I.
សេចក្ដីផ្ដើម
១.១.សាវតារ
តាមការសិក្សាប្រវត្តិសាស្រ្តខ្មែរបានឲ្យដឹងថាមានតែសម័យអង្គរទេ
ដែលខ្មែរមានការរីកចម្រើនរុងរឿងបំផុត នៅក្នុងប្រវត្តិសាស្រ្តកន្លងមក ។ រហូតពេលខ្លះមានអ្នកសិក្សាមួយចំនួនបានប្រសិទ្ធិនាមសម័យនោះថា
<< សតវត្សមាសនៃកម្ពុជា
>> ។
ចំណែកឯព្រះមហាក្សត្រខ្មែរទ្រង់មានព្រះទ័យ យកចិត្តទុកដាក់ចំពោះបញ្ហាអភិវឌ្ឍន៍ប្រទេសជាតិ
បញ្ហាសុខទុក្ខរបស់ប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈ ។ សាលារៀន មន្ទីពេទ្យ ស្ពាន
ថ្នល់ បារាយណ៍ ប្រលាយ ប្រព័ន្ធធារាសាស្ត្រ ខ្វាត់ខ្វែង
ត្រូវបានកសាងស្ថាបនាដ៏ច្រើនស្អេកស្កះពាសពេញផ្ទៃប្រទេសសម្រាប់បំរើដល់ប្រជាជនខ្មែរ ។
មិនតែប៉ុណ្ណោះ ប្រាង្គប្រាសាទសិលាដ៏ច្រើនមហិមារាប់ពាន់ ត្រូវបានកសាងឡើងព្រោងព្រាត់ពាសពេញផ្ទៃប្រទេស
។ ជាពិសេសទឹកដីនៃអាណាចក្រខ្មែរនាសម័យនោះមានវិសាលភាពដ៏ទូលំទូលាយល្វឹងល្វើយជាងពេលណាៗទាំងអស់
នៅក្នុងប្រវត្តិសាស្ត្រខ្មែរកន្លងមកពោលគឺពីខាងជើងលាតសន្ធឹងដល់ ប្រទេសចិន
ខាងត្បូងដល់ម៉ាឡេស៊ី ខាងលិចទល់ជាប់និងភូមា និងប៉ែកខាងកើតជាប់នឹងនគរចម្ប៉ា ។
ទន្ទឹមនិងមានភាពរុងរឿងរីកចម្រើន ល្បីល្បាយនេះ មកដល់ចុងសតវត្សទី១៣
ពោលគឺចាប់ពីក្រោយពេលដែលព្រះបាទជ័យវម្ម៍ទី៧ សោយទីវង្គត់ទៅ
អាណាចក្រខ្មែរមានការធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ ភាពអាបអួររង្គោះរង្គើរកើនឡើង ពាសពេញទីក្រុងអង្គរ
ដោយជម្លោះក្នុងរាជវង្សានុវង្ស ជម្លោះសាសនា
សង្គ្រាមឈ្លានពានរបស់សត្រូវជាច្រើនលើកច្រើនសារ
ធ្វើឲ្យទីក្រុងអង្គរដែលធ្លាប់តែរុងរឿង
ត្រូវខូចខាតខ្ទេចខ្ទីអស់កែលែងបានទីបំផុតត្រូវបានបោះបង់ចោលតែម្ដង។
១.២.ចំណោទបញ្ហានៃការស្រាវជ្រាវ
បានជាយើងការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ
ព្រោះយើងសង្កេតឃើញថាមានអ្នកចង់យល់ ចង់ដឹង
និងមានចម្ងល់ថាហេតុអ្វីបានជាទីក្រុងអង្គរធ្លាប់តែរុងរឿងត្រចះត្រចង់
ត្រូវបានគេបោះបង់ចោល។ ម្យ៉ាងទៀត ឯកសារដែលនិយាយពាក់ព័ន្ធបញ្ហានេះនៅមានចំនួនតិចតួចនៅឡើយ។
១.៣.គោលបំណងនៃការស្រាវជ្រាវ
ក.គោលបំណង
នៅក្នុងការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ គឺធ្វើឡើងក្នុងគោលបំណង
ទុកជាឯកសារសម្រាប់ សិស្សានុសិស្ស និស្សិត បញ្ញវន្ត អ្នកសិក្សាក្រោយៗបានសិក្សាបន្តព្រមទាំងជាទុនមួយសម្រាប់ស្វែងយល់បន្ថែមទៅលើបញ្ហានេះបន្ថែមទៀត។
ខ.វត្ថុបំណង
ដើម្បីសិក្សាពីមូលហេតុនៃការបោះបង់ចោលទីក្រុងអង្គរឲ្យបានច្បាស់លាស់។
១.៤.សំណួរស្រាវជ្រាវ
តើមានកត្តាអ្វីខ្លះ ដែលជម្រុញឲ្យមានការចាកចោលទីក្រុងអង្គរ
?
១.៥.សារៈសំខាន់នៃការស្រាវជ្រាវ
នៅក្នុងការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះ
បានផ្ដល់នូវសារៈប្រយោជន៍ដល់អ្នកសិក្សា សិស្ស និស្សិត
បានមើលឃើញទិដ្ឋភាពទីក្រុងអង្គរដែលធ្លាប់តែរុងរឿងត្រូវបានលុកលុយឈ្លានពាន
បំផ្លិតបំផ្លាញ ខូចខ្ទេចខ្ទីអស់ ។ ម្យ៉ាងទៀតធ្វើឲ្យយើងបានដឹងពីមូលហេតុទីក្រុងអង្គរ
លែងមានសារៈសំខាន់ដល់ប្រជាជននៅសម័យនោះទៀតហើយ។
II.
រំលឹកទ្រឹស្ដី
មូលហេតុនៃការបោះបង់ចោលទីក្រុងអង្គរ
ក.សង្គ្រាមឈ្លានពានរបស់សៀម
យោងតាមសៀវភៅវ ត្រឹង
ងា, ឥន្ទ ឧមសារម៉េង និងអាដេម៉ាឡឺក្លែរ បានរៀបរាប់ថាៈ ក្រោយពេលប្រទេសមានឯភាព និងបង្កើតរដ្ឋនៅអាយុធ្យាមកព្រះរាជា
ព្រះនាម រាមាធិបតីទី១ ទ្រង់បានលើកទ័ពមកលុកលុយប្រទេសខ្មែរ ។ មុនពេលដែលទ័យសៀមលើមក
ដល់ក្រុងអង្គរឧបរាជខ្មែរបានលើកទ័យទៅទប់ទល់ទ័យសៀមត្រូវបរាជ័យទៅវិញអស់ ។
លុះមកដល់ឆ្នាំ
១៣៥២ សៀមបានលើកទ័យមកវាយខ្មែរម្ដងទៀតលើកនេះមានទ័ពច្រើនជាងលើកមុនចំនួន ១០ដង ។
ឯខាងខ្មែរវិញមានការធ្វេសប្រហែសដោយពុំបានត្រៀមសំភារៈដឹកស្បៀង
ហើយកងទ័ពត្រូវរំសាយឲ្យទៅធ្វើស្រែចំការវិញអស់ ដោយគិតថាសៀមមិនហ៊ានមកម្ដងទៀត ។
នៅពេលលឺថាសៀមលើកទ័ពមក ព្រះរាជខ្មែរមានការព្រួយព្រះទ័យភិតភ័យយ៉ាងខ្លាំង កែនកងទ័ពក៏មិនទាន់ក៏ដេញប្រជារាស្រ្ត
ឲ្យចូលក្នុងកំពែងអង្គរឲ្យជួយការពារ ។ ក្រោយពេលតស៊ូតទល់អស់រយៈពេល ៦-៧
ខែមកព្រះបាទលំពង្សរាជា ទ្រង់ប្រឈួន ហើយសុគតទៅ ។
ឯអនុជរបស់ព្រះអងង្គរតស៊ូប្រយុទ្ធលុះអស់ព្រះជន្ម ។
ពេលនោះកងទ័ពខ្មែរត្រូវបែកខ្ញែកគ្នា
ហើយទីក្រុងអង្គរក៏ធ្លាក់ក្នុងកណ្ដាប់ដៃសត្រូវក្នុងឆ្នាំ ១៣៥២ ។
ហើយយើងរំដោះបានមកវិញក្នុងឆ្នាំ ១៣៥៤ ដោយព្រះបាទស្រីសុរិយាវង្សទី១ ។
លុះមកដល់ឆ្នាំ ១៣៩៣
ក្នុងរាជព្រះបាទធម្មាសោក សៀមបានលើកទ័ពមកវាយខ្មែរម្ដងទៀត ។ ពេលនោះទ័ពខ្មែរបែងចែកជា
បួនផ្នែកឲ្យការពារព្រំដែននគរ តែមានពីរផ្នែកដែលដឹកនាំដោយកែវ
និងទ័យមិនព្រមប្រយុទ្ធតទល់ជាមួយសៀមចេះតែដកថយ
ទ័យសៀមចេះតែរូលចូលមករហូតដល់ការពារលែងបាន ។
ក្រោយពេលធ្វើការឡោម
ព័ទ្ធក្រុងអង្គរអស់រយៈពេល
៧ ខែមកកងទ័ពសៀមបានធ្វើការទាក់ទងសំខាន់ជាមួយ អង្គម្ចាស់កែវ
និងទ័យឲ្យលបលួចបើកទ្វារបន្ទាយក្រុងអង្គរឲ្យទ័ពសៀមបានចូលពេញក្រុងអង្គរ ការប្រយុទ្ធគ្នាកើតមានយ៉ាងពេញទំហឹង ហើយព្រះបាទធម្មាសោកទ្រង់ក៏សុគតក្នុងសង្គ្រាមនោះទៅ
។ ទីក្រុងអង្គរត្រូវសៀមកាន់កាប់បាននៅឆ្នាំ ១៣៩៤ ។ យើងរំដោះបានមកវិញនៅឆ្នាំ ១៤០១
ក្នុងរាជព្រះបានទស្រីសុរិយាវង្សទី២។
នៅឆ្នាំ១៤២០
សៀមបានលើកទ័ពមកជាថ្មីម្ដងទៀត ដើម្បីសងសឹក ។ ទ័ពសៀមបានឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល
៧ខែធ្វើឲ្យស្បៀងកាន់តែអស់ទៅៗ ហើយកងទ័ពជំនួយខ្មែរកាន់តែខិតជិតមកដល់ ។ ពេលនោះទ័ពសៀមមានការភិតភ័យណាស់
ខណៈនោះសៀមបានប្រើល្បិច ដោយចាប់យកទាហ៊ានរបស់ខ្មែរ ៦នាក់
មកវាយហើយលាក់ថ្ងាសជាសញ្ញាជើងក្អែក ហើយប្រើឲ្យសុំចុះចូលខាងខ្មែរ ។ ដោយឃើញសភាពបែបនេះព្រមទាំងដំណឹងមិនពិតផ្សេងទៀតធ្វើឲ្យព្រះមហាក្សត្រខ្មែរធ្វើតាម
ហើយអនុញ្ញាតឲ្យជ្រកកោន ។ អ្នកទាំងអស់ខិតខំធ្វើការរហូតព្រះមហាក្សត្រខ្មែរ ជឿទុកចិត្តតម្លើងបុណ្យសក្ដិឲ្យ
។ ពេលមើលឃើញព្រះរាជាខ្មែរ ជឿទុកចិត្តលែងសង្ស័យមកលើខ្លួន ហើយអ្នកទាំងបួនក៏ដើរយកដែកគោលទៅស្នែងគ្រប់កាំភ្លើងធំនៅជុំវិញទីក្រុងអង្គរ
។ ហើយតែងផ្ញើសារសំងាត់ប្រាប់គ្នាវា មុនពេលចេញទៅច្បាំងម្ដងៗពេលសៀមឃើញដូចច្នេះហើយក៏លើកទ័ពមកវាយគ្រប់ច្រក
។ ឯទាហានដែលបង្កប់ខ្លួននោះបានលួចដុតឃ្លាំងអាវុធខ្មែរ និងលួច នៅក្នុងសៀមភៅវរបស់លោក ថាច់ វ៉ាន់ផាត, កែវ
សុភុន និងលោកប៊ុន ធឿន: បានសរសេរថា: នៅពេលសង្រ្គាមជាមួយសៀមម្ដងៗ
ពួកវាបានបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិ បំផ្លិតបំផ្លាញដំណាំ សម្លាប់កៀរអ្នកស្រុក
កំទេចទំនប់បារាយណ៍ និងបណ្ដាញ ធាំរាសាស្រ្តតំបន់អង្គរខ្ទេចឃ្ទីអស់ ។
ហើយយើងពុំមានលទ្ធភាពជួសជួលស្ដារឡើងវិញបានឡើយ
ហើយខូចខាតច្រើនព្រោះជាប់ដៃទប់ទលជាមួយសត្រូវផង ។
បើកទ្វារក្រុងអង្គរខាងលិច
។ ទីបំផុតក្រុងអង្គរត្រូវធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃសត្រូវហើយយើងរំដោះបានវិញនៅឆ្នាំ
១៤២១ ក្នុងរាជព្រះបាទរមសុខា។
ខ.ការខូចខាតរចនាសម្ព័ន្ធសេដ្ឋកិច្ច
លោក B. Groolier : បានរកឃើញថា ធាតុអាកាស
និងធរណីនៅតំបន់អង្គរ មានប្រតិកម្មយ៉ាងសាហាវ ធ្វើឲ្យប្រព័ន្ធធារាសាស្រ្ត
ខូចខាតពុំអាចជួសជុលបាន ។ នៅតាមដងស្ទឹងដែលផ្លូវ បង្ហូរទឹកពោរពេញដោយភក់ល្បាប់
ធ្វើឲ្យទឹកហូរខុសផ្លូវ ធ្វើឲ្យប្រឡាយទឹក
សម្រាប់បង្ហូរចូលទៅប្រើប្រាស់ ក្នុងក្រុងអង្គរ ។ ប្រឡាយផ្សេងៗទៀតត្រូវគាំង ដំណើរការលែងកើត
។ ម៉្យាងទៀតនៅតំបន់អង្គរមានស្រទាប់ ដីឥដ្ឋ ដែលធ្វើឲ្យទឹកមិនអាចច្រោះទៅក្រោយបាន ។
ហើយនៅពេលប្រព័ន្ធធារាសាស្រ្តត្រូវ ខូចខាត រីងស្ងួត បានបន្សល់ទុកនូវអុកស៊ីតសែន
ហើយដីនៅតំបន់អង្គរប្រែក្លាយទៅជាថ្មបាយក្រៀម ដាំដំណាំលែងកើត ។
គ.សេដ្ឋកិច្ចធ្លាក់ចុះ
តាមសៀវភៅវ ថ៉ាច់ វ៉ាន់ផាត និងកែវ សុភុន បានរៀបរាប់ថា:សេដ្ឋកិច្ចខ្មែរសម័យអង្គរពឹងផ្នែកទាំងស្រុងទៅលើកសកម្មអតិផល
។ ហើយអាចធ្វើស្រែបានយ៉ាងហោចណាស់ ពីរ ទៅបី ដងក្នុងមួយឆ្នាំៗ ហើយបញ្ចូលទឹកតាមបណ្ដាញធារាសាស្រ្ត
។ តែនៅពេលដែលបណ្ដាញទាំងនេះខូចខ្ទេចខ្ទីអស់ យើងពុំអាចធ្វើកសិកម្មទាំងនេះទៀតឡើយ ។
ធ្វើឲ្យកើតមានទុរភិក្ស ក្រខ្សត់ខ្វះខាត់ ស្រូវអង្គរប្រជាជន ពុំមានអាហារហូបគ្រប់គ្រាន់ព្រមទាំងមានជម្ងឺផ្សេងៗ
មកយាយីថែមទៀតផង ។ លោក P Gouoa ប្រសាសន៍ថាជម្ងឺគ្រុនចាញ់រាតត្បាតយ៉ាងខ្លាំងនៅតំបន់អង្គរ។
ឃ.ព្រះរាជតម្រិះរបស់ព្រះបាទពញាយ៉ាត
នៅក្នុងសៀវភៅវរបស់លោកអាដេម៉ាឡឺក្លែរ
បានលើកឡើងថា :នៅពេលដែលព្រះបានពញាយ៉ាតប្រជុំជាមួយរាជវង្សានុវង្ស
នាម៉ឺនសព្វមុនមន្រ្តីនិងសេនាបតីទាំងឡាយ ទ្រង់មានបន្ទូលថា
ទីក្រុងអង្គរនិងអាយុធ្យាមិនឆ្ងាយពីគ្នាប៉ុន្មានទេ ហើយអាណាចក្រយើងជាសត្រូវជាមួយអាណាចក្រសៀម
។ ពីមុនអាណាចក្រខេត្តខាងលិចមានប្រជាជនច្រើនណាស់តែឥឡូវសៀមកៀរយកទៅអស់ហើយ ។
នៅខេត្តផ្សេងៗទៀតក៏ត្រូវសៀមកៀរយកទៅអស់ច្រើនដែរ ។ ហើយយើងពុំអាចយកប្រជាជន ឯណាមកដាក់បំពេញវិញបានទេ
។ បើយើងចង់វាយដំណើរមកវិញក៏មិនបាន
ពីព្រោះមានការយាមយ៉ាងម៉ឺងម៉ាត់ណាស់ហើយយើងក៏បានធ្វើសង្រ្គាមតទៅទៀតដែរ ។
ថ្វីត្បិតតែរាជធានីយើងធំនិងមានរបងការពារយ៉ាងរឹងមាំក៏ដោយ
បើសៀមលើកទ័ពមកវាយលុកម្ដងទៀត យើងពុំអាចទប់ទល់ការពារបានឡើយ ព្រោះយើងមានប្រជាជនតិច ។
ដូច្នេះយើងគួរតែបោះបង់ទីក្រុងនេះហើយទៅកសាងទីក្រុងថ្មីវិញទៀត ។
III.
វិធីសាស្ត្រស្រាវជ្រាវ
៣.១.ប្រភេទនៃការស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវទៅលើប្រធានបទនេះត្រូវបានអនុវត្តទៅតាមវិធីសាស្រ្តបែបគុណវិស័យ
( qualitative ) ។
រាល់ព៌តមានទិន្នន័យទាំងឡាយដែលយើងរកបានត្រូវបានវិភាពបកស្រាយពន្យល់ហេតុផលយ៉ាងល្អិតតល្អន់
បើឃើញមានចំណុចណាដែលពុំសមរម្យយើងបានផាត់ចោល
ហើយទុកតែចំណុចដែលឆ្លើយទៅនឹងប្រធានបទតែប៉ុណ្ណោះ ។
៣.២.ការប្រមូលទិន្នន័យ
សកម្មភាពទី១ : បានកំណត់ទីតាំងដែលត្រូវទៅរកឯកសារ,
សៀវភៅវនៅបណ្ណា
ល័យ RUPP 2
និងបណ្ណាល័យហ៊ុន សែន ។
សកម្មភាពទី២:
ទៅស្វែងរកឯសារដែលឆ្លើយតបនិងប្រធានបទ យើងទៅរកមើលសៀវភៅនៅក្នុង ទូ ធ្នើរ
ដែលគេបានរៀបទុក ហើយរកមើលសៀវភៅវណាដែលមានចំណងជើងទាក់ទងទៅនឹងប្រធានបទ
បន្ទាប់មកអានរកឃើញហើយយើងពិនិត្យមើល មាតិកា និងអត្ថន័យ ។
សកម្មភាពទី៣
: រកបានសៀវភៅវដែលនិយាយឆ្លើយតបទៅនឹងប្រធានបទហើយ
យើងបានខ្ចីវាពីបណ្ណាល័យ មកអាននៅផ្ទះ ហើយសង្ខេបអត្ថន័យនៅក្នុងសៀវភៅវនីមួយៗ ។
សកម្មភាពទី៤ :
នៅសង្ខេបអត្ថន័យដែលឆ្លើយតបទៅនឹងប្រធានបទហើយយើងរៀបចំទិន្នន័យជាក្រុមៗ
ទៅតាមប្រភេទនីមួយៗ ។
៣.៣.ការវិភាគទិន្នន័យ
រាល់ពត៌មាន របកគំហើញ
និងទិន្នន័យទាំងឡាយដែលរកបាន យើងបានយកមកវិភាគយ៉ាងទៅលើចំណុចនីមួយៗ
ដោយមានហេតុផលច្បាស់លាស់ត្រឹមត្រូវ ទើបយើង
ទួយក ។
បើមើលឃើញចំណុចណាដែលពុំសមហេតុផល ខ្វះភស្តុតាង បញ្ជាក់គាំទ្រយើងនឹងផាត់វាចោល ។
IV.
លទ្ធផលនៃការស្រាវជ្រាវ
មូលហេតុនៃការបោះបង់ចោលទីក្រុងអង្គរ
៤.១.សង្រ្គាមឈ្លានពានរបស់សៀម
លើកទី១ (១៣៥១-១៣៥៤)នៅឆ្នាំ ១៣៥២ ក្នុងរជ្ជកាលរាមាធិបតីទី១ (ស្តេចថៃ)
ព្រះអង្គបានលើកទ័ពមកលុកលុយកម្ពុជាដែលមិនព្រមចុះចូលនិងព្រះអង្គ។ពេលនោះព្រះអង្គក៏បានរៀបចំពលឲ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះរាជបុត្ររាមាសូរ
រូចបញ្ជាឲ្យធ្វើដំណើរមកកម្ពុជាទាំងយប់ទាំងថ្ងៃ។
ពេលនោះអាជ្ញាធរខ្មែរពុំបានគិតថាសៀមហ៊ានលើកទ័ពមកលុកលុយកម្ពុជាឡើយ ម្លោះហើយពុំបានត្រៀមខ្លួនដើម្បីនិងទប់ទល់ទេ
ក៏នាំគ្នាដកថយគេចចេញពីមុខទ័ពសៀម
តែបានចាត់អ្នកនាំសារ នាំដំណឹងនេះមកថ្វាយព្រះបាទលំពង់រាជា
នៅឯរាជធានីឥន្ទបត្តបុរី។
សារនេះបានមកដល់មហានគរនៅវេលាថ្ងៃត្រង់
ពេលទ្រង់ជ្រាបដំណឹងនេះគ្រប់សព្វហើយព្រះអង្គក៏បញ្ជាព្រះអនុជ សុរិយាទ័យជាឧបរាជកេណ្ឌទ័ព
២ ម៉ឺននាក់នៅក្នុងស្រុកនិងជិតរាជធានី រៀបចំទប់ទល់និងទ័ពសៀម។ ពេលចេញព្រះរាជបញ្ជារួចទ្រង់បើកសាវនាកា
ប្រជុំសព្វគ្រប់មុខមន្រ្តីរបៀបជាក្រុមប្រឹក្សាសង្រ្គាម ហើយលើកសំនួរថា”ប្រទេសយើងមានសុខសន្តិភាពយួរណាស់មកហើយ យើងពុំដែលមានការហ្វឹកហាត់ទ័ពទេ
ស្រាប់តែពេលនេះទ័ពសៀមបានលើកទ័ពមកលុកលុយវាយយើងយ៉ាងនេះ
តើអស់លោកមានយោបល់យ៉ាងដូចម្ដេច?”
ព្រះឧបរាជឆ្លើយឡើងថា”ទ័ពសៀមពិតជាមានការនឿយហត់ ហើយដោយត្រូវធ្វើដំណើរមកទាំងយប់ទាំងថ្ងៃដូចនេះព្រោះចង់វាយយើងឲ្យបានឆាប់ទាំងយើងពុំបានដឹងខ្លួន។ពួកវាបានប្រមាថមើលងាយខ្មែរគិតថា
យើងពុំចេះច្បាំងនិងការពារខ្លួនទេ។ ចំណែកទ័ពខ្មែរវិញថ្វីដ្បិតតែមិនបានហ្វឹកហាត់
តែទ័ពយើងនៅមានកម្លាំងខ្លាំងក្លាហើយមានចេតនាចង់ប្រយុទ្ធ។ព្រះបាទលំពង់រាជាទ្រង់យល់ឃើញ “ព្រះតម្រិះរបស់ព្រះអនុជត្រឹមត្រូវហើយ ទើបទ្រង់ព្រមឲ្យសម្តេចមហាឧបរាជកាន់ទ័ព
៥ ម៉ឺននាក់ទៅវាយសៀមភ្លាម ហើយចាត់ឲ្យកេណ្ឌរាស្រ្ត ១៥០០០០នាក់ ទៀតឲ្យទៅការពារនគរ។
ពេលរៀបក្បួនទ័ពតាមក្បួនស្រេចហើយទ្រង់ឡើងគង់នៅ ឯព្រះទីនាំងគជេន្រ្ទចងគ្រឿង បវររតថ៏
បវររដ្ឋាយុទ្ធ ទើបព្រះអង្គលើក ទ័ពសេះទ័ពថ្មើរជើងប្រកបដោយសាស្រ្តាវុធ
តាំងតែពីប្រលប់ពេលទៅដល់ទ័ពសៀមកំពុងតែរៀបចំតែងតាំងបន្ទាយយ៉ាងប្រញ៉ាប់ប្រញាលព្រះឧបរាជ
ក៏បញ្ជាឲ្យពលឡោមព័ទ្ធជុំជិត
ពេលទ័ពសៀមពុំបានដឹងថាខ្មែរមកលុកលុយដូច្នេះក៏មានការភ្ញាក់ផ្អើលភិតភ័យរត់ចោលគ្រឿងសាស្រ្តវុធទៅទីទៃផ្សេងៗអស់។ហើយព្រះអម្ចាស់
ស៊ីសាវ៉ាត ក៏ត្រូវមហាឧបរាជខ្មែរធ្វើគត់នៅលើដំរីទៅ។
ចំណែកកងទ័ពខ្មែររវល់តែសប្បាយរីករាយនិងជ័យជំនះ
ក៏ភ្លេចគិតដេញតាមទ័ពសៀមធ្វើឲ្យពួកគេរត់គេចខ្លួនបាត់អស់ទៅ។
ទ័ពខ្មែរក៏ត្រលប់មកក្រុងអង្គរវិញ ព្រមទាំងប្រមូលបានដំរីសេះ
ព្រមទាំងឈ្លើយសឹកជាច្រើន។
ក្រោយបានទទួលបានដំណឹងបរាជ័យ និងការសុគតរបស់ព្រះរាជនត្តាស៊ីសាវ៉ាត់ ស្តេចសៀមក៏បញ្ជាឲ្យកេណ្ឌទ័ពបន្ថែមទៀត
ដោយដាក់នៅក្រោមការបញ្ជារបស់ ព្រះចៅបាសាធ
ចៅអាត និងចៅកំបង់ពិសី។
ធ្វើដំណើរមកក៏បានជួបនិងទ័ពរបស់ព្រះរាមាសូរ
រួចនាំគ្នាបោះជំរំនៅចំងាយប្រហែលដើរពីរ ឬ បីថ្ងៃដោយថ្មើរជើងពីព្រំដែនសៀមខ្មែរ។ ពេលនោះកងទ័ពខ្មែរត្រូវព្រះរាជារំសាយ
ឲ្យទៅធ្វើស្រែចម្ការវិញអស់ទៅ
ដោយគិតថាសៀមពុំហ៊ានលើកទ័ពមកលុកលុយម្តងទៀតទេ។ ពេលប្រកាសផ្សព្វផ្សាយមិនទាន់ផុតផង
ទ័ពសៀមក៏លើកមកដល់ ព្រះរាជាខ្មែរមានព្រះទ័យព្រួយបារម្ភណាស់
ក៏ប្រកាសឲ្យកេណ្ឌទ័ពមកវិញដែរតែពុំទាន់
ហើយប្រជារាស្រ្តដែលនៅក្បែររាជធានីក៏រត់ចូលមកក្នុងរាជធានី ដែលមានកំពែងការពារដ៏រឹងមាំ។
ពេលនោះព្រះរាជាក៏បើកសាវនាកា ហើយប្រកាសប្រាប់អង្គប្រជុំថាទ័ពសៀមលើកមកម្តងនេះច្រើនជាងឆ្នាំមុនដប់ដង ឯខាងយើងគ្មានកងទ័ពទេ ។
ក្រោយមកព្រះអង្គស្តាប់យោបល់របស់
មហាឧបរាជសុរិយោទ័យនិងសេនាបតី មន្រ្តីហើយ ទ្រង់ចាត់
ឲ្យព្រះភាគិនេយ្យរបស់ព្រះអង្គព្រះស្រីសុរិយោវង្ស
ឲ្យចេញទៅកេណ្ឌទ័ពនៅតាមខេត្តមកជួយរាជធានី។
បីថ្ងៃក្រោយមកទ័ពសៀមក៏បានបង្ហាញខ្លួន នៅមុខរាជធានី ហើយចាប់ផ្តើមវាយប្រហារ។ ព្រះរាមាសូរ
រាយទ័ពពីខាងជើង ចៅបាសាធពីខាងកើត ចៅបាអាត ខាងត្បូង និង ចៅកំបង់ពិសីពីខាងលិច។ សៀមបានសាកល្បងវាយជាច្រើនលើកដែរ តែឥតប្រយោជន៍
ព្រោះមានកំពែងការពារយ៉ាងរឹងមាំ នឹងមានទាហ៊ានការពារយ៉ាងម៉ឺងមាត់ទាំងយប់ទាំងថ្ងៃ។
ពេលនោះព្រះចៅក្រុងកម្ពុជាក៏លើកទ័ពផ្ទាល់ទៅប្រយុទ្ធជាមួយសៀមយ៉ាងសាហាវ តែមិនឈ្នះមិនចាញ់ទេ
ពេលល្ងាចទ្រង់លើកទ័ពចូលមករាជធានីវិញ។
ក្រោយមកព្រះរាមាសួនចាត់ឲ្យទ័ពខ្លួនលើកប្រាង្គខ្ពស់ៗ
ប្រហាក់ប្រហែលនិងកំពែងក្រុងអង្គដែរ ដើម្បីងាយស្រួលបាញ់កាំភ្លើង
និងជៀសវាងការខូចខាត។ ខ្មែរនិងសៀមច្បាំងគ្នារបៀបនេះរអស់រយៈពេល ៤ ខែចាប់ពីខែ ធ្នូ
ឆ្នាំ១៣៥២ ដល់ខែ មីនា ឆ្នាំ១៣៥៣ គ្មានអ្នកឈ្នះអ្នកចាញ់ទេ។
ក្រោយមកព្រះបាទលំពង់រាជាបានផ្ញើសារមួយច្បាប់
ទៅឧត្តមសេនីយ៍សៀមសួរថា”កម្ពុជាជាមហាអាណាចក្រធំមួយ
ឯសៀមគ្រាន់តែជានគរតូចមួយចំណុះកម្ពុជាប៉ុណ្ណោះ។
សៀមបានឯករាជ្យ យើងមិនបានរំខានព្រោះមិនចង់មានសត្រូវ។ ហេតុអ្វីសៀមមកលុកលុយកម្ពុជា? ពេលទទួលបានសារនេះ
ហើយឧត្តមសេនីយ៍សៀមឆ្លើយថា ”បើកម្ពុជាទទួលស្គាល់អធិរាជភាពរបស់ស្តេចសៀម គេនឹងដកទ័ពទៅវិញអស់។ ព្រះរាជាឆ្លើយទៅវិញថា ទ្រង់សុខចិត្តស្លាប់ជាជាងចុះចូល
ដែលធ្វើឲ្យបាត់បង់នូវកិត្តិនាម ខ្មាសរាស្រ្ត។
ហើយព្រះអង្គប្រកាសថានិងចេញទៅទប់ទល់ដល់ទីបញ្ចប់។
ឯសៀមក៏បានបង្កើនការវាយប្រហារនិងការពារដដែល។
ដល់រដូវវស្សា
សៀមបានផ្ញើសារទៅស្តេចគេ ថាបើចង់ដណ្តើមកម្ពុជាត្រូវចាប់វាយឥឡូវនេះ ពេលនោះទ័ពសៀមក៏ឯកភាពសំណើរនេះ ហើយកេណ្ឌទ័ពបន្ថែម
នៅចុងខែ វស្សា។ ឯព្រះរាជាខ្មែរវិញទ្រង់ចេញទៅកេណ្ឌទ័ពអស់ពេល ៨
ខែហើយបាននាំចូលមកដល់រាជធានី។ ទ្រង់ក៏បានលើកទ័ពមួយកងទៅជិតសៀម
ហើយមិនដឹងខ្លួនត្រូវទ័ពសៀមវាយរត់ខ្ចាត់ខ្ចាយអស់។
ពេលនោះព្រះបាទលំពង់រាជា គេចទៅប្រទេសឡាវ
ទ័ពព្រះអង្គបាត់ខ្លួនព្រះអង្គពុំដឹងទៅណាក៏មានការបែកខ្ញែកអស់ រត់ទៅស្រុកវិញ។ សៀមឃើញដូចនោះ ក៏លើកទ័ពទៅវាយ
តែត្រូវទ័ពខ្មែររុញច្រានថយទៅវិញ។សៀមព័ទ្ធក្រុងអង្គរមួយឆ្នាំទៀតតែដណ្តើមមិនបាន។ ហើយព្រះបាទលំពង់រាជា ក៏ប្រឈួនហើយសុគត ទ័ពខ្មែររត់បែកខ្ញែកគ្នាអស់
ហើយក្រុងអង្គរធ្លាក់ក្នុងកណ្តាប់ដៃសៀមនៅឆ្នាំ១៣៥២នោះទៅ ។ យើងរំដោះបាននៅឆ្នាំ
១៣៥៤ ដោយព្រះស្រីសុរិយោវង្សទី១។
លើកទី២
(១៣៩៣-១៤០១)
លុះមកដល់ឆ្នាំ ១៣៩៣
ក្នុងរជ្ជកាលព្រះបាទធម្មាសោកសៀមបានលើកទ័ពមកវាយខ្មែរម្ដងទៀត។ ពេលនោះព្រះរាជាខ្មែរបានរៀបចំទ័ពជា ៤
កងដឹកនាំដោយ ពញាកែវ ពញាតី ចៅពញាយ៉ាត និងចៅហ្វ៊ាទល្ហៈ ឲ្យចេញទៅទប់ទល់នឹងទ័ពសៀម។
តែមានពីរកងពលដែលដឹកនាំដោយ ពញាទ័យ និងពញាកែវ ពុំព្រមប្រយុទ្ធតទល់ជាមួយសៀមទេ
ចេះតែដកថយ ទ័ពសៀមចេះតែរុកចូលមក។ ក្រោយពេលធ្វើការឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល ៧ ខែ
មកទ័ពសៀមបានធ្វើការទាក់ទងសំងាត់ជាមួយអម្ចាស់កែវ និង
ទ័យឲ្យលបលួចបើកទ្វារបន្ទាយក្រុងអង្គរ
ឲ្យទ័ពសៀមចូលពេញក្រុងអង្គរ ការប្រយុទ្ធគ្នាកើតមានយ៉ាងកោលហល់
ហើយព្រះបាទធម្មាសោកទ្រង់ក៏សុគតក្នុងសង្រ្គាមនោះទៅ។ ទីក្រុងអង្គរត្រូវសៀមកាន់កាប់នៅឆ្នាំ ១៣៩៤ ។
យើងរំដោះបានមកវិញនៅឆ្នាំ ១៤០១ ក្នុងរជ្ជកាលព្រះបាទស្រីសុយោវង្សទី២ ។
លើកទី៣
(១៤២០) នៅឆ្នាំ ១៤២០ ក្នុងរជ្ជកាលព្រះបាទ បរមសុខា
សៀមបានលើកទ័ពមកម្តងទៀតក្នុងបំណងសងសឹកនិងឈ្លានពានកម្ពុជា។
ទ័ពសៀមបានឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល ៧ ខែតែវាយខ្មែរពុំបែក
ដោយមានកំពែងក្រុងការពារដ៏រឹងមាំ ។
ដោយទ័ពសៀមឡោមព័ទ្ធយូរ ដូចនេះជាហេតុធ្វើឲ្យស្បៀងកាន់តែរលោះទៅៗ
ហើយកងទ័ពជំនួយខ្មែរជិតមកដល់ផង ធ្វើឲ្យពួកវាមានការភិតភ័យណាស់ ។ ក្រោយមកមានទាហានសៀម ៦ នាក់ឈ្មោះ នាយអឿន នាយលាន នាយចាន់
នាយដេត នាយកៅ និង នាយឌីបានគិតឃើញល្បិចកល់មួយរួចមកក្រាបទួលព្រះបរមរាជាថា ”សៀមវាយក្រុងអង្គរតាមកម្លាំង យុទ្ធសាស្រ្តពុំងាយទេ
។ រូបបង្គំទាំង ៦ នាក់ ស្ម័គ្រទៅស្លង់កាំភ្លើងនៅក្នុងអង្គ
រដែលដាក់ចាំនៅផ្លូវថ្នល់បានសិនចាំធ្វើអ្វីតាមទំនើងចិត្តបាន ។
ពេលព្រះចៅរាមាស្តេចសៀមព្រះសណ្តាប់ហើយ ទ្រង់មានអំណរណាស់ ហើយត្រាស់ថា
បើសិនជាអ្នកទាំង ៦ ធ្វើបានសម្រេច យើងនិងឲ្យរង្វាន់
ថាហើយទ្រង់ក៏ក្លែងធ្វើពិរោធហើយមានបន្ទូលថា ”ម្សិលមិញអញឲ្យឯងឡើងទៅមហានគរម្តេចក៏ឯងនាំគ្នាដកថយមកក្រោយវិញ” ពួកឯងត្រូវទទួលទោសពេញច្បាប់
ថាហើយទ្រង់បញ្ជា ឲ្យគេចងដៃទាហានទាំង៦ នាក់នោះ
វាយ ៥០ រំពាត់ម្នាក់និងលាក់សញ្ញាជើងក្អែកនៅលើថ្ងាស់ហើយលែងវាចោលដើម្បី
ជាបម្រាមដល់ទាហានទាំងអស់ ។
ជិតដល់ពេលអធ្រាតទាហានទាំង ៦
ក៏ចេញទៅលួចជួបទាហានយាមល្បាតរបស់ខ្មែរពេលឃើញហើយទាហានខ្មែរក៏ចាប់អ្នកទាំង ៦
នាក់នោះជូនឲ្យទៅសម្តេចចៅហ្វាយទឡះពេលទ្រង់
ជ្រាបគ្រប់សព្វហើយក៏នាំអ្នកទាំង ៦ ទៅថ្វាយព្រះរាជាៗសួរថា
ហេតុអ្វីបានជាឯងបែកខ្នង បែកថ្ងាស់មកក្រាបយំដូច្នេះ។ ទាហ៊ានទាំង ៦ នោះក្រាបទូលថា”ទូលបង្គំបានយកអាសារស្តេចសៀមជាច្រើនលើកមកហើយ តែពុំបានគុណបំណាច់អ្វីសោះ
ពីម្សិលទ្រង់បញ្ជាឲ្យទូលបង្គំវាយបន្ទាយខាងត្បូងឲ្យបែកតែទូលបង្គំទាំង ៦
ធ្វើពុំបានទ្រង់ត្រាស់ឲ្យវាយនិងលាក់ថ្ងាស់ទូលបង្គំហើយត្រាស់
ឲ្យសម្លាប់ទូលបង្គំនៅព្រឹកនេះទៀតផង។
ហេតុនេះបានជាទូលបង្គំមានការភិតភ័យ
ហើយមកសូមជ្រកក្រោមម្លប់បារមីព្រះ អង្គ។ ពេលទាហានទាំងនោះកំពុងតែចូលមកមន្រ្តីខ្មែរម្នាក់
មកក្រាបទូលព្រះអង្គពីរឿងរ៉ាវទាំងនេះហើយក៏ស្របគ្នាជាមួយសម្តីទាហានទាំង ៦
ទើបព្រះរាជាខ្មែរព្រមយកអាសារឲ្យអ្នកទាំងនោះជ្រកកោន។ក្នុងចំណោមទាហានទាំង ៦
នាក់នោះមាន ២ នាក់ត្រូវស្លាប់ដោយជំងឺបែកខ្នង។ទាហានដែលនៅសល់បួននាក់នោះ
តែងតែជួយច្បាំងនិងទាហានសៀមជាញឹក ញាប់។ ពេលព្រះរាជាខ្មែរមើលឃើញដូច្នេះក៏ប្រទានរង្វាន់ តម្លើងបុណ្យសក្ត័
ឲ្យជារឿយៗ។ ពេលទាហានទាំង៤យល់ថាបានការ ហើយក៏សរសេរសំបុត្របាញ់ឲ្យទៅគ្នាវា
ប្រាប់តាមដំណើររឿង។ហើយបន្ទាប់មក ក៏បានដើរទៅស្លង់កាំភ្លើងបានទាំងអស់។
ពេលទ័ពសៀមឃើញឱកាសល្អហើយ
ក៏លើកទ័ពមកវាយលុកគ្រប់ទិស ទាហានខ្មែរឃើញសៀមឡោមព័ទ្ធគ្រប់ទិស
ក៏អុជកាំភ្លើងធំបាញ់ទៅទ័ពសៀម តែពុំចេញគ្រាប់ ទើបច្បាំងនឹងកាំភ្លើងតូច ធ្នូ ស្នា
វិញ។ទ័ពសៀមភ័យស្លុតស្លាប់អស់ជាច្រើន។ ពេលសៀមវាយពុំបែកទើបទាហានបង្កប់ខ្លួន៤នោះលួច
ដុតឃ្លាំងអាវុធ និងបើកទ្វារបន្ទាយខាងលិចឲ្យរបើកឡើង
ពេលឃើញដូចនោះទ័ពខ្មែរស្ទុះទៅកាប់សម្លាប់ទាំង៤នោះស្លាប់ភ្លាមៗ
ពេលទ្វារនគរបើកហើយទ័ពសៀមបានលើកចូលមកពេញ ការប្រយុទ្ធគ្នាកើតមានយ៉ាងកោលាហល់
ពេញពីក្រុងអង្គរ ព្រះបាទធម្មាសោកទ្រង់សុគតក្នុងសង្រ្គាមនោះ
កងទ័ពខ្មែរក៏រត់ខ្ចាត់ខ្ចាយអស់ទៅ។សៀមចូលមកក្រុងអង្គនៅឆ្នាំ១៣៨០ ខ្លះថាឆ្នាំ ១៣៩៣ ។
យើងរំដោះបានមកវិញនៅឆ្នាំ ១៤២១ ក្នុងរាជរបស់ព្រះបាទបរមសុខា។
៤.២.ការខូចខាតរចនាសម្ព័នសេដ្ឋកិច្ច
នៅពេលសង្រ្គាមជាមួយសៀមម្តងៗពួកវាបានបំផ្លាញផ្ទះសម្បែង
ប្លន់ទ្រព្យសម្បត្តិ កំទេចផលដំណាំ
សម្លាប់អ្នកស្រុក បំផ្លាញទំនប់បារាយណ៍ និងបណ្តាញធារាសាស្ត្រឲ្យខូចខាតខ្ទេចខ្ទីអស់។ហើយលោក B.Groolier :បានរកឃើញថា អាកាសធាតុ
និងធរណីនៅតំបន់អង្គរមានប្រតិកម្មមួយយ៉ាងសាហាវធ្វើឲ្យប្រព័ន្ធធារាសាស្រ្តខ្មែរខូចខាតយ៉ាងដំណំ។
នៅតាមដងស្ទឹងទាំងឡាយពោពេញទៅដោយភក់ល្បាប់
ធ្វើឲ្យទឹកហូរខុសផ្លូវ ការបង្ហូរទឹកសម្រាប់ប្រើប្រាស់ក្នុងតំបន់អង្គរនិងប្រឡាយផ្សេងៗទៀតត្រូវគាំងដំណើរការ។
ហើយនៅពេលបារាយណ៍ទឹកថ្លាខាងកើត ត្រូវរីងស្ងួតដោយសារតែប្រព័ន្ធផ្លូវទឹកមាន
បញ្ហាកកស្ទះនៅតាមច្រកបណ្តោយបង្ហូរទឹកក្នុងបារាយណ៍ទឹកថ្លា
ខាងលិចក៏លែងមានទឹកច្រើនដូចមុនទៀតដែរ។ ហេតុនេះយើងត្រូវស្តារជួសជុលប្រព័ន្ធផ្លូវទឹកនេះឡើងវិញនិងជីកបារាយណ៍ថ្មីៗថែមទៀត។
តែយើងពុំមានលទ្ធភាពជួលជុលបានទេព្រោះវាខូចខាតច្រើនពេក ហើយយើងរវល់ទប់ទល់នឹងសត្រូវផង។
លោក
B.p.Groolier ក៏បានរកឃើញតួនាទីនៃការផ្លាស់ប្តូរ រូបគីមីនៃដីដាំដំណាំ
ហើយនៅតំបន់អង្គរទាំងមូលមានដីឥដ្ឋ មួយស្រទាប់ដែលធ្វើឲ្យទឹកពុំអាចហូរច្រោះចូលទៅក្រោម
បាន។ នៅពេលដែលប្រព័ន្ឋធារាសាស្រ្តខូចខាតរីងស្ងួត
បានបន្សល់ទុកនូអុកស៊ីតដែក ដែលចេញពីដីស្របក្រោមធ្វើឲ្យដីតំបន់អង្គរ
ប្រែក្លាយទៅជាថ្មបាយក្រៀមធ្វើកសិកម្មលែងកើត។
៤.៣.សេដ្ឋកិច្ចធ្លាក់ចុះ
សេដ្ឋខ្មែរនៅសម័យអង្គរពឹងផ្អែកទាំងស្រុង
ទៅលើកសិកម្មយថាផល ។ លោក B.Grodier ថាខ្មែរនៅសម័យអង្គរយ៉ាងហោចណាស់ ក៏អាចធ្វើកសិកម្មបាន
ពីរឬបីដងដែរក្នុងមួយឆ្នាំ ដោយការបង្ហូទឹកបញ្ជូលតាមប្រព័ន្ឋធារាសាស្រ្ត។
តែនៅពេលដែលសៀមបានវាយប្រហារទីក្រុងអង្គរនៅឆ្នាំ១៤៣១-១៤៤៥ រចនាសម្ព័ន្ឋ និង
ធារាសាស្រ្តនៅតំបន់អង្គរត្រូវខូចខាតអស់
ធ្វើឲ្យគ្រឿងឧបភោគបរិភោគសម្រេចផ្គត់ផ្គង់ជីវភាពរាជវង្ស
មានការធ្លាក់ចុះយ៉ាងខ្លាំង។ពេលផលិតផលកសិកម្មមានការធ្លាក់ចុះបង្ករឲ្យមានគ្រោះទុរភិក្ស
ខ្វះស្រូវអង្ករ ធ្វើឲ្យប្រជាជនជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិត។លោកP.Gouou មានប្រសាសន៍ថា
ជំងឺគ្រុនចាញ់បានរាតល្បាតយ៉យខ្លាំងនៅតំបន់អង្គរ។
៤.៤.ព្រះរាជតម្រិះរបស់ព្រះបាទពញាយ៉ាត
នៅពេលដែលព្រះបាទពញាយ៉ាតប្រជុំជាមួយ
រាជវង្សានុវង្សនាម៉ឺន សព្វមុខមន្រ្តីនិងសេនាធិបតីទាំងឡាយ រួចទ្រង់មានបន្ទូលថា “ទីក្រុងអង្គរនិងទីក្រុងអយុធ្យានៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ ហើយអាណាចក្រសៀម និងអាណាចក្រយើងជាសត្រូវនិងគ្នា។
ពីមុនបណ្តាខេត្តខាងលិចមានប្រជាជនច្រើនណាស់ តែឥឡូវត្រូវសៀមកៀរយកអស់ជាច្រើន
យើងពិបាកនិងរកប្រជាជនមកពីណាបំពេញណាស់។ បើចង់ដណ្ដើមខេត្តដែលសៀមកៀរយកទៅ
មកវិញក៏មិនបាន ព្រោះមានការយាមយ៉ាងម៉ឺងម៉ាត់ណាស់ ណាមួយយើងពិបាក
និងធ្វើសង្រ្គាមទៀតផង។ ហើយខេត្តព្រំដែន មិនអាចរើសទ័ពសម្រាប់ទបប់ទល់
និងការលុកលុយរបស់សៀមបាន ឡើយ។
រាជធានីយើងធំ មានរបងការពារដ៏រឹងមាំ តែមានប្រជាជនតិចដូច្នោះមិនគ្រប់គ្រាន់និងការពារឡើយ។
បើសៀមលើកទ័ពវាយនឲម្តងទៀត
យើងពុំអាចទប់ទល់បានឡើយទាំងពួកព្រាហ្មណ៍ទាំងសាសនិកត្រូវរងទុក្ខវេទនាដូចគ្នា។យើងគួរតែចាកចោលរាជធានីនេះដែលយើងពុំអាចការពារបានហើយទៅតាំងរាជធានីថ្មីនៅខេត្តស្រីសឈរវិញ”។
V.
សេចក្ដីសន្និដ្ឋាននិងអនុសាសន៍
ក.សេចក្ដីសន្និដ្ឋាន
ការសិក្សាស្រាវជ្រាវលើប្រធ្វើទៅលើប្រធានបទ “មូលហេតុនៃការបោះបង់ចោលទីក្រុងអង្គរ”នេះ គឺជាប្រធានបទមួយដ៏សំខាន់ មានតម្លៃ និងមានប្រយោជន៍ណាស់
ដែលចាំបាច់ត្រូវលើកមកសិក្សាស្រាវជ្រាវ និងចងក្រងទុកជាស្នាដៃ សម្រាប់ សិស្ស និស្សិត
ក្រោយៗបានសិក្សាបន្ត។ ហើយវាក៏ជាកាតព្វកិច្ចមួយ កុលបុត្រខ្មែរ
គ្រប់ៗរូបត្រូវដឹងឲ្យបានច្បាស់លាស់។ នៅក្នុងការស្រាវជ្រាវនេះយើង បានរកឃើញមូលហេតុ
បួន យ៉ាងដែលនាំឲ្យមានការបោះបង់ចោលទីក្រុងអង្គរ គឺ ការឈ្លានពានរបស់សៀម
ការខូចខាតរចនាសម្ព័ន្ធសេដ្ឋកិច្ច សេដ្ឋជាតិធ្លាក់ និង ព្រះរាជតម្រិះរបស់ព្រះបាទពញាយ៉ាត
ទ្រង់យល់ឃើញថា យើងត្រូវផ្លាស់ប្ដូររាជធានី ព្រោះយើងពុំមានលទ្ធការពារបានឡើយ។
ខ .អនុសាសន៍
ក្នុងនាមយើងជាអ្នកស្រាវជ្រាវទៅលើប្រធានបទនេះ
យើងសូមសំណូមពរ ដល់សិស្ស និស្សិត និង កុលបុត្រខ្មែរគ្រប់ៗរូប គប្បីចេះឲ្យតម្លៃចំណេះដឹងផ្នែកប្រវត្តសាស្ត្រ
ឲ្យបានទូលំទួលាយ មានមនសិការកាចំពោះជាតិមាតុភូមិ។
ក្រោយពេលសិស្សាស្រាវជ្រាវបានច្បាស់លាស់ហើយ
គប្បីចេះជួយផ្សព្វផ្សាយ ថែរក្សាការពារ អភិរក្ស
ធ្វើយ៉ាងណាឲ្យចំណេះដឹងទាំងនេះ បានជ្រួលជ្រាបដល់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីលើកតម្កើង
ចំណេះដឹង ប្រវត្តិសាស្ត្រ ឧត្ដមភាពជាតិ។
ការស្រាវជ្រាវរបស់យើងពេលនេះបាន
ធ្វើការបកស្រាយតែមូលហេតុសំខាន់ៗ ចំនួន បួន ប៉ុណ្ណោះ។ ប្រសិនបើ
អ្នកសិក្សាស្រាវជ្រាវក្រោយៗទៀត បានរកឃើញមូលហេតុផ្សេងៗពីនេះ ឬ រកឃើញថា
ការស្រាវជ្រាវរបស់យើង នៅមានចំណុចខ្វះខាត សូមជួយសិក្សាស្រាវជ្រាវបន្តទៀត តាមការគួរ។
រៀបរៀងដោយ ឈិន ចណ្ឌី
ឯកសារពិគ្រោះ
១. លោក ឥន្ទ ឱមសាម៉េង.(២០០៣).កម្រងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា
២. លោក ថាច់ វ៉ាន់ផាត,កែវ សុភុន.(១៩៧៣).អាទិទេពក្រុងអង្គរ
៣. លោក ត្រឹង ងា.(១៩៧៣).ប្រវត្តិសាស្ត្រខ្មែរភាគ១ បោះពុម្ពនៅ ភ្នំពេញ
៤. លោក វង់ សុធារ៉ា និង ណុប សុខា.(២០១៥).ប្រវត្តិសាស្ត្រខ្មែរ .បោះពុម្ពនៅ ភ្នំពេញ
៥. លោក ប៉ុន ធឿន.(២០០៦).ប្រវត្តិសាស្ត្រខ្មែរ .បោះពុម្ពនៅ ភ្នំពេញ
៦. លោក អេង សុត.(២០០០).ឯកសារមហាបុរសខ្មែរ.បោះពុម្ពនៅ ភ្នំពេញ
៧. លោក អាដេម៉ាឡឺក្លែរ.(២០០៦).ប្រវត្តិសាស្ត្រប្រទេសកម្ពុជា.ប្រែសម្រួលដោយ ទេព ម៉េងឃាន បោះពុម្ពលើកទី២ នៅ បណ្ដាគារអង្គរ
No comments:
Post a Comment