Saturday, June 2, 2018
តើផ្កាយជាអ្នកកំណត់ជោគវាសនារបស់អ្នកឬទេ?
នៅពេលរាត្រីដែលមានមេឃស្រឡះ បើយើងសង្កេតមើលទៅលើមេឃ យើងនឹងឃើញដួងផ្កាយរាប់ពាន់ដែលកំពុងបញ្ចេញពន្លឺព្រិចៗដូចពេជ្រច្នៃក្នុងលំហអាកាស។ គ្រាន់តែ៣៥០ឆ្នាំមុននេះ មនុស្សចាប់ផ្ដើមដឹងអំពីទំហំដ៏ធំសម្បើមរបស់ផ្កាយនិងចម្ងាយរបស់វា។ យើងក៏ទើបតែចាប់ផ្ដើមដឹងអំពីថាមពលដ៏ខ្លាំងក្លាដែលមានក្នុងសកលលោកដ៏អស្ចារ្យរបស់យើងដែរ។កាលពីសម័យបុរាណ មនុស្សធ្លាប់បានសង្កេតមើលដំណើរយ៉ាងទៀងទាត់នៃភពផ្កាយផ្សេងៗក្នុងពេលរាត្រី ហើយផ្កាយក៏ធ្វើដំណើរគោចរប្ដូរទីតាំងតាមរដូវកាលដែរ។ (លោកុប្បត្ដិ ១:១៤) មនុស្សជាច្រើនមានអារម្មណ៍ដូចស្ដេចដាវីឌនៃប្រទេសអ៊ីស្រាអែលដែលរស់នៅជាង៣.០០០ឆ្នាំមុន គាត់បាន
សរសេរថា៖ «កាលណាទូលបង្គំពិចារណាមើលផ្ទៃមេឃ ជាការដែលព្រះហស្ដទ្រង់បានធ្វើ គឺទាំងខែ នឹងផ្កាយ ដែលទ្រង់បានប្រតិស្ឋានទុក នោះតើមនុស្សជាអ្វី ដែលទ្រង់នឹករឭកដល់គេ?»។—ទំនុកតម្កើង ៨:៣, ៤ប៉ុន្ដែ ទោះជាយើងដឹងឬមិនដឹងក៏ដោយ ភពផ្សេងៗ ផ្កាយនានា និងដំណើរគោចររបស់វាពិតជាកំពុងកំណត់អ្វីផ្សេងៗក្នុងជីវិតរបស់យើងមែន។ ឧទាហរណ៍ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យដែលជាផ្កាយមួយ ហើយព្រះអាទិត្យនេះអាចធ្វើឲ្យមនុស្សដឹងអំពីពេលវេលា ពោលគឺរយៈពេលក្នុងមួយថ្ងៃនិងក្នុងមួយឆ្នាំ។ ព្រះចន្ទគឺជា«ទីកំណត់រដូវ»។ (ទំនុកតម្កើង ១០៤:១៩) ចំណែកឯផ្កាយវិញ វាជាទីកំណត់ទិសដែលគួរឲ្យទុកចិត្ដ ហើយសូម្បីតែអវកាសយានិកក៏ត្រូវការវាដើម្បីសម្គាល់ទិសដែរ។ ដោយសារផ្កាយអាចជួយយើងឲ្យដឹងអំពីពេលវេលា រដូវកាល និងទិស ថែមទាំងជួយយើងឲ្យយល់ច្បាស់ជាងអំពីភាពអស្ចារ្យនៃអ្វីដែលព្រះបានបង្កើត នោះមនុស្សចង់ដឹងថា តើផ្កាយអាចជួយយើងច្រើនជាងនេះទៀតឬទេ? តើផ្កាយអាចទាយប្រាប់យើងអំពីអនាគត និងព្រមានយើងអំពីគ្រោះកាចឬទេ?
ដើមកំណើតនិងគោលបំណងនៃហោរាសាស្ដ្រ
ប្រហែលជាង៥.០០០ឆ្នាំមុន នៅតំបន់មេសូប៉ូតាមៀ មនុស្សចាប់ផ្ដើមមើលមេឃរកប្រផ្នូលដើម្បីដឹងថាពួកគេគួរធ្វើយ៉ាងណាក្នុងជីវិត។ ពួកហោរាសាស្ដ្រសម័យបុរាណបានសង្កេតមើលមេឃយ៉ាងយកចិត្ដទុកដាក់ ហើយពួកគេខំធ្វើគំនូសបញ្ជាក់អំពីវិថីគោចរនៃភពផ្កាយនានា និងទីតាំងផ្កាយផ្សេងៗ។ ពួកគេក៏បានព្យាយាមបង្កើតប្រតិទិន និងទាយប្រាប់អំពីពេលវេលានៃសូរ្យគ្រាសឬចន្ទគ្រាសដែរ ហើយការស្រាវជ្រាវទាំងអស់នេះ បានបង្កើតឲ្យមានក្បួនតារាសាស្ដ្រ។ ប៉ុន្ដែ ហោរាសាស្ដ្រមិនគ្រាន់តែជាការសង្កេតមើលឥទ្ធិពលនៃព្រះអាទិត្យ និងព្រះចន្ទក្នុងធម្មជាតិប៉ុណ្ណោះទេ តែហោរាសាស្ដ្រក៏ខំបញ្ជាក់ដែរថា ជួរ និងទីតាំងរបស់ព្រះអាទិត្យ ព្រះចន្ទ ភព ផ្កាយ និងកញ្ចុំផ្កាយកំពុងកំណត់ព្រឹត្ដិការណ៍សំខាន់ៗនៅផែនដី ព្រមទាំងកំណត់ជោគវាសនារបស់មនុស្សម្នាក់ៗទៀតផង។ តើកំណត់តាមរបៀបណា?ពួកហោរាសាស្ដ្រខ្លះចាត់ទុកការមើលភពផ្កាយជាវិធីដើម្បីដឹងទុកជាមុនអំពីហេតុការណ៍ល្អឬអាក្រក់ដែលនឹងកើតឡើងនៅអនាគត ហើយដោយដឹងអំពីព័ត៌មាននោះ ពួកគេអាចយកទៅប្រើដើម្បីបានប្រយោជន៍ផ្សេងៗ។ ពួកហោរាសាស្ដ្រឯទៀតគិតថា ក្បួនហោរាសាស្ដ្រឲ្យពួកគេដឹងអំពីជោគវាសនារបស់មនុស្សម្នាក់ៗ ហើយជួយពួកគេឲ្យដឹងអំពីវេលាល្អក្នុងការចូលរួមឬក៏ចាប់ផ្ដើមប្រកបកិច្ចការណាមួយ។ ពួកគេជឿថា ព័ត៌មានបែបនេះត្រូវបានទទួលពីការសង្កេតមើលជួរនៃភពផ្កាយសំខាន់ៗ និងការ«គន់គូរ»ទំនាក់ទំនងរវាងផ្កាយនីមួយៗនិងផែនដី ហើយថាជោគវាសនារបស់មនុស្សម្នាក់ៗអាស្រ័យទៅលើភពផ្កាយនានាតម្រង់ជួរយ៉ាងណា ពេលដែលពួកគេកើតមក។ពួកហោរាសាស្ដ្រពីសម័យបុរាណបានគិតថា ផែនដីគឺជាចំណុចកណ្ដាលនៃសកលលោក ហើយថាភពផ្កាយនានាវិលជុំវិញផែនដីតាមគន្លងរៀងៗខ្លួនដោយមិនផ្លាស់ប្ដូរ។ ពួកគេក៏បានស្មានទៀតថា ព្រះអាទិត្យបានធ្វើដំណើរតាមគន្លងជាក់លាក់មួយកាត់ផ្កាយ និងកញ្ចុំផ្កាយនានាជារៀងរាល់ឆ្នាំ។ ពួកគេបានហៅគន្លងព្រះអាទិត្យនោះថាសូរ្យគតិ (ecliptic) ហើយពួកគេបានបែងចែកពេលវេលានោះទៅជា១២ចក្រ ឬ១២ផ្នែក។ ពួកគេដាក់ឈ្មោះផ្នែកនីមួយៗតាមកញ្ចុំផ្កាយដែលព្រះអាទិត្យធ្វើដំណើរកាត់។ នេះជាដើមកំណើតនៃរូបតំណាងចក្រទាំង១២ក្នុងចក្ររាសី។ ពួកគេបានជឿថា ក្នុងចក្រឬ«លំនៅស្ថានសួគ៌»នីមួយៗមានព្រះមួយរស់នៅ។ ក្រោយមក អ្នកវិទ្យាសាស្ដ្របានរៀនដឹងថា ព្រះអាទិត្យមិនធ្វើដំណើរជុំវិញផែនដីឡើយ តែជាផែនដីទេដែលធ្វើដំណើរជុំវិញព្រះអាទិត្យ។
ការរកឃើញនេះបានធ្វើឲ្យមនុស្សលែងចាត់ទុកហោរាសាស្ដ្រថាជាវិទ្យាសាស្ដ្រត្រឹមត្រូវទៀត។ក្រោយពីមានកំណើតហោរាសាស្ដ្រក្នុងតំបន់មេសូប៉ូតាមៀ ក្បួនហោរាសាស្ដ្របានរីករាលដាលស្ទើរគ្រប់ទីកន្លែងនៅផែនដី ហើយបានចាប់ផ្ដើមដក់ជាប់ក្នុងអរិយធម៌ស្ទើរតែទាំងអស់ដែលសំខាន់ៗក្នុងប្រវត្ដិសាស្ដ្រ។ ក្រោយពេលដែលសាសន៍ពើស៊ីបានវាយឈ្នះលើចក្រភពបាប៊ីឡូន ហោរាសាស្ដ្របានរីករាលដាលដល់ប្រទេសអេស៊ីប ក្រិច និងឥណ្ឌា។ ពីប្រទេសឥណ្ឌា អ្នកផ្សព្វផ្សាយពុទ្ធសាសនាបានយកក្បួនហោរាសាស្ដ្រនេះទៅដល់អាស៊ីកណ្ដាល ចិន ទីបេ ជប៉ុន និងអាស៊ីអាគ្នេយ៍។ យើងមិនដឹងថាក្បួនហោរាសាស្ដ្រនេះឆ្លងទៅអរិយធម៌របស់ពួកម៉ាយ៉ាតាមវិធីណាទេ តែក្នុងអរិយធម៌នោះ ពួកគេបានប្រើក្បួនហោរាសាស្ដ្រនេះយ៉ាងច្រើនតាមវិធីស្រដៀងគ្នានឹងពួកបាប៊ីឡូនដែរ។ តាមមើលទៅ ក្បួនហោរាសាស្ដ្រ«សម័យទំនើប»បានរីកចម្រើនក្នុងប្រទេសអេស៊ីបដែលនៅក្រោមអាណានិគមរបស់ក្រិច ហើយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេចក្ដីបង្រៀនខ្លះរបស់សាសនាយូដា សាសនាអ៊ីស្លាម និងគ្រិស្ដសាសនា។សូម្បីតែមុនពេលដែលប្រជាជាតិអ៊ីស្រាអែលបានត្រូវនាំទៅស្រុកបាប៊ីឡូនជាឈ្លើយសឹកនៅសតវត្សរ៍ទី៧ មុនគ.ស.ក៏ដោយ ក៏ពួកគេបានទទួលឥទ្ធិពលពីហោរាសាស្ដ្ររួចហើយ។ គម្ពីរបានរៀបរាប់អំពីយ៉ូសៀសជាស្ដេចដ៏ស្មោះត្រង់ដែលខំព្យាយាមបំបាត់ចោលនូវការជូនគ្រឿងបូជាដល់«ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី នឹងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន»។—ពង្សាវតារក្សត្រទី២ ២៣:៥
ប្រភពដើមនៃហោរាសាស្ដ្រ
ហោរាសាស្ដ្រមានមូលដ្ឋានលើព័ត៌មានដែលខុសយ៉ាងខ្លាំងស្ដីអំពីទ្រង់ទ្រាយនិងចលនានៃអ្វីៗទាំងអស់ក្នុងសកលលោក។ ហេតុនេះ ព័ត៌មាននេះពិតជាមិនមែនមកពីព្រះទេ។ ពីព្រោះទ្រឹស្ដីជាគោលរបស់ហោរាសាស្ដ្រមានមូលដ្ឋានលើអ្វីដែលមិនពិត ដូច្នេះហោរាសាស្ដ្រមិនអាចជាប្រភពព័ត៌មានដ៏ត្រឹមត្រូវស្ដីអំពីអនាគតបានឡើយ។ យើងអាចយល់រឿងនេះយ៉ាងច្បាស់ដោយពិចារណាព្រឹត្ដិការណ៍ពីរក្នុងប្រវត្ដិសាស្ដ្រដែលគួរឲ្យចាប់អារម្មណ៍។ក្នុងអំឡុងគ្រាគ្រប់គ្រងនៃស្ដេចនេប៊ូក្នេសារបស់ប្រទេសបាប៊ីឡូន ពួកអ្នកប្រាជ្ញនិងពួកហោរាសាស្ដ្រមិនអាចបកស្រាយអត្ថន័យនៃសុបិនរបស់ស្ដេចទេ។ ដានីយ៉ែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ាដែលជាព្រះពិត បានបញ្ជាក់អំពីមូលហេតុដែលពួកគេមិនអាចបកស្រាយបាន ដោយនិយាយថា៖ «សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ តែមានព្រះ១អង្គ ដែលគង់នៅស្ថានសួគ៌ ទ្រង់សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំងបាន ហើយទ្រង់បានសំដែងឲ្យព្រះករុណានេប៊ូក្នេសាបានជ្រាប ពីការដែលត្រូវកើតមកនៅថ្ងៃក្រោយ»។ (ដានីយ៉ែល ២:២៧, ២៨) ពិតមែនហើយ ដានីយ៉ែលបានពឹងផ្អែកទៅលើព្រះយេហូវ៉ាដែលជាអ្នក«សំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង» មិនមែនពឹងផ្អែកទៅលើព្រះអាទិត្យ ព្រះចន្ទ ឬក៏ផ្កាយឡើយ ហើយគាត់បានបកស្រាយសុបិននោះយ៉ាងត្រឹមត្រូវឲ្យស្ដេចយល់។—ដានីយ៉ែល ២:៣៦-៤៥ទោះជាការគន់គូរហោរាសាស្ដ្ររបស់ពួកម៉ាយ៉ាត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចស្រោចស្រង់អរិយធម៌របស់ពួកគេបានដែរ ហើយអរិយធម៌នោះបានត្រូវវិនាសសាបសូន្យក្នុងសតវត្សរ៍ទី៩ គ.ស.។ រឿងនេះមិនគ្រាន់តែបង្ហាញថា ក្បួនហោរាសាស្ដ្រជាអ្វីដែលបោកប្រាស់ និងមិនអាចទាយអំពីអ្វីៗដែលត្រឹមត្រូវប៉ុណ្ណោះទេ តែវាក៏បង្ហាញអំពីគោលបំណងពិតរបស់វាដែរ គឺរារាំងមនុស្សកុំឲ្យពឹងផ្អែកទៅលើព្រះក្នុងការស្វែងរកព័ត៌មានត្រឹមត្រូវស្ដីអំពីពេលអនាគត។ដោយសារក្បួនហោរាសាស្ដ្រមានមូលដ្ឋានលើអ្វីដែលមិនពិត នោះក៏ជួយយើងឲ្យសម្គាល់អ្នកដែលបង្កើតឲ្យមានក្បួននេះដែរ។ លោកយេស៊ូបានមានប្រសាសន៍អំពីមេកំណាចថា៖ «[មេកំណាច]មិនបាននៅជាប់នឹងសេចក្ដីពិតឡើយ ពីព្រោះសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ពេលដែលមេកំណាចភូតភរ អ្នកនោះនិយាយតាមចរិតលក្ខណៈរបស់ខ្លួន ពីព្រោះមេកំណាចជាអ្នកភូតភរក៏ជាឪពុកនៃការភូតភរទៀតផង»។ (យ៉ូហាន ៨:៤៤) មេកំណាចសាថានក្លែងខ្លួនជា«ទេវតានៃពន្លឺ» ហើយពួកវិញ្ញាណកំណាចក៏ក្លែងខ្លួនជា«អ្នកបម្រើនៃសេចក្ដីសុចរិតដែរ»។ តាមការពិត ពួកគេបំភាន់មនុស្សដោយមានបំណងចង់ឲ្យមនុស្សធ្លាក់ចូលទៅក្នុងអន្ទាក់មួយដែលជាការបោកបញ្ឆោត។ (កូរិនថូសទី២ ១១:១៤, ១៥) បណ្ដាំរបស់ព្រះបានបញ្ជាក់ថា «ការអស្ចារ្យ សញ្ញាសម្គាល់ក្លែងក្លាយ ការដែលប្រកបដោយឫទ្ធានុភាព»គឺជា«សកម្មភាពរបស់សាថាន»។—ថែស្សាឡូនិចទី២ ២:៩
ហេតុអ្វីលោកអ្នកគួរជៀសវាងពីហោរាសាស្ដ្រ?
ហោរាសាស្ដ្រមានមូលដ្ឋានទៅលើព័ត៌មានខុស ហេតុនេះហើយបានជាព្រះយេហូវ៉ាដែលជាព្រះនៃសេចក្ដីពិតស្អប់ហោរាសាស្ដ្រ។ (ទំនុកតម្កើង ៣១:៥) ដោយសារមូលហេតុនេះ គម្ពីរបានផ្ដន្ទាទោសហោរាសាស្ដ្រ ហើយដាស់តឿនមនុស្សកុំឲ្យទាក់ទងវាឲ្យសោះ។ ក្នុងចោទិយកថា ១៨:១០-១២ ព្រះបានបញ្ជាក់យ៉ាងច្បាស់ថា៖ «នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើ[ជា] . . . គ្រូទាយ គ្រូគន់គូរនក្ខត្ដឫក្ស[ហោរគន់គូរផ្កាយ] . . . គ្រូអាបធ្មប់ . . . គ្រូខាប . . . ឬគ្រូអន្ទងខ្មោចណាឡើយ។ ដ្បិតអ្នកណាដែលប្រព្រឹត្ដការទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់»។សាថាន និងពួកវិញ្ញាណកំណាចជាអំណាចដែលនៅពីក្រោយខ្នងហោរាសាស្ដ្រ។ ដូច្នេះ បើយើងមើលឬធ្វើហោរាសាស្ដ្រលេង នោះដូចជាយើងអនុញ្ញាតឲ្យពួកវាមានឥទ្ធិពលមកលើយើង។ ដូចជាការសាកលេងថ្នាំញៀនអាចធ្វើឲ្យមនុស្សម្នាក់ក្លាយជាខ្ញុំបម្រើរបស់អ្នកលក់ថ្នាំញៀន នោះការលេងហោរាសាស្ដ្រក៏អាចធ្វើឲ្យមនុស្សម្នាក់ក្លាយជាខ្ញុំបម្រើសាថានដែលជាមេបោកប្រាស់ដែរ។ ហេតុនេះហើយ ពួកអ្នកដែលស្រឡាញ់ព្រះនិងសេចក្ដីពិតត្រូវតែបដិសេធហោរាសាស្ដ្រទាំងស្រុង ហើយធ្វើតាមឱវាទក្នុងគម្ពីរដែលចែងថា៖ «ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អវិញ»។—អេម៉ុស ៥:១៥ហោរាសាស្ដ្រគឺពេញនិយមដោយសារមនុស្សចង់ដឹងយ៉ាងខ្លាំងអំពីអនាគត។ តើយើងអាចដឹងអំពីអនាគតបានទេ? បើអាចមែន តើតាមរបៀបណា? គម្ពីរប្រាប់យើងថា យើងមិនអាចដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះយើងផ្ទាល់នៅថ្ងៃស្អែក ខែក្រោយ ឬនៅឆ្នាំក្រោយបានឡើយ។ (យ៉ាកុប ៤:១៤) ទោះជាយ៉ាងនោះក៏ដោយ គម្ពីរបានទាយប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សជាតិនៅពេលអនាគតឆាប់ៗខាងមុខនេះ។ តាមរយៈគម្ពីរ យើងដឹងថាមិនយូរទៀតរាជាណាចក្ររបស់ព្រះនឹងមកដល់ដូចយើងបានអធិដ្ឋាន។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០) គម្ពីរក៏ប្រាប់យើងដែរថា ទុក្ខវេទនារបស់មនុស្សជាតិនឹងលែងមានទៀត ហើយយើងនឹងមិននឹកចាំអំពីវាទៀតឡើយ។ (អេសាយ ៦៥:១៧; ការបើកបង្ហាញ ២១:៤) ជាជាងព្រះកំណត់វាសនារបស់មនុស្សជាតិ នោះលោកកំពុងអញ្ជើញមនុស្សគ្រប់ទីកន្លែងឲ្យរៀនអំពីលោក និងអំពីអ្វីដែលលោកនឹងធ្វើសម្រាប់ពួកគេ។ ហេតុអ្វីយើងដឹង? ពីព្រោះគម្ពីរបានប្រាប់យ៉ាងច្បាស់ថា ព្រះមានបំណងប្រាថ្នាឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ ហើយមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—ធីម៉ូថេទី១ ២:៤ព្រះមិនបានបង្កើតផ្ទៃមេឃដ៏ស្រស់ស្អាត និងអ្វីៗដែលនៅលើមេឃដើម្បីកំណត់ជោគវាសនារបស់យើងទេ។ ផ្ទុយទៅវិញ អ្វីៗទាំងនោះបង្ហាញអំពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា និងឋានៈរបស់លោកជាព្រះ។ (រ៉ូម ១:២០) អ្វីៗទាំងនោះអាចជំរុញយើងឲ្យបដិសេធសេចក្ដីបង្រៀនមិនពិត ហើយស្វែងរកជំនួយពីព្រះនិងពីគម្ពីរដែលជាបណ្ដាំរបស់លោក សម្រាប់ការណែនាំដែលអាចទុកចិត្ដបាន និងមានប្រយោជន៍ចំពោះជីវិតយើង។ គម្ពីរបានចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។—សុភាសិត ៣:៥, ៦។
ប្រភពៈ
https://wol.jw.org/km/wol/d/r124/lp-cb/2010406
Subscribe to:
Post Comments (Atom)
No comments:
Post a Comment