ត្រង់ណឹងគាត់ពិភាក្សាគ្នាទៅ គាត់មានវាចាថាមនុស្សយើងទៅកាលខាងមុខ មនុស្សតូចៗណាស់ មនុស្សដល់ថ្នាក់ដាក់បង្អោងឡើងដើមត្រប់ ហើយបើមើលទៅដើមត្រប់កម្ពស់ត្រឹមចង្កេះមនុស្សសម័យ ថ្ងៃទៅមុខមិនដឹងយ៉ាងណា។ តែគាត់ជឿលើគម្ពីរចារមកដូចម្តេច គាត់មានជំនឿអីចឹង។
ត្រឹងណឹងមានសំនួរទៅលោកអ្នកចេះ អ្នកមានវិជ្ជាខ្ពង់ខ្ពស់ តើលោកយល់ន័យនិងអាចធ្វើការបកស្រាយបានទេ ចំពោះពាក្យថាមនុស្សដាក់បង្អោងឡើងដើមត្រប់? សូមបញ្ចេញទស្សនៈ ការចេះដឹង របស់លោកអ្នក។
ដំណោះស្រាយ
ខ្ញុំអ្នកនិពន្ធ អ៊ីង សំអុល មានវិជ្ជាដោះប្រស្នា បានលឺវាចាថា មនុស្សតូច មនុស្សដាក់បង្អោងឡើងដើមត្រប់ ហើយបានយកពាក្យនោះ មកគិត ពិនិត្យ ពិចារណាទៅឃើញថាៈ
ពាក្យទាំងនេះត្រូវប្រែបំបែកចេញជា៣គឺ ទី១មនុស្សតូច ទី២ដើមត្រប់ ទី៣ដាក់បង្អោងឡើងដើមត្រប់។
សូមលើកយកពាក្យមនុស្សដាក់បង្អោងឡើងដើមត្រប់ មកប្រែអោយយល់ន័យថា ការដាក់បង្អោងឡើងនោះ គឺឡើងដើមត្នោត ព្រោះបង្អោងមានតែប្ញស្សីរលាក ប្ញស្សីរលាក អ្នកឡើងដើមត្នោត តែងតែយកចងធ្វើបង្អោងឡើងដើមត្នោត ដើម្បីគាបផ្កាត្នោតត្រង់យកទឹកត្នោត។ បានសេចក្តីថា ដាក់បង្អោងឡើងដើមត្នោតបានហើយ គាបផ្កាត្រង់យកទឹកត្នោតបានហើយ អោយពិសារទឹកត្នោតអោយបានឆ្អែត។ ឃើញថាពេលពិសារទឹកត្នោត ហើយបានដឹងថាទឹកត្នោតមានរសជាតិផ្អែមឆ្ងាញ់ល្អណាស់ ហើយទឹកត្នោតនាំមកនូវកម្លាំងថាមពលខ្លាំង។ ប្រែសេចក្តីមានន័យថា អោយមានវាចាល្អផ្អែមឆ្ងាញ់ ពិរោះពិសារ ឬជាវាចាល្អត្រង់ត្រឹមត្រូវច្បាស់ពិតប្រាកដ យកជាការបាន ទោះជាពេលវេលាណាក៏ដោយ អោយប្រកាន់ច្បាប់ក្រមសីលធម៍ល្អ ប្រកបដោយការចេះដឹង ក្នុងអត្ថន័យរបស់វាចា ជាអ្នកចេះ អ្នកមានវិជ្ជាល្អធំខ្ពង់ខ្ពស់ យកប្រើការបាន។
លើកយកដើមត្រប់ មកប្រែមានន័យថា ផ្លែត្រប់តំណាងទ្រព្យសម្បត្តិ។
ប្រែសម្រួលសេចក្តី ដាក់បង្អោងឡើងដើមទ្រព្យសម្បត្តិ ឬការធ្វើដំណើរឆ្ពោះទៅរកទ្រព្យសម្បត្តិ ឬបុណ្យផល ឬបុណ្យសក្តិយស អំណាច អោយមានការប្រុងប្រយ័ត្ន ពេលកំពុងធ្វើដំណើរឡើង។ ស្មារតីត្រូវចងចាំល្អ ឬមិនធ្វេសប្រហែស ត្រង់ណាមួយបានឡើយ អោយចាំស្មារតីជាប់ជានិច្ច ទាំងការធ្វើដំណើរឡើងទៅ រហូតដល់ពេលវិលត្រឡប់មកលំនៅស្ថានវិញ ឬទៅគ្រប់ទីកន្លែងណាក៍ដោយ។
លើកយកមនុស្សតូច មកប្រែសេចក្តីមានន័យថា ជាតិជាមនុស្សទោះប្រុសឬស្រី អោយមានចិត្តតូច កុំចិត្តធំឬថ្លើមធំ ពេលធ្វើដំណើរ នោះជាការមិនល្អទេ អោយគិតខ្លាចក្រែង គ្រោះឬទុក្ខលំបាកណាមួយ ក្រែងមានកើតឡើង បណ្តាលមកពីចិត្តធំ ចិត្តលោភហួសប្រមាណ ហួសសមត្ថភាព ហួសវិជ្ជា ការចេះដឹងរបស់យើង។
មានប្រការគួរជៀសវាង ពេលធ្វើដំណើរឆ្ពោះទៅរកទ្រព្យសម្បត្តិ ឬបុណ្យផល ឬបុណ្យសក្តិយស អំណាច គួរជៀសអោយឆ្ងាយនូវ អបាយមុខ៣គឺ ស្រី ស្រា ល្បែង លេងឡេះឡោះអត់ប្រយោជន៍ផងទាំងពួង។ អោយពិនិត្យមើលមិត្តរាប់អាន មិត្តប្រុសមិត្តស្រី មិត្តបបួលដើរលេង សើចសប្បាយ ឬមិត្តនាំរកស៊ីរកបុណ្យ យសអំណាច ឬមិត្តមានវិជ្ជាល្អ មានការចេះដឹងល្អ គួររាប់អាន រាប់រកមិត្តអស់១ជីវិត។ ត្រូវចេះប្រាស្រ័យទាក់ទងមិត្តនៅជុំវិញរូបយើងអោយល្អ នោះយើង អាចឡើងទៅរកការជួយរូបយើង ឡើងរកទ្រព្យសម្បត្តិ បុណ្យផលល្អបានហើយ យើងជួយគ្រួសារ ឬសង្គមគ្រួសារបានហើយ ទើបឈានទៅជួយ សង្គមជាតិ ជួយជាតិ ព្រះពុទ្ធសាសនា ព្រះមហាក្សត្រ របស់យើង។
សូមបញ្ចប់សេចក្តីត្រឹមនេះចុះ។
📖📖ឈ្វេងយល់បន្ថែមនិងមានប្រស្នាសូមទាក់ទងតាមរយៈ៖
១.ចៅប្រស្នារាជា
https://m.facebook.com/chaobrosnareachea168/
២.IngSamOl
https://m.facebook.com/samoling168/
៣.ChaoPrasnaReacheaFan
https://m.facebook.com/rithying4351/
ដើម្បីទទួលបានដំណោះស្រាយប្រស្នាពី អ្នកនិពន្ធ អុីង សំអុល (Ing SamOl) នាមប៉ាក់កា ចៅប្រស្នារាជា សមាជិកសកម្ម សមាគមន៌អ្នកនិពន្ធខ្មែរ។
No comments:
Post a Comment