Tuesday, August 20, 2019
តើចេនឡាបែកបាក់ឬមិនបែកបាក់? ចូរបង្ហាញព័ស្តុតាង។
នៅក្នុងការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរនៅសម័យចេនឡាគឺនៅមានភាពមិនទាន់មានការចុះសម្រុងគ្នានៅឡើយអំពីបញ្ហាប្រវត្តិសាស្ត្រនៃចេនឡាទឹក និងចេនឡាដីគោក ។ មានទស្សនៈខ្លះបានគិតថាចេនឡាបានបែកបាក់គ្នាជាពីរ ហើយបាននាំឲ្យជ្វាមកឈ្លានពានគ្រប់គ្រងរហូតដល់ព្រះបាទជ័យវរ្ម័នទី២ដែលជ្វាបានកៀរយកទៅយាងមកពីជ្វាវិញហើយបានធ្វើការបង្រួបបង្រួមនគរទាំងពីររំដោះប្រទេសពីជ្វាហើយកសាងអាណាចក្រអង្គរនៅឆ្នាំ៨០២ ។
ចំណែកឯទស្សនៈមួយទៀតបានលើកឡើងថាចេនឡាពុំបានបែកបាក់គ្នានោះទេ ។ នគរខ្មែរនាពេលនោះបានចែកជានគរតូចៗដោយមួយស្ថិតនៅខាងក្រោមជួរភ្នំដងរែកទៅទល់និងសមុទ្រគឺចេនឡាទឹកជាដីដែលមានជីជាតិសម្រាប់កសិកម្មដែលធ្វើឲ្យមានការរីកចម្រើន ជាងចេនឡាគោកស្ថិតនៅខាងជើងភ្នំដងរែកដែលដីពុំសូវមានជីជាតិ ។ ទាំងចេនឡាដីគោក និងចេនឡាទឹកបានបង្រួបបង្រួមក្រោមអំណាចស្ដេចដែលខ្លាំងជាងគេហើយក៏បង្កើតអាណាចក្រអង្គរឡើង ។ដើម្បីឲ្យមានភាពងាយស្រួលយើងលើកយកបញ្ហាជាផ្នែកមកធ្វើការស្វែងយល់អំពីទស្សនៈទាំងពីរខាងលើដោយសិក្សាទៅលើហេតុដែលនាំឲ្យមានទស្សនៈ ចេនឡាបែកបាក់, វត្តមានរបស់ព្រះបាទជ័យវរ្ម័នទី២ និងទំនាក់ទំនងចេនឡាជាមួយជ្វានាសតវត្សទី៧ និងទី៨ ។ នៅក្នុងឯកសារចិនរបស់លោកម៉ាទួនលីនដែលបានសរសេរអំពីប្រវត្តិសាស្ត្រកម្ពុជានាសម័យចេនឡាលោកបានអំពីចេនឡាទឹក និងចេនឡាគោក ។ លោកបានសរសេរនៅក្នុងទំព័រទី៤៨៣អំលុងឆ្នាំ៧០៥-៧០៧ ថាប្រទេសចែកជាពីរ ដោយមួយផ្នែកនៅខាងជើងជាដីភ្នំ និងជ្រលងភ្នំហៅថា "ចេនឡាដីគោក" មួយផ្នែកទៀតនៅខាងត្បូងព័ទ្ធដោយសមុទ្រ និងបឹងហៅថា "ចេនឡាទឹក" ។ បើយើងពិនិត្យឲ្យច្បាស់ទៅនោះ វាគ្មានហេតុផលទាល់តែសោះ ដែលបង្ហាញពីការបែកបាក់របស់ចេនឡាដោយសារសង្គ្រាមណាមួយ លោកម៉ាទួនលីនគ្រាន់តែចង់ធ្វើការបញ្ជាក់ពីទីតាំងភូមិសាស្ត្រប៉ុណ្ណោះ ។ ដូចដែលបានដឹងរួចទៅហើយថា ជនជាតិខ្មែររស់នៅគ្រប់ទីកន្លែងក្នុងឧបទ្វីបឥណ្ឌូចិន តាំងពីសម័យបុរេប្រវត្តិមកម្លេះ ហើយបានវិវត្តពីដំណាក់កាលមួយទៅដំណាក់កាលមួយទៅតាមបម្រែបម្រួលនៃសង្គម ។ ការវិវត្តនេះបានធ្វើឲ្យមានការបង្រួបបង្រួមរហូតក្លាយជារដ្ឋដែលមានរដ្ឋហ្វូណនជាដើម និងមានរដ្ឋខ្មែរតូចៗជាច្រើនក៏បានកើតមានផងដែរ ហើយការរីកចម្រើននៃរដ្ឋនិមួយៗគឺវាអាស្រ័យទៅលើភូមិសាស្ត្រដែលធម្មជាតិផ្ដល់ និងនយោបាយរបស់មេដឹកនាំ ។ អាស្រ័យហេតុនេះទើបខ្មែរភាគខាងត្បូងមានការលូតលាស់ ជាងខ្មែរភាគខាងជើង ហើយឈានដល់ការរួបរួមមួយដោយចេញពីតំបន់រីកចម្រើនខាងត្បូងឆ្ពោះទៅខាងជើង និងក្លាយជាអាណាចក្ររួបរួមគ្នាមួយកើតឡើង ។ ហេតុខាងលើទាំងអស់បានបញ្ជាក់អំពីការមិនបានបែកបាក់នៃចេនឡា និងបង្ហាញពីការបង្រួបបង្រួមជាតិទៅវិញ ។ ព្រះបាទជ័យវរ្ម័នទី២គឺជាវីរបុរសបង្រួបបង្រួមជាតិ នាសម័យចេនឡាឲ្យក្លាយជាអាណាចក្រមួយដ៏ត្រចះត្រចង់គឺអាណាចក្រអង្គរ ។ ប៉ុន្តែយើងនៅមានភាពមិនទាន់ច្បាស់ពីវត្តមានរបស់ទ្រង់ថាទ្រង់ត្រូវបានជ្វាចាប់យកទៅហើយត្រលប់មករំដោះជាតិពីជ្វាវិញ ឬក៏ទ្រង់ជាស្ដេចមួយអង្គដែលបានសោយរាជ្យរួចទៅហើយនៅតំបន់ណាមួយនែចេនឡាមុននិងរួបរួមជាតិ ។ នៅក្នុងសិលាចារឹកជាច្រើនបានលើកឡើងដោយលោក ម៉ាយឃឺលវ៉ិចឃ័រី ដែលជាភស្តុតាងបង្ហាញពីការមិនយល់ស្របចំពោះទស្សនៈថាព្រះបាទជ័យវរ្ម័នទី២ ត្រូវបានជ្វាចាប់យកទៅ ។ នៅលើសិលាចារឹកពុំបានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ជ័យវរ្ម័នមួយណាឲ្យបានច្បាស់លាស់នោះទេ ។ ប៉ុន្តែគេឃើញមានព្រះបាទជ័យវរ្ម័នទី១ (៦៥៦ ៦៨១) ជាបិតាព្រះនាងជ័យទេវី (៧១៣ ៧៤៣?) ។ មុននិងឈានដល់រាជជ័យវរ្ម័នស្ទួន (ហៅដោយលោក ម៉ាយឃឺលវ៉ិចឃ័រី) គឺជារជ្ជកាលព្រះបាទភវវរ្ម័នទី៣(៧៤៣ ៧៩០) ។ បើសិនជាជ័យវរ្ម័នស្ទួនគឺជាជ័យវរ្ម័នទី២ នោះទ្រង់ពិតជាមានអំណាចពេញលេញរួចទៅហើយក្នុងឆ្នាំ៧៩០ ។ ព្រះអង្គបានធ្វើការរួបរួមជាតិអស់រយៈពេល១២ឆ្នាំគឺវាសមរម្យក្នុងការបង្កើតអាណាចក្រអង្គរនាឆ្នាំ៨០២ ។ វាផ្ទុយពី លោកសឺដេស បានលើកឡើងថាព្រះបាទជ័យវរ្ម័នទី២បានយាងត្រលប់មកពីជ្វាវិញនៅពេលរាជវង្សសៃលេន្ទ្រចុះខ្សោយក្នុងឆ្នាំ៨០០ មានន័យថាទ្រង់ប្រើរយៈត្រឹមតែ២ឆ្នាំប៉ុណ្ណោះក្នុងការរួបរួមឲ្យក្លាយជាអាណាចក្រអង្គរដ៏ធំនាឆ្នាំ៨០២ ដែលវាមិនសមស្របទាល់តែសោះ ។ នៅក្នុងសិលាចារឹកមួយដែលបានចារឹកអំពីគ្រួសារស្ដេចត្រាញ់នៅអនិន្ទិតបុរៈ ដែលមានទីតាំងនៅចន្លោះខេត្តកំពង់ចាម និងខេត្តកំពង់ធំ បានផ្ដើមមានទំនាក់ទំនងជាមួយរាជវង្សកណ្ដាលនៅសម្ភបុរៈ(ចេនឡា) ដែលអាចនៅក្នុងរជ្ជកាលព្រះនាងជ័យទេវី ។ ព្រឹត្តិការណ៍នេះគឺបង្ហាញពីការបង្រួបបង្រួមរដ្ឋតូចៗមកក្នុងនគរចេនឡា មិនមែនបែកបាក់គ្នានោះឡើយ ។ក្នុងប្រវត្តិសាស្ត្រជ្វា(ឥណ្ឌូណេស៊ី) បានបង្ហាញថាជ្វាជារដ្ឋរីកចម្រើនមួយក្នុងផ្លូវសមុទ្រចាប់ពីសតវត្សទី១០ គឺក្នុងសម័យអង្គរ ដូច្នោះជ្វាគ្មានលទ្ធភាពយកជោគជ័យលើអាណាចក្រអង្គរដែលកំពុងតែរីកចម្រើនយ៉ាងខ្លាំងនោះបានណាស់ ។ នៅក្នុងការសិក្សាអំពីជ្វានិងកម្ពុជារបស់លោកសឺដេស គាត់បានសង្កត់ធ្ងន់ទៅលើរាជវង្សមួយដែលរីកចម្រើននាដើមសតវត្សទី៨ ហើយបានចុះខ្សោយនាចុងសតវត្សទី៨ គឺរាជវង្សសៃលេន្ទ្រ ។ លោកក៏បានយល់ច្រឡំផងដែរដោយគិតថារាជវង្សនេះជារាជវង្សហ្វូណនដែលភៀសខ្លួនទៅជ្វា ហើយវាយលុកចេនឡាជាការសងសឹក ។ ម្យ៉ាងទៀតរដ្ឋជ្វាពុំបានធ្លាក់ចុះនោះទេគឺរីកចម្រើនកាន់តែខ្លាំងក្នុងសតវត្សទី១០ ដោយបានផ្លាស់រាជធានីពីតំបន់កណ្ដាលមកកាន់ឆ្នេរខាងកើតវិញ និងចាប់ផ្ដើមមានឥទ្ធិពលខ្លះលើដីគោក ហើយពឹងផ្អែកទៅលើពាណិជ្ជកម្មសមុទ្រដោយមានទំនាក់ទំនងជាមួយខ្មែរផងដែរ ដូចនេះជ្វាគ្មានហេតុផលអ្វីដើម្បីវាយលុកកម្ពុជានោះទេ ។ នៅក្នុងសិលាចារឹកស្តុកកោះធំបានតម្លៃជាខ្លាំងដល់ជ្វា ដែលអាចដោយសារតែអំណាចអន្តរជាតិខ្លាំងរបស់ជ្វា ។ រឿងជ្វានេះអាចជាប្រលោមលោកមួយដែលគេប្រឌិតឡើង ស្របនឹងពិធីទេវរាជរបស់ព្រះបាទជ័យវរ្ម័នទី២ដែលប្រារព្ធឡើងដើម្បីការពារប្រទេសកុំឲ្យជាចំណុះគេ ។ សិលាចារឹកបានសរសេរថាកម្ពុជាអាចធ្លាក់ក្នុងអំណាចជ្វាបានទេ ព្រោះស្ថាបនិកសន្តតិវង្សនេះ គឺព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីដើម្បីការពារប្រទេសមិនឲ្យជាចំណុះគេ ។ ក្រៅពីសិលាចារឹកស្តុកកោះធំ នៅមានសិលាចារឹកមួយក្នុងសតវត្សទី១០ បានចារឹកថាព្រះអង្គបានប្រារព្ធពិធីសាសនាដ៏ធំមួយ ដើម្បីរក្សាប្រទេសឲ្យមានឯករាជ្យមិនស្ថិតក្រោមការត្រួតត្រារបស់ជ្វា ។ផ្អែកទៅលើការបកស្រាយខាងលើនេះបង្ហាញចេនឡាពុំមានការបែកបាក់គ្នាដោយសង្គ្រាមណាមួយនោះទេ ។ ពាក្យចេនឡាទឹក និងចេនឡាគោក គឺអាចគ្រាន់តែជាពាក្យសម្គាល់ភូមិសាស្ត្រពីរផ្សេងគ្នារបស់ចេនឡាតែប៉ុណ្ណោះ ។ យើងអាចសន្និដ្ឋានបានផងដែរថាចេនឡាទាំងពីរគឺជានគរខ្មែរពីរដែលកើតចេញពីការវិវត្តនៃសង្គមនាសម័យនោះ ដោយកើតចេញពីការរួបរួមរដ្ឋតូចៗ ហើយមានការរីកលូតលាស់ខុសគ្នាដោយសារតែកត្តាភូមិសាស្ត្រ និងនយោបាយរបស់រដ្ឋ ។ សិលាចារឹក ដែលលោកម៉ាយឃឺសវ៉ិចឃ័រី រឹតតែបានបញ្ជាក់ពីការបង្រួបបង្រួមគ្នានៅសម័យនោះទៅទៀត ។ តាមការសិក្សាទៅលើប្រវត្តិសាស្ត្ររបស់រដ្ឋជ្វា និងរាជវង្សសៃលេន្ទ្រ ពុំឃើញនូវហេតុផលណាមួយដែលអាចឲ្យជ្វាលុកលុយចេនឡានោះទេ ។ លោកសឺដេស គាត់បានឲ្យតម្លៃជាខ្លាំង ព្រមទាំងមានការយល់ខុសក្នុងការវិវត្តរបស់រាជវង្សសៃលេន្ទ្រ និងមានការលូតលាស់នៅក្នុងសតវត្សទី១០ក្នុងសម័យអង្គរវិញនោះទេ។ គាត់បានលើកឡើងនូវការយាងត្រលប់របស់ព្រះបាទជ័យវរ្ម័នទី២និងការបង្រួបបង្រួមអាណាចក្រអង្គរដ៏ធំរបស់ទ្រង់ក្នុងរយៈពេលខ្លីពេកដោយមានត្រឹមតែ២ឆ្នាំប៉ុណ្ណោះដែលវាមិនសមស្របឡើយ ។ ជ័យវរ្ម័នទី២ (ជ័យវរ្ម័នស្ទួន)ដែលលោកម៉ាយឃឺសវ៉ិចឃ័រីលើកឡើងនោះមានការសមរម្យជាងដោយទ្រង់មានអំណាចពេញលេញក្នុងឆ្នាំ៧៩០ ហើយចំណាយពេលអស់១២ឆ្នាំក្នុងសកម្មភាពរួបរួមជាតិនិងបង្កើតអាណាចក្រអង្គរនៅឆ្នាំ៨០២ ។ ការលើកឡើងក្នុងសិលាចារឹកស្ដុកកោះធំ គឺអាចជារឿងប្រឌិតមួយតែប៉ុណ្ណោះ ដោយសារពេលនោះគេមានទំនាក់ទំនងជាមួយជ្វាក្នុងពាណិជ្ជកម្មសមុទ្រ និងឥទ្ធិពលអំណាចអន្តរជាតិរបស់ជ្វា តែប៉ុណ្ណោះ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment