Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Saturday, June 2, 2018

ពាក្យទំនឹមបុរាណខ្មែរ




        ពាក្យ"ទំនឹមបុរាណខ្មែរ"

(ពាក្យតែមួយអ្នកនិយាយផ្សេងគ្នា អត្ថន័យខុសគ្នា)

១.ចាក់ទឹកដូងរំលងសីមា
កន្ទុយត្រីប្រាមេនាងឩក
កន្ទុយត្រីផ្ទក់មីនាងចែ
អកកំបោរប្រចាំថង់
បំពង់ឬស្សីប្រចាំវែក
ក្បាលទំពែកក្អែកជុះអាចម៍ដាក់ប៉ក់។
(ប្រភពៈមរតកវី និង អ្នកម្នាង ចន្ទទេពី)
២.ចាក់ទឹកដូងមីឡំមីឡា
កន្ទុយត្រីប្រាមីនាងអុក
កន្ទុយត្រីផ្ទក់មីនាងកែវ
អកកំបោរប្រចាំថង់
បំពង់ឬស្សីប្រចាំវែក
ក្បាលទំពែកជុះអាចម៍ដាក់ប៉ក់
ជីពអំបិលៗ
ក្រលីតបាយសងៗ។
(ប្រភពៈNgon Sothearath )
៣.ចាក់ទឹកដូងបំផោងមួយពាន់
កាច់ឈើឈ្នាន់អន្ទន់អន្ទោង
កាច់របងរំលងសីមា
កន្ទុយត្រីប្រាមីនាងអុក
កន្ទុយត្រីផ្ទក់មីនាងកែវ
អកកំបោរប្រចាំថង់
បំពង់ឬស្សីប្រចាំវែក
ក្បាលទំពែកជុះអាចម៍ដាក់ប៉ក់។
(ប្រភពៈVutha TK)
៤. ក.បែបទី១
ចាក់ទឹកដូងពីទ្រូងម៉ែ
កន្ទុយខ្លែងខ្មែរពាក់ក្បាលក្រពើ
ក្រពើជិះសេះខ្ញុំជិះដំរី
ក្រពើចង់ឆីខ្ញុំឡើងធ្នះ
ក្រពើត្របាក់ខ្ញុំប្រឹងរុល
ក្រពើភ្នែកទុលខ្ញុំញីម្ទេស។
និយាយក្លាយទៅជា៖
ចាក់ទឹកដូងមីឡូងមីឡែ
កន្ទុយមានចែពាក់ក្បាលក្រពើ
ក្រពើជិះសេះខ្ញុំជិះដំរី
ក្រពើកងកីខ្ញុំកងកាក់
ក្រពើចាក់ច្រវាក់ខ្ញុំចាក់ម្ជុល
ក្រពើភ្នែកទុលខ្ញុំញីម្ទេស។
ខ.បែបទី២
ចាក់ទឹកដូងពីទ្រូងមាតា
កន្ទុយត្រីប្រាក្បាលនាងកុក
អកកំបោរចាំកូនស្រង់
បំពង់ស្រីចាំកូនវែក
ក្បាលម៉ែព្រែក
ក្អែកជុះអាចម៍ដាក់ប៉ក់។
និយាក្លាយទៅជា៖
ចាក់ទឹកដូងមីឡូងមីឡា
កន្ទុយត្រីប្រាមីនាងអុក
អកកំបោរប្រចាំថង់
បំពង់ឬស្សីប្រចាំវែក
ក្បាលទំពែកក្អែកជុះអាចម៍ដាក់ប៉ក់។
(ប្រភពៈ ឧបាសក គៀត ចាន់ថុន)
៥.ចាក់ទឹកដូងមីឡូងមីឡែ
កន្ទុយខ្លែងខ្មែរពាក់ក្បាលក្រពើ
ក្រពើជិះសេះខ្ញុំជិះដំរី
ក្រពើកងកីខ្ញុំកងកាក់
ក្រពើចាក់ច្រវ៉ាក់ខ្ញុំចាក់ម្ជុល
ក្រពើផោមផាច់ខ្ញុំផោមភុល
ដេញរមាំងឡើងគោក
ដេញឃ្លោកឡើងដី
ដេញដំរីស្រែកអ៊ូម។

៚ដោយ ឈិន ចណ្ឌី