នៅព្រមទាំងមានការដាប់ ឬកោសលុបនូវរូបសំណាកព្រះពុទ្ធនៅតាមជញ្ជាំងប្រាសាទជាច្រើនមានដូចជាប្រាសាទព្រះខ័ន--។ ហើយនៅក្នុងនោះរូបសំណាក ព្រះបាទជ័យវម្ម៌ទី៧ ក៏ប្រហែលជាត្រូវគេបំផ្លាញពេលនោះដែរ។ ហើយជំនួសមកវិញនូបរូបសិវៈលឹង្គ ព្រះឥសូរ ឬក៏គ្មានចំណែក ឯខាងអ្នកកាន់ពុទ្ធសាសនាក៏ធ្វើដូច្នេះដែរ ហើយសង្គ្រាមនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំទើបចប់់។

  ទស្សនៈទី៧ៈ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គាត់មានប្រសាសន៍ថា បានជាគេសាងសង់រូបសំណាក ព្រះបាទជ័យវម៌្មទី៧ ឥតមានដៃគឺដោយសារតែគេរកឃើញរូបសំណាករបស់ព្រះអង្គពីដំបូងគឺឥតមានដៃទេ ប៉ុន្តែក្រោយមកគេបានរកឃើញរូបសំណាករបស់ព្រះអង្គដែលចាស់ជាងនេះហើយមានអវៈយវៈគ្របគ្រាន់ ដូច្នេះបានជាក្រោយមកវិចិត្រករបានសង់រូបសំណាក់របស់ព្រះអង្គមានអវៈយវៈគ្រប់គ្រាន់វិញ។



អត្ថបទឡើងវិញនិងបន្ថែមទស្សនៈទី៧ ដោយ ឈិន ចណ្ឌី
https://cambodiaofhistory.blogspot.com/


ចម្លងចេញពី៖

លោក ហេង រដ្ឋា ,(២០០៨). ព្រះបាទជ័យវម្ម៌ទី៧(១១៨១-១២២០)ភាពអាថ៌កំបាំងនិងការសន្និដ្ឋាន. ភ្នំពេញ

No comments: