Thursday, August 22, 2019
កំណាព្យខ្មែរ «ជាតិជាខ្លា»
#ជាតិជាខ្លាធំ
(ដកស្រង់ពីប្រជុំកម្រងរឿងព្រេងនិទានខ្មែរ)
-*-*-*-*-*-*-*-*-*-*-*-*-*-
១-កាព្យចុងចួនចែងតាមក្បួនសេចក្ដីប្រាប់
ថ្លែងរៀបរាប់នូវបុរាណដោយនិទាន
កម្រងព្រេងសូមអ្នកថែឲ្យរស់រាន
ជាធនធានមានជីវិតនៅអង្វែង។
២-អង្គាបុស្បសូមចែងជាពាក្យសរសេរ
ចារសំនេរត្រិះរិះរេចងចាត់ចែង
តាមតម្រាមានកត់ត្រាទុកជាក់ស្ដែង
បើខ្លីវែងស្ដីស្ដែងសូមមិត្តប្រណី។
៣-កាលព្រេងនាយគេនិយាយតំណាលថា
អង្គក្សត្រាហៅថាស្ដេចគ្រងផែនដី
មានសេនា ហោរា រាស្រ្ត និង មន្រ្តី
មហេសីចម្បងស្រីល្អលើសគេ។
៤-ចតុស្ដម្ភអង្គជាធំទាំងបួននាក់
តំណាងជាក់ ទុកដាក់ស្មើព្រះកាណ៌ទ្វេ
ហោរាវិញពោរពេញដោយស្ម័គ្រស្មោះថែ
ស្មើនេត្រដែរនៅក្បែរផ្ដល់ការប្រឹក្សា។
(ចតុស្ដម្ភ:អានថា ចៈ ដុ ស្ដំ-ន-សេនាបតី)
៥-អានុភាពទ្រង់ចុះទាបខុសស្ដេចមុន
ក្សត្រទោរទន់ទ័យពេកពន់កើតសង្កា
ព្រោះតែខ្លួនមិនអាចថែដែនសីមា
វិជ្ជាការសាស្រ្តាសឹកសង្រ្គាមគ្មាន។
៦-ស្ដេចយាងចុះហើយក៏ឆ្ពោះព្រះរាជរោង
ថានិងគ្រោងចង់ចេញទៅស្វែងរករៀន
សិល្ប៍វេទមន្តទុកជាទុនការរិះធ្យាន
គ្រូបង្រៀនឲ្យទ្រង់បានកើតជឿជាក់។
៧-រីសេនាជាមន្រ្តីទាំងបួនកាយ
ទូលសុំថ្វាយមិនចង់ឆ្ងាយរួមស្មោះស្ម័គ្រ
ស្រាប់នាយហោរ៍កក្រាបស្លន់ស្លោទូលបញ្ជាក់
សូមស្នើដាក់យកខ្លួនម្នាក់ហែហមផង។
៨-មហេសីចេញស្រដីព្រះសូរសៀង
រូបព្រះនាងមិនអាចល្អៀងឆ្ងាយម្ចាស់បង
ប្រពន្ធប្ដីរូបអូនស្រីតាមគន្លង
ស្រស់នួនល្អងសុំទៅផហម្ចាស់ជីវិត។
៩-ស្រុះស្រួលគ្នាព្រះរាជាព្រមព្រៀងហើយ
មិនកន្តើយនៅយូរឡើយចាកចរពិត
ស្វែងអាចារ្យទិសាបាមោក្ខស្រេចក្នុងចិត្ត
ម្នីម្នាគិតបបួលមិត្តចេញយាត្រា ។
១០-ប្រាំពីរថ្ងៃបានដូចក្ដីព្រៀងទុកមុន
ឱនបន្ទន់ស្ម័គ្ររៀនមន្តវិជ្ជាការ
ពីអាចារ្យបាមោក្ខនោះដូចប្រាថ្នា
ចប់កាលណាក្រាបបង្គំត្រលប់វិញ។
១១-ហេតុផលកម្មបានទាញនាំវង្វេងព្រៃ
ស្ដេចចក្រីកើតវិយោគសែនទោម្នេញ
អស់អាហារឥតក្រយាស្ដីលែងចេញ
ចង់វិលវិញទោម្នេញក្រែងជន្មក្សិណក្ស័យ។
១២-ហោរាទូល"សូមព្រះអង្គទ្រង់ឈ្វេងយល់
កុំពិភាល់នាំខ្វាយខ្វល់ហឫទ័យ
ចូរប្រើមន្តប្រែប្រាណភ្លាមរស់និងព្រៃ
រកចំណីចរឃ្មាខ្មីស្រង់ជីវ៉ា"។
១៣-យើងកាឡាក្លាយជាខ្លាធំសម្បើម
ពូកែឆ្នើមនិងដើម្បីចាប់អាហារ
សត្វម្រឹគ្គាទុកជាគ្រឿងយើងភោក្ដា
លង់លុះត្រាយាត្រារកឃើញបុរី។
១៤-ក្សត្រព្រមព្រៀងក្រោយគិតផ្ទៀងអស់សញ្ជឹង
ទ្រង់មិនដឹងគួរថ្លឹងថ្លែងបែងជាអ្វី?
ព្យគ្ឃរាជអំណាចសែនវិសេសក្រៃ
ហោរាលៃតបស្ដីថ្វាយក៏ច្បាស់ៗ។
១៥-ធ្វើកន្ទុយតំរុយខាងស្វះស្វែងរក
បន្ទាប់មកចតុស្ដម្ភទូលថ្វាយម្ចាស់
ធ្វើជើងបួនសែនមាំមួនយ៉ាងក្រៃក្រាស់
រត់បោលផ្លាស់ទីបំលាស់ដោយឫទ្ធា។
១៦-រីរូបកាយបង្គំថ្វាយដល់ក្សត្រី
ទន់ភ្លន់ល្មៃភាពជាស្រ្តីសមសោភា
ក្បាលប្រមុខសូមទុកថ្វាយអង្គរាជា
ស្រេចស្រួលគ្នាក៏ម្នីម្នាប្រែកាយខ្មី។
១៧-ដូចប្រាថ្នារូបស្ដេចខ្លាលេចធ្លោឡើង
ហត់ផ្លោះថ្កើងឫទ្ធិតម្លើងបារមី
ដេញចាប់ប្រើសឈ្លូសតាមលុះតែបានឆី
រស់និងព្រៃអស់រឭកដល់សម្បត្តិ។
១៨-សូមចប់ត្រឹមណេះឈប់ស្លេះអធិប្បាយ
កាព្យសម្រាយហាក់ចាកឆ្ងាយវែងពេកក្ដាត់
ចង់រក្សានូវកាព្យាកុំឲ្យបាត់
ទើបប្រឹងចាត់ចារចែងស្កាត់អោយញាតិជ្រាប៕
#ជូនមិត្តជាការកម្សាន្តនារសៀលថ្ងៃអាទិត្យនេះ!
សំនេរដោយៈ ផ្កាអង្គាបុស្ប
ថ្ងៃអាទិត្យ ទី ១៤ ខែ មិថុនា ឆ្នាំ២០១៥
@សូមអធ្យាស្រ័យបង ផ្កា អង្គាបុស្ប ដែលប្អូនយកមកបង្ហោះបន្តដោយពុំបានសុំការអនុញ្ញាតិពីបង។
ប្រភពដើមចុចទីនេះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment