Friday, August 23, 2019
កំណាព្យ «និរាសប្រស្នាបុប្ផាក្រវ៉ាន» និពន្ធដោយ ឈិន ចណ្ឌី
១. ពេលបានជួបភក្ត្រ ទាក់ចិត្តនេត្រា
រីកស្រស់ដូចផ្កា បុប្ផាក្រវ៉ាន់
មើលទៅវង់ភក្ត្រ មូលដូចវង់ចន្ទ្រ
ពិដោរសាយក្លិន សុបិនកវី។
២. ចិត្តរៀមលង់លក់ ឈ្លក់សម្រស់ស្រី
ចរិយាចរណៃ ល្អគួរបេតី
ដូចផ្កាក្រពុំ កំពុងពេញវ័យ
នៅក្នុងលោកិយ៍ រកស្រីផ្ទឹមគ្មាន។
៣. ផ្កាមានស្រទាប ដុះជាប់នឹងមែក
ក្រវ៉ាន់ចម្លែក ល្អប្លែករកគ្មាន
ក្រវ៉ាន់សុបិន ល្អហួសការស្មាន
ប្រសិនបេះបាន ប្រាណអស់ទុក្ខា។
៤. រៀមគេងសុបិន បង្ហើរចិត្តស្មោះ
ជីវិតរៀមរស់ ក៏ព្រោះបុប្ផា
ក្រវ៉ាន់សុបិន សូមស្រីមេត្តា
ជួយប្រស់សង្ខារ ចិន្តាប្រឹងស្ម័គ្រ។
៥. បើបានឃើញហើយ សូមទានមេត្តា
ឆ្លើយតបរៀមរ៉ា ឱ្យច្បាស់ប្រត្យក្ស
ព្រមមិនព្រមក្ដី ស្តីកុំស្ទើរស្ទាក់
រៀមចាំវរលក្ខណ៍ ជានិច្ចនិរន្តរ។
១៣ មករា ២០១៨
@ត្មែង ឈិន ចណ្ឌី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment