Copyright © 2019 ឈិន ចណ្ឌី| All Rights Reserve.

Friday, August 16, 2019

តើទីក្រុងវ្យាធបុរស្ថិតនៅខេត្តតាកែវឬខេត្តព្រៃវែង?


      វ្យាធបុរជារាជធានីរបស់អាណាចក្រភ្នំ ភាសាសំស្រ្កឹតហៅថា «វ្យាធបុៈរ»មានន័យថា វាយ កាប់ ចាក់ ទះ តប ដំ ឯភាសាខ្មែរបុរាណថា «ទិកមុក» គឺបានសេចក្ដីថា ចាក់ដោយលំពែង និងភាសាចិន «តូមូ»។
ក-ទីក្រុងវ្យាធបុរស្ថិតនៅខេត្តព្រៃវែងព្រោះ៖
១-លោកហ្សក សឺដេស ថាពាក្យ«តូមូ_ទិកមុក» គួរតែចិនត្រាប់តាមពាក្យខ្មែរថា «ទល្មាក់» ក្លាយមកពីពាក្យ «ទ្មាក់_អ្នកទាក់» ចេញពីកិរិយាស័ព្ទដើម «ទាក់»។ ដោយល្បែងសំខាន់របស់ស្ដេចខ្មែរសម័យបុរាណគឺការទាក់ដំរី នៅខេត្តព្រៃវែងមានស្ថាននាមជាច្រើនទាក់ទង់នឹងដំរីដូចជា ព្រៃដំរី ក្បាលដំរី ដំរីស្អុយ រោងដំរីជាដើម។

២-សិលាចារឹកវត្តចក្រែត នៅសតវត្សរ៍ទី១០ ដែលតាំងនៅជិតជើងភ្នំ បាភ្នំបានពណ៌នាអំពីការ«ប្រតិស្ថានព្រះសិវលិង្គឈ្មោះវ្យាធបុរេស្វរៈ»នៅលើកំពូលភ្នំមួយ។ ម្យ៉ាងទៀតរបាយការណ៍អ្នកស្រាវជ្រាវខាងបុរាណវិទ្យាបានបង្ហាញថា នៅមានប្រាសាទមួយធ្វើអំពីឥដ្ឋដែលខូចខាតអស់នៅសល់តែខឿនមានទីតាំងនៅគោកខ្សាច់ជើងភ្នំនោះឯង។
៣-ភិក្ខុប៉ាងខាត់បានសរសេរថា រាជធានីវ្យាធបុរតាំងនៅតំបន់បាភ្នំ ទំនងនៅភ្នំខ្សាច់បច្ចុប្បន្ននេះ ព្រោះបានគេរកឃើញបុរាណដ្ឋាន និងបុរាណទេវរូបជាច្រើននៅទីនោះ។
ខ-ទីក្រុងវ្យាធបុរស្ថិតនៅខេត្តតាកែវព្រោះមានព័ស្ដុតាងជាច្រើន
១-សិលាចារឹកបន្ទាយប្រាវ K.222 ស.វទី១១ បានផ្ដល់ព័ត៌មានអំពីមន្ត្រីម្នាក់នៅស្រុកវ្រៃក្របាសនៃវ្យាធបុរគឺ «លោញវ្រៃក្របាសវ្យាធបុរ» មានន័យថា លោញនៃស្រុកព្រៃក្របាសក្នុងដែនដីវ្យាធបុរ។
២-នៅស.វទី១៧ ឯកសារទាក់ទងតំបន់អង្គរបុីថា ព្រៃក្របាសនគរាជធិបតី គឺព្រៃក្របាសនៃរាជធានីធំជាងគេ។
៣-លោក ល្វី ម៉ាឡឺរី បានធ្វើកំណាយក្នុងដែនដីសណ្ដរទន្លេមេគង្គបានរកឃើញរមណីដ្ឋានអូកែវនេះ លោកចាត់ទុកថាវាជាកំពង់ផែធំរបស់ហ្វូណាន ព្រោះនៅទីនោះគេជីករកឃើញខឿនសំណង់ផ្សេងៗខ្លះមកពីចក្រភពរ៉ូម ឥណ្ឌា ធ្វើពីថ្មរំលីង។ ហេតុនេះបានជាគេចាត់ទុក អូកែវនេះជារាជធានីរបស់ហ្វូណាន។
៤-លោក ហ្សង់ ប័រលីយេ រាជធានីអូកែវស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេណាមព្រោះនៅទីនោះបានរកឃើញរូបខ្លះធ្វើពីឥដ្ឋ។
៥-តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យបុរាណវិទ្យានិងហាវៃ(សហរដ្ឋអាមេរិ) នៅឆ្នាំ១៩៩៣ រកឃើញថា ទីក្រុងវ្យាធបុរស្ថិតនៅស្រុកអង្គរបុរី ខេត្តតាកែវ ហើយមានឈ្មោះជាភាសាបុរាណថា«ទិកមុក»។
៦-នៅឆ្នាំ១៩៩៦ ការសិក្សាបុរាណវិទ្យា នៅលើទីតាំងបាភ្នំនិងអង្គរបុរី(សហការពី ជប៉ុន អាមេរិក ខ្មែរ) ធ្វើកំណាយនៅបាភ្នំនិងការពិនិត្យរូបថតពីលើអាកាសបាននាំឱ្យគេអះអាងថា នៅបាភ្នំគ្មានព័ស្តុតាងជាអតីតទីក្រុងបែបណាមួយនោះទេ។
គ-វ្យាធបុរស្ថិតនៅអង្គរបុរីប្រសើរជាងនៅបាភ្នំព្រោះ
មានវត្ថុបុរាណសំខាន់ៗជាច្រើននៅសម័យបាភ្នំបានរកឃើញនៅអង្គរបុរីដូចជា បដិមាព្រះវិស្ណុធ្វើអំពីថ្មមានដៃ៨ នៅភ្នំដាមានកម្ពស់២,៧០ម ជារូបធំជាងគេនៅភូមិភាគអាស៊ីអាគ្នេយ៍ ពុទ្ធរូបធ្វើអំពីថ្ម ចាស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ពុទ្ធរូបនៅត្រពាំងវែងខាងត្បូងខេត្តព្រះត្រពាំងមានរចនាបថបែបភ្នំដា នៅបុរាណដ្ឋានអូកែវ មានពុទ្ធរូបបុរាណធ្វើពីសំរឹទ្ធច្រើនរចនាតាមបែប គន្ធារៈ និងអមរាវតី ការថតរូបតាមផ្កាយរណបបានឃើញដានកំពែងទីក្រុងបុរាណនេះ ធ្វើពីឥដ្ឋមានប្រវែងប្រមាណ ៤គ.ម ខ្លះថា ៦គ.ម ហើយមានគូទឹកព័ទ្ធជុំវិញ។
បច្ចុប្បន្នប្រវត្តិវិទូខ្មែរសន្និដ្ឋានថា ទីក្រុងវ្យាធបុរមានជើងចេះដើរ ផ្លាស់ទីតាំងទៅតាមព្រះរាជា។
សង្ខេប ឈិន ចណ្ឌី

No comments: