Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Wednesday, June 6, 2018

ប្រវត្តិព្រះគម្ពីរបរិសុទ្ធ /ដោយ ឈិន ចណ្ឌី

"ប្រវត្តិព្រះគម្ពីរបរិសុទ្ធ"


១.ប្រវត្តិនៃការសរសេរព្រះគម្ពីរ

            ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលទ្រង់បានបណ្ដាលហោរា៤០នាក់តាក់តែងឡើង។ ជាទូទៅក្នុងការសរសេរសៀវភៅអ្វីមួយបាន គឺទាមទារឲ្យអ្នកដែលសរសេរ មានកម្រិតវប្បធម៌ខ្ពស់ បទពិសោធន៍ច្រើន ទើបអាចសរសេរសៀវភៅមួយបាន។ ប៉ុន្តែព្រះគម្ពីរត្រូវសរសេរឡើង ដោយអ្នកដែលមានចំណេះដឹង និងបទពិសោធន៍ផ្សេងៗគ្នាទាំងអស់ អ្នកខ្លះជាស្តេច អ្នកនយោបាយ អ្នកគង្វាលសត្វ អ្នកនេសាទ គ្រូពេទ្យ អ្នកបំរើ អ្នកយកពន្ធជាដើម។
តែនៅពេលយកកណ្ឌព្រះគម្ពីរទាំងអស់មកផ្ទឹមគ្នាគឺ ត្រូវរ៉ូវគ្នាឥតខ្ចោះ ឆ្លើយឆ្លងគ្នាទៅវិញទៅមក និងមានសាច់រឿងទាក់ទងគ្នាយ៉ាងល្អ។

  តើអ្នកនិពន្ធទាំងអស់នៅសរសេរព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា?

                                              ក្រាំងគម្ពីរអេសាយដែលត្រូវគេរកឃើញនៅសមុទ្រមរណៈ
      ➽នៅក្នុងគម្ពីរនិក្ខមនំបានបង្ហាញពីការដែលព្រះជាម្ចាស់សរសេរដោយផ្ទាល់នៅលើផ្ទាំងថ្ម គឺពេដែលលោក   ម៉ូសេឡើងលើភ្នំទៅជួបព្រះ។     
     ➽ហោរាបានសរសេរតាមដែលព្រះមានបន្ទូលមកកាន់ពួកគេ។
         ➽ព្រះជាម្ចាស់ដាក់ព្រះបន្ទូលក្នុងមាត់ពួកហោរា
    ➽ ព្រះជាម្ចាស់បានឲ្យពួកគេសរសេរដោយដៃផ្ទាល់ដូចជាគម្ពីរ ប្រវត្តិសាស្រ្ត គម្ពីរសញ្ញាថ្មី...។
_ប➡️ការថែរក្សាព្រះគម្ពីរ ដោយមិនឱ្យមានការបាត់បង់ទោះបីជាមានមនុស្សព្យាយាមបំផ្លាញយ៉ាងណាក៏ដោយ ក៏ព្រះគម្ពីរនៅរក្សាមកដល់ពេលបច្ចុប្បន្ននេះដដែល។
➡️ការសិក្សាផ្នែកបុរាណវិទ្យា ការសម្រេចបទទំនាយនានា ការផ្លាស់ប្រែជីវិតរបស់មនុស្សដែលអនុវត្តតាមព្រះបន្ទូលព្រះដែលមានចែងក្នុងព្រះគម្ពីរ  ព្រះវិញ្ញាណបរិសុទ្ធញាំងឱ្យចិត្តរបស់អ្នកជឿដឹងថា ព្រះគម្ពីរមានធាតុពិត។
         អ្នកនិពន្ធនីមួយៗមានស្ទីលនៃការសរសេររៀងៗខ្លួន ប៉ុន្តែព្រះជាអ្នកបណ្ដាលឲ្យពួកគេសរសេរមានលក្ខណៈត្រឹមត្រូវគ្មានកំហុស ហើយជាអ្វីដែលព្រះសព្វព្រះហឫទ័យមានបន្ទូលមកកាន់មនុស្ស។

v    តើយើងអាចដឹងថា ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរៀបណា?

     គ្រប់កណ្ឌនៃព្រះគម្ពីរសុទ្ធតែអះអាងថា ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើយើងស្វែងរកពាក្យ ព្រះយេហូវ៉ា និងពាក្យ មានបន្ទូល ពាក្យនេះមានដល់ទៅ ៣.៩១៧ដង ហើយមានតែក្នុងសញ្ញាចាស់តែប៉ុណ្ណោះ។ ម្យ៉ាងទៀតសោត បើយើងស្វែងរកពាក្យ ព្រះយេហូវ៉ាទ្រង់មានបន្ទូល ពាក្យនេះមានដល់ទៅ ៣១៤ដង ហើយពាក្យ ព្រះបន្ទូលនៃព្រះយេហូវ៉ា មាន ៣០២ដង។ ដូច្នេះយើងឃើញថា ព្រះគម្ពីរអះអាងខ្លួនឯងថា ជាព្រះបន្ទូលរបស់ព្រះពិតប្រាកដមែន។
➽អ្នកនិពន្ធមានឋានៈគ្រប់គ្រាន់ក្នុងការសរសេរកណ្ឌគម្ពីរទាំងអស់នេះ
➽នៅក្នុងកណ្ឌគម្ពីរទាំងមូលពេញដោយសេចក្ដីពិត មិនមានកំហុសឆ្គង មិនមានការកុហកបោកបញ្ឆោតឡើយ។
➽បើយើងមើលក្នុងប្រវត្តិសាស្រ្តព្រះគម្ពីរសញ្ញាចាស់ ត្រូវបានគេទទួលស្គាល់តាំងតែពីដើមរហូតមក គ្មានការប្រែប្រួល។
     គម្ពីរទាំង៦៦កណ្ឌមានភាពស៊ីចង្វាក់គ្នាមួយរយភាគរយ ឥតខ្វែងគំនិតគ្នាឡើយ

២.ទីកន្លែងសរសេរព្រះគម្ពីរ

 អ្នកនិពន្ធនៅទ្វីបបីផ្សេងគ្នា និងកន្លែងខុសៗគ្នា (អាស៊ីភាគខាងជើង អឺរ៉ុបភាគខាងត្បូង និងអាហ្វ្រិកខាងជើង)។ អ្នកខ្លះនៅក្នុងវាលរហោស្ថាន ក្នុងគុក ក្នុងវាំង ពេលធ្វើដំណើរតាមផ្លូវ ពេលមានសង្គ្រាម។ ពួកគេភាគច្រើនមិនធ្លាប់ស្គាល់គ្នាទាល់តែសោះ។

៣.ចំនួនកណ្ឌព្រះគម្ពីរ   

                                 កណ្ឌគម្ពីរទាំងអស់(មាន៦៦កណ្ឌ ឬសៀវភៅ)

             មានចំនួន៦៦កណ្ឌគឺច្រើនជាងគម្ពីរកូរ៉ានរបស់សាសនាអ៊ីស្លាម និងគម្ពីរព្រះត្រៃបីដករបស់ពុទ្ធសាសនា។ ទោះបីគម្ពីរមានរហូតដល់៦៦កណ្ឌ តែមិនមែនសរសេរពីរឿងផ្សេងគ្នាទេ ផ្ទុយទៅវិញគឺមានសាច់រឿងតែមួយ នេះជារឿងអស្ចារ្យណាស់ ព្រោះគម្ពីរសាសនាផ្សេងៗដូចជា សាសនាអ៊ីស្លាម ពុទ្ធសាសនា មានគម្ពីរតែមួយទើបធ្វើឲ្យវាមានលក្ខណៈទាក់ទងសាច់រឿងមួយបាន។ ប៉ុន្តែព្រះគម្ពីរគឺត្រូវបានផ្សំដោយសៀវភៅចំនួន ៦៦ តែមានសាច់រឿងទាក់ទងគ្នា និងផ្ដោតទៅលើសាច់រឿងតែមួយ។


៤.រយៈពេលនៃការនិពន្ធ

                                                           រយៈពេលនៃការសរសេរ
        តាំងពីគម្ពីរសញ្ញាចាស់រហូតដល់ចុងបញ្ចប់នៃព្រះគម្ពីរសញ្ញាថ្មីមានរយៈពេលប្រហែលជាង ១៥០០ឆ្នាំ គឺចាស់ជាងគម្ពីរហិណ្ឌូជាង ៥០០ឆ្នាំ គម្ពីរកូរ៉ាន ជាង២០០០ឆ្នាំ និងគម្ពីរត្រៃបិដកជាង ១៥០០ឆ្នាំ។

៥. ភាសាសរសេរ

          ត្រូវសរសេរឡើងដោយបីភាសាគឺ ហេព្រើ ក្រិក និងអារ៉ាមេក។ ទោះបីជាការសរសេររហូតដល់ទៅបីភាសា ដែលមើលទៅមានលក្ខណៈស្មុគស្មាញខាងភាសា អក្សរសាស្ត្រ ទេវវិទ្យា ...ក្ដីតែព្រះគម្ពីរមានភាពត្រូវរ៉ូវគ្នាយ៉ាងល្អដដែល។​ នេះបញ្ជាក់ថា ព្រះទ្រង់បានដឹងនាំក្នុងការសរសេររបស់ពួកគេ ទោះក្នុងភាសាផ្សេងៗគ្នាក្ដី។

                                                
                                                        


                                                                                             សាវ័កប៉ូលកំពុងសរសេរសំបុត្ររបស់គាត់   (គំនូរនៅស.វទី១៦)

៦.ផ្នែកនៃព្រះគម្ពីរ

ព្រះគម្ពីរចែកជាពីរផ្នែកធំៗគឺ

v    I.ព្រះគម្ពីរសញ្ញាចាស់
មាន៤ផ្នែកធំៗ (៣៩កណ្ឌ ៩២៧ជំពូក សរសេរជាភាសាហេព្រើ និងអារ៉ាមេក)

១.ប្រវត្តិសាស្ត្រ
ព្រះគម្ពីរពោរពេញទៅដោយរឿងរ៉ាវនៃការបង្កើតពិភពលោក ការធ្លាក់ចុះក្នុងអំពើបាបរបស់មនុស្ស ទឹកជំនន់ ដើមកំណើតដំបូងនៃអ៊ីស្រាអែល។

២.ក្រឹត្យវិន័យ
ព្រះគម្ពីរលេវីវិន័យ ជនគណនា និងចោទិយកថា គឺជាព្រះគម្ពីរដំបូង ដែលនិយាយអំពីក្រឹត្យវិន័យ ច្បាប់ស៊ីវិល សម្រាប់គ្រប់គ្រងរាស្រ្តអ៊ីស្រាអែល  និងក្រឹត្យវិន័យសាសនាក្នុងការដឹកនាំ ការថ្វាយបង្គំ និងក្បួនច្បាប់សម្រាប់ទំនាក់ទំនងផ្សេងៗ មានប្រវត្តិសាស្រ្ត និងក្រឹត្យវិន័យនៅលាយឡំគ្នា។


 ៣.កំណាព្យ
មាន៥កណ្ឌក្នុងព្រះគម្ពីរសញ្ញាចាស់ដូចជា យ៉ូប ទំនុកដំកើង សុភាសិត សាស្ដា និងបទចម្រៀងសាឡូម៉ូន។ កំណាព្យងាយស្រួលជាងគេបំផុតគឺ ទំនុកដំកើង ដូចជាក្នុងជំពូក២៣ សូម្បីតែក្មេងតូចៗ ក៏ចេះកំណាព្យនេះដែរ ហើយពោរពេញទៅដោយសេចក្ដីសន្យានៃការថែរក្សាដ៏ផ្អែមល្ហែមរបស់ព្រះ ដល់អ្នកណាដែលស្រឡាញ់ទ្រង់។

៤.ទំនាយ
វគ្គចុងក្រោយនៃគម្ពីរសញ្ញាចាស់ គឺដោះស្រាយជាមួយនឹងការព្រមានអំពើបាប ការជិតមកដល់នៃការជំនុំជំរះរបស់ព្រះ ការសន្យានៃសេចក្ដីសង្គ្រោះ និងទំនាយនៃការយាងមករបស់ព្រះគ្រីស្ទ។

v    II.ព្រះគម្ពីរសញ្ញាថ្មី
មាន៤ប្រភេទ (២៧កណ្ឌ ២៦០ជំពូក សរសេរជាភាសាក្រិក)

១.អំពីព្រះយេស៊ូវគ្រីស្ទ
ព្រះគម្ពីរ៤កណ្ឌដំបូងត្រូវបានហៅថា ព្រះគម្ពីរដំណឹងល្អ ព្រះគម្ពីរទាំងនេះបានប្រាប់អំពីកំណើត ការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ ព្រះគម្ពីរទាំងនេះបានបើកសម្ដែងឲ្យមនុស្សបួននាក់នេះ បានកត់ចុះនូវរឿងរ៉ាវជាច្រើនសម្រាប់អ្នកស្ដាប់ អ្នកអានខុសៗគ្នា ហើយមានគោលបំណងក៏ខុសគ្នាដែរ ព្រមទាំងរបៀបសរសេរក៏ខុសគ្នាទៀត គម្ពីរនីមួយៗបានបញ្ចូលនូវសាច់រឿងសំខាន់ៗនៃដំណើរជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ។

 ២.អំពីពួកជំនុំ
នៅក្នុងព្រះគម្ពីរកិច្ចការបានប្រាប់យើងអំពីរបៀប និងការរីកចម្រើននៃពួកជំនុំនៅក្នុងគម្ពីរសញ្ញាថ្មី និងជាព្រះគម្ពីរដំបូងងាយស្រួលអាន។

៣.អំពីសេចក្ដីបង្រៀន
ពួកសាវ័កដើមដំបូងបានសរសេរសំបុត្រជាច្រើនផ្ញើទៅកាន់ពួកជំនុំ សម្រាប់ជាសេចក្ដីបង្រៀនគោលលទ្ធិនៃការរស់នៅជាជីវិតគ្រីស្ទបរិស័ទ។

៤.អំពីទំនាយ
ព្រះគម្ពីរវិវរណៈជាគម្ពីរចុងក្រោយ ដែលសម្ដែងពីទីសម្គាល់ចុងក្រោយនៃគម្ពីរដំណឹងល្អគ្រីស្ទបរិស័ទ និយាយអំពីរូបភាពយ៉ាងស្អាតនៅស្ថានសួគ៌ និងផែនដីថ្មី ដែលព្រះនឹងតាំងឡើងនៅពេលដែលព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត។
➥រៀបរៀងដោយ ឈិន ចណ្ឌី
រក្សាសិទ្ធក្នុងការកែប្រែ និង មិនត្រូវយកទៅផ្សព្វផ្សាយបន្តដោយគ្នានការអនុញាតិឡើយ
Email; chandychhin5555@gmail.com

                          ឯកសារពិគ្រោះ
១.សាស្រ្តាចារ្យ Darryl S.Record,M.A. Christian Apologetics, និស្សិត ហួន គឹមសុង ព្រះគម្ពីរ៦៦ក័ណ្ឌ  វិទ្យាស្ថានទេវវិទ្យា ព្រេសប៊ីធេរានកម្ពុជា
២.ព្រះគម្ពីរសិក្សាសញ្ញាចាស់
៣. shalomphnompenh.com

No comments: